អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាប្រសូតជាមនុស្សដូចយើងខ្ញុំ ហើយបម្រើអ្នកដទៃរហូតដល់គេមើលងាយ និងធ្វើគុតផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យសុខចិត្តដាក់ខ្លួន និងដើរតាមព្រះបុត្រាព្រះអង្គជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ២,១២.១៧-២០

ពួកដែលឃុបឃិតធ្វើអំពើអាក្រក់តែងតែនិយាយគ្នាថា៖ «យើងនាំគ្នារកឧបាយកលចាប់មនុស្សសុចរិត ព្រោះគេចេះតែរំខានយើង ដោយជំទាស់នឹងកិច្ចការដែលយើងប្រព្រឹត្ត។ គេចេះតែស្តីបន្ទោសយើងថា ធ្វើខុសនឹងធម្មវិន័យ ហើយមិនគោរពតាមប្រពៃណីដូន​តា។ យើងនាំគ្នាលមើល៍! តើពាក្យរបស់គេត្រឹមត្រូវឬយ៉ាងណា? យើងនឹងពិនិត្យមើលថា តើជីវិតរបស់គេត្រូវបញ្ចប់ដោយរបៀបណា។ បើមនុស្សសុចរិតនេះពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រះអង្គមុខជាយាងមកជួយគេ ហើយរំដោះគេឱ្យរួចពីកណ្តាប់ដៃរបស់បច្ចាមិត្តជាមិនខាន។ យើងត្មះតិះដៀល និងធ្វើទារុណកម្មគេ ដើម្បីល្បងលមើលឱ្យគេឃើញថា គេមានចិត្តស្លូតបូត អត់ធ្មត់ ខន្តីដល់កម្រិត​ណា។ យើងនាំគ្នាដាក់ទោសប្រហារជីវិតគេយ៉ាងថោកទាបបំផុតទៅ! ដ្បិតគេនិយាយអះអាងថា ព្រះជាម្ចាស់នឹងយាងមកសង្គ្រោះគេ»។

ទំនុកតម្កើងលេខ ៥៤ (៥៣), ៣-៦.៧-៨ បទព្រហ្មគីតិ

ឱ! ព្រះជាម្ចាស់អើយ កុំកន្តើយសូមជួយផង
ដោយបារមីព្រះអង្គ មេត្តាទ្រង់រកយុត្តិធម៌
ឱ! ព្រះជាម្ចាស់អើយ កុំព្រងើយស្តាប់អង្វរ
សម្រែកខ្ញុំស្រែករក សូមស្តាប់មកពាក្យខ្ញុំផង
ដ្បិតមានជនបរទេស រឹងចចេសមកប៉ុនប៉ង
ប្រឆាំងខ្ញុំតែម្តង ចិត្តគេចង់ផ្តាច់ជីវិត
ព្រះម្ចាស់ទ្រង់យាងមក សង្គ្រោះយកទាំងអាណិត
រូបខ្ញុំឱ្យនៅជិត ទាំងជីវិតទ្រង់ការពារ
សូមព្រះអង្គតតាំង នឹងពួកខ្មាំងចិត្តពាធា
តាមអំពើពាលា ដែលពួកវាតែងប្រព្រឹត្ត
ទូលបង្គំនឹងដាក់ថ្វាយ យញ្ញតង្វាយអស់ពីចិត្ត
សូមឱ្យទ្រង់អាណិត ខ្ញុំថ្កើងពិតនាមព្រះអង្គ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៣,១៦-៤,៣

បងប្អូនជាទីស្រឡាញ់!
ទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្តាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ។ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ។ បន្ទាប់មក ជាប្រាជ្ញាផ្តល់សន្តិភាព មានអធ្យាស្រ័យ ទុកចិត្តគ្នា ពោរពេញដោយចិត្តមេត្តាករុណា និងបង្កើតផលល្អគ្រប់យ៉ាងឥតមានលម្អៀង ឥតមានពុតត្បុត។ អស់អ្នកកសាងសន្តិភាព តែងសាបព្រោះសន្តិភាព ហើយច្រូតយកផលជាជីវិតសុចរិត។ ការទាស់ទែងឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូនកើតមកពីអ្វី? តើមិនមែនកើតមកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នានៅក្នុងសេរីរាង្គរបស់បងប្អូនទេឬ?។ បងប្អូនមានចិត្តលោភលន់ តែមិនបានដូចប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នាក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះ​បងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ២,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ដោយគ្រីស្តទូតប្រកាសដំណឹងល្អ ព្រះជាម្ចាស់ត្រាស់ហៅយើង ឱ្យទទួលសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣០-៣៧

ព្រះយេស៊ូជាមួយក្រុមសាវ័កយាងកាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាដឹងឮឡើយ។ ព្រះអង្គបង្រៀនក្រុមសាវ័កឱ្យដឹងថា បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងទទួលព្រះជន្មដ៏រុងរឿង។ ក្រុមសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ ព្រះយេស៊ូ​និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ក្រុមសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ អ្នកណាធំជាង។ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឱ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ឱ្យមកឈរនៅកណ្តាលក្រុមសាវ័ក។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំឱ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងបម្រើអ្នកដទៃ។ សូមទ្រង់ព្រះមេត្តាប្រោសបង្វែរចិត្តគំនិតយើងខ្ញុំ ឱ្យចេះប្រព្រឹត្តតាមព្រះបញ្ជារបស់ព្រះគ្រីស្តជានិច្ចផង។ យើងខ្ញុំសូមលើក កាយ វាចា ចិត្ត ថ្វាយព្រះអង្គរួមជាមួយព្រះយេស៊ូដែលបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានវិន័យតែមួយឱ្យមនុស្សលោកកាន់ គឺឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គ ដោយស្រឡាញ់អ្នកដទៃដូចបងប្អូន។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំ សូមព្រះវិញ្ញាណ​ជួយយើងខ្ញុំឱ្យធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ ហើយឱ្យរួមរស់ជាមួយព្រះអង្គអស់កល្បជានិច្ចផង។

Facebook
Twitter
LinkedIn