អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៧,២៥-៣១

បងប្អូនជាទីស្រឡាញ់!
ចំពោះអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ក្នុងនាមខ្ញុំជាមនុស្សគួរឱ្យទុកចិត្ត ព្រោះ​ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាចំពោះរូបខ្ញុំ។ ខ្ញុំយល់ឃើញថា បើគ្មានគូស្រករ​ដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមាន​ភាពដូច្នេះជាការប្រសើរហើយ!។ បើបងប្អូនមានប្រពន្ធហើយ កុំលះបង់នាងឱ្យ​សោះ!។ បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។ ប៉ុន្ដែ បើបងប្អូនរៀប​ការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្តអំពើបាបឡើយ ហើយបើស្រ្ដីក្រមុំម្នាក់រៀបការ​នោះ នាងក៏គ្មានបាបអ្វីដែរ ប៉ុន្ដែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះនូវ​ទុក្ខវេទនាផ្សេងៗក្នុងជីវិតជាមិនខាន។ រីឯខ្ញុំ ខ្ញុំចង់ឱ្យបងប្អូនចៀសផុតពីទុក្ខវេទនា​ទាំងនោះ​។
បងប្អូន! ខ្ញុំសូមជម្រាបបងប្អូនថា​ ពេលកំណត់កាន់តែកៀកណាស់ទៅហើយ ។ ពីពេលនេះតទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរ​សប្បាយ អស់អ្នកដែលទិញទ្រព្យ ដូចជាមិនមែនម្ចាស់ទ្រព្យ ហើយអស់អ្នកដែល​ប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនប្រើប្រាស់សម្បត្តិលោកីយ៍នោះដែរ ដ្បិតពិភពលោកនេះប្រែប្រួលទៅ។

ទំនុកតម្កើងលេខ ៤៥ (៤៤) ,១១-១២.១៤-១៨ បទព្រហ្មគីតិ

១១ព្រះម្ចាស់ក្សត្រីយ៍អើយកុំកន្ដើយសណ្ដាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជ្យវង្សព្រះនាមអី
១២សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់
១៤ព្រះនាងគង់នៅក្នុងព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស
១៥គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា
១៦ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្រ្ដប្រជាគ្រប់ៗគ្នារីករាយក្រៃ
១៧បពិត្រព្រះមហាក្សត្រមេត្តាចាត់បុត្រថ្លាថ្លៃ
គ្រងរាជ្យដ៏ប្រពៃតពីព្រះអយ្យកោសេ្ដច
១៨ទូលបង្គំនឹងថ្លែងរំឭកចែងឥតមានភ្លេច
ព្រះនាមល្អបណ្ដាច់នាំគ្នាលើកថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៦,២០-២៦

នៅគ្រោនោះ ព្រះយេស៊ូគង់នៅវាលពង្រាប មហាជននៅជុំវិញព្រះអង្គ។ ព្រះអង្គ​ងើបព្រះភក្រ្ដទតមើលសាវ័ក ហើយមានព្រះបន្ទូល ថា៖ «អ្នករាល់គ្នាដែលជាជន​ក្រខ្សត់! អ្នកមានសុភមង្គលហើយ! ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាកំពុងតែស្រេកឃ្លាន ឥឡូវនេះ! អ្នកមានសុភមង្គលហើយ! ​ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាកំពុងតែយំសោកឥឡូវនេះអើយ! អ្នកមាន​សុភមង្គលហើយ! ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ប្រសិនបើមានគេស្អប់លែង​រាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រ​មនុស្ស អ្នករាល់គ្នាមានសុភង្គលហើយ! នៅគ្រានោះ ចូរមានអំណរសប្បាយឡើង​ ដ្បិតអ្នករាល់គ្នា ទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យារីដូច្នោះដែរ។ ចំណែកឯអ្នករាល់គ្នាដែលជា​អ្នកមានអើយ! អ្នកនឹងត្រូវវេទនាវិញ ព្រោះអ្នករាល់គ្នាបានទទួលការសម្រាល​ទុក្ខ​រួចស្រេចហើយ។​ អ្នករាល់គ្នាដែលឆ្អែតឥឡូវនេះអើយ! អ្នកនឹងត្រូវវេទនាវិញ ដ្បិត​អ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរឥឡូវនេះ​អើយ! អ្នកនឹងត្រូវវេទនាវិញ ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ! ព្រោះ​បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ»។

Facebook
Twitter
LinkedIn