អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ធម៌មេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំបម្រើព្រះអង្គដោយភ្ជាប់ចិត្តនឹងព្រះអង្គ យ៉ាងស្មោះជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៥-៩

អ្នកបម្រើរបស់ព្រះអម្ចាស់មានប្រសាសន៍ដូចតទៅ៖ «ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំងព្រះអង្គ ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ។ ពេលគេប្រមាថមើលងាយនិងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែល ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឱ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ បើនរណាចង់ប្តឹងខ្ញុំ សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! នរណាចង់ចោទប្រកាន់ សុំអញ្ជើញមកជួបខ្ញុំ។ មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្តន្ទាទោសខ្ញុំ?»។

ទំនុកតម្កើងលេខ ១១៦ (១១៤), ១-៦.៨-៩ បទព្រហ្មគីតិ

ខ្ញុំស្រឡាញ់ព្រះម្ចាស់ ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ
សំឡេងសោកទួញយំ ទទូចសុំទូលអង្វរ
ព្រះអង្គផ្ទៀងព្រះការណ៌ រាល់វេលាដោយស្មោះសរ
ខ្ញុំនឹងស្រែកអង្វរ មិនឈប់ឈរមួយជីវិត
ខ្ញុំរងទុក្ខលំបាក គ្មានស្រាន្តស្រាកទាំងភ័យភិត
មច្ចុរាជមករួបរឹត ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ
ខ្ញុំខំអង្វរស្រែក ខ្លាំងពន់ពេករកម្ចាស់ថ្លៃ
អាណិតកុំឱ្យក្ស័យ សូមប្រណីសង្គ្រោះផង
ព្រះអង្គតែងសន្តោស ប្រណីប្រោសមិនដែលហ្មង
សុចរិតយុត្តិធម៌ផង ព្រះទ័យទ្រង់មានមេត្តា
ព្រះអម្ចាស់បានជួយ អ្នកខ្សត់ឱ្យផុតវេទនា
ពេលខ្ញុំធ្លាក់គ្រាំគ្រា ព្រះម្ចាស់យាងមកសង្គ្រោះ
ព្រះអង្គបានរំដោះ ខ្ញុំផុតគ្រោះបានរស់រាន
ការពារជ្រែងទប់ប្រាណ ខ្ញុំដើរបានមិនភ័យសោះ
ខ្ញុំដើរមិនឈរឈប់ ទាំងថ្ងៃយប់នៅចំពោះ
ព្រះភក្ត្រព្រះជាម្ចាស់ នៅក្នុងភពមនុស្សលោកនេះ

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ២,១៤-១៨

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឱ្យគេទទួលការសង្គ្រោះបានឬ? ប្រសិនបើបងប្អូនប្រុសឬស្រីណាម្នាក់គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា៖ «សូមអញ្ជើញទៅដោយសុខសាន្ត សូមឱ្យបានក្តៅស្រួល សូមបរិភោគឱ្យបានឆ្អែត!» តែមិនឱ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី?។ រីឯជំនឿវិញ ក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់​តែ​ម្តង!។ ប្រសិនបើមានម្នាក់ពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលគ្មានប្រព្រឹត្តអំពើល្អឱ្យខ្ញុំមើលមើល៍» នោះខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កាឡ ៦,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ពស់មុខដោយសារតែឈើឆ្កាងរបស់ព្រះអម្ចាស់!។ ដោយសារព្រះអង្គ យើងចាត់ទុកមនុស្សលោកដូចជាជាប់ឆ្កាង។ ដោយ​សារ​ឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងយើងទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២៧-៣៦

ព្រះយេស៊ូចេញទៅជាមួយក្រុមសាវ័កតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីព។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគថា៖ «តើមនុស្សទាំងឡាយថា ខ្ញុំជានរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ត»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្តើមបង្រៀនក្រុមសាវ័កថា បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មដ៏រុងរឿង។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេដោយឥតលាក់លៀមអ្វីឡើយ។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយស្តីបន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅក្រុមសាវ័កឯទៀតៗ ហើយមានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ៎! មារសាតាំង ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។ បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្តាជន និងសាវ័ក រួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អនឹងបានជីវិតវិញ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះគ្រីស្តបានប្រៀនប្រដៅយើងខ្ញុំឱ្យសុខចិត្តបូជាជីវិតតាមព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួល កាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្តល់ជីវិត។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកណែនាំយើងខ្ញុំជានិច្ច កុំឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការដែលមិនគាប់ព្រះហឫទ័យព្រះអង្គឡើយ។

Facebook
Twitter
LinkedIn