សន្តអូគូស្តាំង ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកអូគូស្តាំង (៣៥៤-៤៣០) ជាសាស្ត្រាចារ្យជាតិរ៉ូម៉ាំងម្នាក់ដែលរស់នៅអាហ្វ្រិក។ លោកមានកិរិយាមារយាទខិលខូច។ សន្តីមូនិក ជាម្តាយ តែងតែអង្វរព្រះជាម្ចាស់ទាំងទឹកភ្នែកជាយូរឆ្នាំសូមឱ្យកូនប្រែចិត្តគំនិត។ ក្រោយពេលលោកប្រែចិត្តគំនិតហើយ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង។ សន្តអំប្រ័សជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ធ្វើអគ្គសញ្ញាជ្រមុជទឹកជួនលោក។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងអីប៉ូន (ក្រុងអាណាបា នៅប្រទេសស៊េរីសព្វថ្ងៃ)។ លោកយកចិត្តទុកដាក់ជួយការពារលទ្ធិជំនឿដ៏ពិតប្រាកដពីគ្រីស្តបរិស័ទដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយ។ លោកនិពន្ធសៀវភៅជាច្រើន ជាពិសេសសេចក្តីអត្ថាធិប្បាយគម្ពីរ។ ក្នុងសៀវភៅមួយមានចំណងជើងថា “ការប្រកាសធម៌មេត្តាករុណា” លោករ៉ាយរ៉ាប់ប្រវត្តិរបស់ខ្លួនក្នុងគោលបំណង លើកតម្កើងព្រះជាម្ចាស់ដែលបានណែនាំគាត់តាំងពីតូចមក។ ក្នុងសៀវភៅមួយទៀតដែលមានចំណងជើងថា “ទីក្រុងរបស់ព្រះជាម្ចាស់” លោករិះគិតពិចារណាអំពីប្រវត្តិសាស្ត្រមនុស្សលោក ទាំងបញ្ជាក់មុខងារព្រះសហគមន៍ក្នងប្រវត្តិសាស្ត្រនេះ។ លោកសរសេរជាសេចក្តីសង្ខេបនៃពាក្យទូន្មានរបស់លោកដូចតទៅ៖ “ឱ្យតែអ្នកមានចិត្តស្រឡាញ់ អ្វីៗក៏អ្នកធ្វើបានតាមចិត្ត”។ សន្តអូគូស្តាំងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងព្រះសហគមន៍។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ២ថស ៣,៦-១០.១៦-១៨
បងប្អូនអើយ! យើងសូមរំលឹកដាស់តឿនបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញឱ្យឆ្ងាយពីបងប្អូនណា ដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូនដោយឥតសណ្ដាប់ធ្នាប់នោះឡើយ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំធើ្វការហត់នឿយទំាងយប់ ទំាងថ្ងៃ កុំឱ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ត្រង់នេះ មិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឱ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែយើងធើ្វដូច្នេះ ទុកជាគំរូឱ្យបងប្អូនយកតម្រាប់តាម ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធើ្វការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទំាងអស់គ្នា!។ ពាក្យសួរសុខទុក្ខនេះ ខ្ញុំប៉ូលបានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំតែងចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។ សូមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងប្រណីសន្ដោសបងប្អូនទំាងអស់គ្នា!។
ទំនុកតម្កើងលេខ ១២៨ (១២៧),១-២.៤-៥ បទកាកគតិ
១ | អ្នកណាកោតខ្លាច | លុះតាមអំណាច | ព្រះជាអម្ចាស់ |
ដើរតាមគន្លង | ធម៌របស់ព្រះ | អ្នកនោះឥតខ្វះ | |
ពោរពេញដោយពរ | ។ | ||
២ | អ្នកនឹងបានផល | ទទួលឥតខ្វល់ | ពូនជាគំនរ |
ពីការអ្នកធើ្វ | អ្នកឥតវឹកវរ | អ្នកមានជំហរ | |
សុខសប្បាយជុំ | ។ | ||
៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | តាមក្ដីប្រាថ្នា |
ដល់អ្នកកោតខ្លាច | អំណាចចេស្ដា | បានភោគផលា | |
មិនពិបាករក | ។ | ||
៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស្ថានសួគ៌មក |
ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
ក្នុងជីវិតអ្នក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៧-៣២
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្ដែងឫកពារខាងក្រៅឱ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាមនុស្សសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញទៅមក។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យពួកព្យាការី ព្រមទំាងតុបតែងផ្នូររបស់មនុស្សសុចរិតដោយពោលថា ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ។ អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថា ជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរនំាគ្នាបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នា ឱ្យបានសម្រេចទៅ!»