អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤

លោកបែ៊រណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។  លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិទ្យាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែរ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហា ក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើន កោតសរសើរព្រះនាងម៉ារី។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ២៨,១-១០

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«កូនមនុស្សអើយ! ចូរប្រាប់ស្តេចក្រុង​ទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ អ្នកមានចិត្តព្រហើនណាស់! អ្នកហ៊ាន​ថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្តាលសមុទ្រ!”។ តាមពិត​អ្នកជាមនុស្ស​សោះ គឺមិនមែនជាព្រះ​ទេ! តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់!។ អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីអែល ហើយថា គ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកបានប្រមូលទ្រព្យសម្បតិ្ត មាស និងប្រាក់ យកមក​ទុកក្នុងឃ្លាំងរបស់ខ្លួន។ ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យ​សម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឱ្យអ្នកអួតបំប៉ោង!។ ហេតុនេះហើយ បានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ យើងនឹងនាំជនបរទេសដែលកាចសាហាវជាងគេក្នុងចំណោមប្រជាជាតិនានាមក។ ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោកព្រមទាំង​បំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។ ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្តៅ អ្នកនឹងត្រូវស្លាប់ដោយគេចាក់ទម្លុះនៅកណ្តាលសមុទ្រ។ នៅចំពោះមុខសត្រូវដែលប្រហារជីវិត​អ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្តាប់​ដៃ​​ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ អ្នកនឹងត្រូវស្លាប់ដោយដៃ​ជនបរទេស ដូចជនដែលមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើង​ប្រកាសសេចក្តីនេះហើយ!។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។

ទំនុកតម្កើងធម្មវិន័យទី២ ៣២,២៦-២៨.៣០.៣៥-៣៦ បទពាក្យ ៧

២៦ យើងនឹងបំផ្លាញឱ្យម៉ដ្ឋខៃ វិនាសក្សិណក្ស័យពីផែនដី
កុំឱ្យសល់ម្នាក់ទោះប្រុសស្រី កុំឱ្យអ្នកណានឹកឃើញឡើយ
២៧ តែម្យ៉ាងនឹកខ្លាចខ្មាំងសត្រូវ យល់ឃើញខុសផ្លូវមិនកន្តើយ
បែរមើលងាយយើងធ្វើព្រងើយ ហើយវាពោលថាពួកវាខ្លាំង
វាថាវាប្រើពលវាផ្ទាល់ វាយឈ្នះបានផលក្នុងចំបាំង
គ្មានព្រះឯណាជួយតតាំង ប្រគល់ពួកនេះឱ្យវាទេ
២៨ ជនជាតិអ៊ីស្រាអែលវង្វេង ស្មារតីភាន់ភាំងពីបុពេ្វ
មោហ៍បាំងបិទជិតដើររារេ មិនអាចយល់ទេច្រឡំភ័ន្ត
៣០ បើខ្មាំងតែម្នាក់ដេញកម្ចាត់ អ៊ីស្រាអែលរត់បោលវាល់ពាន់
បើខ្មាំងពីរនាក់មកជិះជាន់ អ៊ីស្រាអែលម៉ឺននាក់ផាសក្រញាំ
នេះមកពីដុំសិលាការ ពារពួកគេថាលក់ប្រចាំ
សិលាបញ្ជូនឈប់ថែទាំ ឱ្យខ្មាំងចិញ្រ្ចាំតាមចិត្តគេ
៣៥ តែព្រះអង្គមានការសម្ងាត់ ទ្រង់នឹងកម្ចាត់ខ្មាំងរិះរេ
ខ្មាំងត្រូវអន្តរាយស្លាប់ដាសដេរ មានទុក្ខត្រូវវេទនាក្រៃ
៣៦ ដ្បិតព្រះអម្ចាស់ទ្រង់អាសូរ ប្រជាជនថ្ងូរទ្រង់វិនិច្ឆ័យ
អាណិតបម្រើមិនឱ្យក្ស័យ ទោះមានទោសពៃរ៍ទ្រង់សន្តោស

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើនទ្រង់ដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,២៣-៣០

ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នា​ទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃ​ស្ថាន​បរមសុខទៅ​ទៀត»។ កាលក្រុមសាវ័កឮដូច្នេះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖«បើដូច្នេះ តើអ្នក​ណានឹងអាចទទួលការសង្រ្គោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖​«ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយក៏ព្រះអង្គធ្វើកើតទាំងអស់»។ ពេលនោះ លោកសិលាទូលព្រះអង្គថា៖«ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំលះ​បង់អ្វីៗទាំងអស់ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូ​​មានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភព​ថ្មី ពេលបុត្រមនុស្សគង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង​ អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរដែរ ហើយគ្រប់គ្រងលើ​កុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូនចៅ ឬស្រែចម្ការព្រោះតែខ្ញុំ អ្នកនោះនឹងទទួលវិញមួយជាមួយរយ ព្រមទាំងមាន​ជីវិតអស់កល្បជានិច្ចថែមទៀតផង។ មានមនុស្សជាច្រើនដែលនៅខាងមុខនឹងបែរជា​ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខវិញ»។​

Facebook
Twitter
LinkedIn