អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤

ក្រោយពីអស់លោកអភិបាលប្រជុំគ្នានៅមហាសន្និបាតក្រុងអេភេសូ​ (៤៣១) បានបញ្ជាក់ថា ព្រះនាងម៉ារីពិតជាព្រះបិតារបស់ព្រះជាម្ចាស់មែន សម្តេចប៉ាបទី៣ សង់ព្រះវិហារមួយនៅក្រុងរ៉ូមដើម្បីគោរពព្រះនាងម៉ារី។ (ព្រះវិហារសន្តីម៉ារីដ៏ប្រសើរបំផុត)។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៨,១-១៧

នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទសេដេគីយ៉ា ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ លោកហាណានី ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូនពោលមកព្យាការីយេរេមីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ថា៖ «ព្រះ​អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូចតទៅ “យើងនឹងបំបាក់នឹមសេ្តចស្រុកបាប៊ីឡូន! ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះវិហារដែលនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូនបានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ យើងក៏នាំយេកូនីយ៉ាបុត្ររបស់យ៉ូយ៉ាគីម ជាស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មានដែលគេកៀរយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន»។ ព្យាការីយេរេមីតបទៅព្យាការី​ហាណានីនៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖ ​«សាធុ សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! ប៉ុន្តែ សូមស្តាប់សេចក្តីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូលឱ្យបានជ្រាបដូចតទៅនេះ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងអាចដឹងថា ព្រះអម្ចាស់បានចាត់ព្យាការីនោះឱ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្តដូចពាក្យគាត់ប្រកាស»។ ពេលនោះ ព្យាការីនីហាណានីដោះនឹមចេញពីស្មារបស់ព្យាការីយេរេមីមកកាច់បំបាក់ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថា ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុក​បាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការី​យេរេមីក៏ដើរចេញពីកន្លែងនោះទៅ។ បន្ទាប់ពីព្យាការីហាណានីបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមីនោះ ព្រះអម្ចាស់មាន​ព្រះបន្ទូលថា អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ព្រះអម្ចាស់នៃពិភពលោកទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងអស់ ដើម្បីបង្ក្រាបពួកគេឱ្យនៅក្រោមអំណាច​នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើ​នេប៊ូកានេសារ ហើយសូម្បីតែសត្វព្រៃក៏យើងប្រគល់ឱ្យស្តេចនោះដែរ»។ បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីថា៖«លោកហាណានីអើយ! សូមស្តាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឱ្យមកទេ! លោកនាំប្រជាជននេះឱ្យសង្ឃឹមលើពាក្យមិនពិត។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឱ្យចាកចេញពីផែនដីហើយ! ឆ្នាំនេះអ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឱ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ ព្យាការីហាណានីក៏ទទួល​មរណភាពនៅខែទីប្រាំពីរ នាឆ្នាំនោះ។

ទំនុកតម្កើងលេខ ១១៩ (១១៨),២៩.៤៣.៧៩-៨០.៩៥.១០២ បទពាក្យ ៧

២៩ សូមឱ្យខ្ញុំចៀសចាកចេញផុត ឆ្ងាយពីពាក្យភូតភរឫស្យា
សូមជួយបង្ហាញក្តីករុណា វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់
៤៣ សូមកុំបណ្តោយខ្ញុំស្រដី ពាក្យមិនប្រពៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ ការសម្រេចទ្រង់ឥតសង្ស័យ
៧៩ សូមអ្នកគោរពព្រះមកជុំ នាំគ្នារកខ្ញុំកុំបង្អង់
ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផង របស់ព្រះអង្គល្អពេកក្រៃ
៨០ សូមជួយរូបខ្ញុំឱ្យប្រព្រឹត្ត តាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ
បានល្អឥតខ្ចោះមិនក្រឡៃ រូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ
៩៥ មានមនុស្សអាក្រក់ពាលឫស្យា វាចង់ផ្តន្ទាខ្ញុំតែម្តង
តែខ្ញុំនៅតែគិតបំណង ស្វែងរកច្បាប់ទ្រង់និងវិន័យ

សូមដូរទៅជា បទកាកគតិ

១០២ ខ្ញុំមិនងាកគេច អ្វីទ្រង់សម្រេច ត្រឹមត្រូវឥតប្រែ
ដ្បិតទ្រង់ប្រដៅ ខ្ញុំរាល់ថ្ងៃខែ ខ្ញុំមិនគេចកែ
ចាកចោលទ្រង់ឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។ ទ្រង់បានប្រទានឱ្យគេបរិភោគ អាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១៣-២១

នៅពេលនោះ ព្រះយេស៊ូទទួលដំណឹងថា គេប្រហារជីវិតលោកយ៉ូហានបាទីស្ត។ ព្រះអង្គក៏យាងចុះទូកចាកចេញជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់​ឡែកពីបណ្តាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានា ដើរទៅតាម​ព្រះអង្គ។ កាលព្រះ​យេស៊ូយាងឡើងពីទូកមក ព្រះអង្គទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ក៏ប្រោសអ្នកជំងឺឱ្យ​បានជា។ ពេលថ្ងៃជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកជិតព្រះអង្គទូលថា៖«ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមបង្គាប់បណ្តាជនទាំងនេះត្រឡប់ទៅវិញ! ឱ្យគេទៅរកទិញ​អាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«មិនបាច់ឱ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកអាហារឱ្យគេបរិភោគទៅ»។ សាវ័កទូលព្រះ​អង្គថា៖«យើងខ្ញុំមាននំប័ុងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា «ចូរយកនំប័ុង និងត្រីនោះមកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្តាជនឱ្យអង្គុយលើស្មៅ ព្រះអង្គយកនំប័ុងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើប​ព្រះភក្ត្រឡើងលើ លើកតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឱ្យក្រុមសាវ័ក ក្រុមសាវ័កក៏ចែកឱ្យបណ្តាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយក្រុមសាវ័កប្រមូលនំប័ុងដែលនៅ​សល់ ដាក់បានពេញដប់ពីរល្អី។ អស់អ្នកដែល​បាន​បរិភោគនំប័ុង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗឡើយ។

Facebook
Twitter
LinkedIn