អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤

ឈើឆ្កាងជាសញ្ញាសម្គាល់បង្ហាញពីជ័យជម្នះរបស់ព្រះគ្រីស្តលើសេចក្តីស្លាប់ និងលើចិត្តឃោរឃៅរបស់​មនុស្សលោក។ ព្រះគ្រីស្តជាអ្នកឈ្នះមារដែលជា “អម្ចាស់នៃពិភពលោកនេះ”។ ពីលើឈើឆ្កាងព្រះយេស៊ូទាក់ទាញមនុស្សទាំងអស់មកព្រះអង្គ ព្រះអង្គក៏ថ្វាយសក្ការបូជាដែលរំដោះមនុស្សលោកដែរ។ ថ្ងៃ ១៤ កញ្ញា ៣៣៥ គ្រីស្តបរិស័ទនាំគ្នាធ្វើពិធីបុណ្យឆ្លងព្រះវិហារសាងនៅលើផ្នូរព្រះយេស៊ូ គឺនៅក្បែរកន្លែងគេឆ្កាងព្រះយេស៊ូ។ ព្រះវិហារនេះមានឈ្មោះថា “ព្រះគ្រីស្តរស់ឡើងវិញ”។ តាំងពីសតវត្សទី ៤ រៀងមក គ្រីស្តបរិស័ទ នាំគ្នាធ្វើពិធីគោរពឈើឆ្កាងព្រះគ្រីស្តនៅថ្ងៃ ១៤ កញ្ញា។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១០,១៤-២២

បងប្អូនជាទីស្រឡាញ់!
ហេតុនេះ ចូរគេចឱ្យផុតពីការថ្វាយបង្គំព្រះក្លែងក្លាយ ខ្ញុំ​និយាយ​ជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកដែលចេះគិតគូរដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះដោយខ្លួនឯងផ្ទាល់ចុះ។ ពេលយើងលើកពែងនៃ​ព្រះពរឡើង ទាំងអរព្រះគុណព្រះជាម្ចាស់ យើងចូលរួមជាមួយព្រះលោហិតរបស់​ព្រះគ្រីស្ដ រីឯពេលយើងកាច់នំប័ុង យើងក៏ចូលរួមជាមួយព្រះកាយរបស់ព្រះគ្រីស្ដដែរ។ ដោយមាន​នំប័ុងតែមួយ យើងដែលមានគ្នាច្រើន ក៏រួមគ្នាជារូបកាយតែមួយដែរ ព្រោះ​យើងទាំងអស់គ្នាទទួលចំណែកពីនំប័ុងតែមួយនោះ។ សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍! អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយ​​ជាយញ្ញបូជា ក៏បានចូលរួមជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយ​នោះដែរ។ ខ្ញុំនិយាយនេះមានន័យដូម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយ​មានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ?។ ទេ! គ្មានសារសំខាន់​អ្វីទាំងអស់! ប៉ុន្ដែ អ្វីៗដែលគេសែននោះ គេសែនអារក្ខ ​គឺមិនមែនថ្វាយព្រះជាម្ចាស់​ទេ!។ ហេតុនេះហើយ បានជាខ្ញុំមិនចង់ឱ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្ខជាដាច់​​ខាត!។ បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់​ពួកអារក្ខពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុ​ជាមួយពួកអារក្ខផងបានដែរ។ ឬមួយក៏យើងចង់ឱ្យព្រះអម្ចាស់មានព្រះហប្ញទ័យ​ច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?។

ទំនុកតម្កើងលេខ ១១៦ (១១៥),១២-១៣.១៧-១៨ បទព្រហ្មគីតិ

១២ តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែល​​​​​ព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ
១៣ គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់
១៧ ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់
១៨ ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ពិតជាមានសុភង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៦,៤៣-៤៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ដើមឈើល្អ មិនដែលឱ្យផ្លែ​អាក្រក់ទេ។ រីឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើម​ឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាយជូរ​ពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងតែប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្ស​អាក្រក់ តែងតែប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួ។ ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំ​បង្ហាញប្រាប់ឱ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា គឺអ្នកនោះ​ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើ​ផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វឱ្យ​ផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំតែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកដល់ផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។

Facebook
Twitter
LinkedIn