ឬសន្តីប្រ៊ីហ្សីត ជាបព្វជិតា
នាងប្រ៊ីហ្សីត (១៣០៣-១៣៧៣) កើតនៅប្រទេសហ្សូអែដ៏។ កាលនាងអាយុដប់បីឆ្នាំ ឪពុកម្តាយលើកនាងឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយបុរសអភិជនម្នាក់។ នាងបង្កើតកូនប្រាំបីនាក់។ កាលនាងអាយុសែសិបមួយឆ្នាំ ស្វាមីទទួលមរណភាព។ តាំងពីពេលនោះមកនាងមេម៉ាយ ឧស្សាហ៍អធិដ្ឋាន និងរស់នៅក្នុងភាពក្រីក្រ។ ដោយព្រះគ្រីស្តបំភ្លឺនាងឱ្យយល់អំពីទុក្ខលំបាករបស់ព្រះអង្គយ៉ាងជ្រៅបំផុត នាងយកចិត្តទុកដាក់ខិតខំសម្រុះសម្រួលស្តេច និងគ្រីស្តបរិស័ទទាំងប៉ុន្មានឱ្យឈប់ច្បាំងគ្នា នាងក៏ដាស់តឿនសម្តេចប៉ាបឱ្យចាកចេញពី ក្រុងអាវីញ៉ុង (ប្រទេសបារាំង) វិលត្រឡប់មកនៅក្រុងរ៉ូម (វ៉ាទីកង៍់)។
សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៧,១៤-១៥.១៨-២០
ឱ! ព្រះអម្ចាស់អើយ! សូមថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គរស់នៅលើទឹកដីគ្មានជីជាតិ ហើយដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែងដែលមានជីជាតិល្អ នៅស្រុកបាសាន និងស្រុកកាឡាដដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យដូចកាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ បពិត្រព្រះអម្ចាស់! តើមានព្រះណាដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ និងប្រណីសន្តោសប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ពីស្លាប់។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះត្រង់ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណាដល់កូនចៅ លោកអប្រាហាំដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំកាលពីជំនាន់ដើម។
ទំនុកតម្កើងលេខ ៨៥ (៨៤),២-៣.៥-៨ បទកាកគតិ
២ | បពិត្រព្រះម្ចាស់ | ព្រះអង្គគាប់ព្រះ | ទ័យនឹងទឹកដី |
ទ្រង់បានដឹកនាំ | ពូជពង្សប្រពៃ | យ៉ាកុបថ្លាថ្លៃ | |
ឱ្យវិលមកវិញ | ។ | ||
៣ | ព្រះអង្គលើកទោស | អស់ប្រជារាស្ត្រ | ឥតមានទោម្នេញ |
ឱ្យគេរួចបាប | មកល្អជាវិញ | ចិត្តគេពោរពេញ | |
អំណរសប្បាយ | ។ | ||
៥ | ព្រះម្ចាស់ឧត្តម | សង្គ្រោះថ្នាក់ថ្នម | បីបមត្រកង |
សូមប្រោសឱ្យខ្ញុំ | ត្រឡប់វិញផង | ហើយសូមព្រះអង្គ | |
កុំយកទោសា | ។ | ||
៦ | តើព្រះអង្គខ្ញាល់ | ពួកយើងនេះដល់ | រហូតពេលណា |
ឬទ្រង់ពិរោធ | រៀងរាល់វេលា | ឬក៏អស់ជា | |
អង្វែងតទៅ | ។ | ||
៧ | តើទ្រង់មិនបាន | យាងមកទីស្ថាន | ឱ្យខ្ញុំរស់នៅ |
មានទាំងជីវិត | សែនល្អពេកកូវ | ពីនេះតទៅ | |
អំណរសប្បាយ | ។ | ||
៨ | ឱ! ព្រះជាម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យទូលាយ |
មេត្តាករុណា | អាសូរប្រណី | មកខ្ញុំរាល់ថ្ងៃ | |
សូមសង្គ្រោះផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៤៦-៥០
នៅគ្រានោះ ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទៅកាន់មហាជន ស្រាប់តែមាតា និងបងប្អូនព្រះអង្គមកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖«ម្តាយលោក និងបងប្អូនលោកនៅខាងក្រៅចង់និយាយជាមួយលោក»។ ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖«តើនរណាជាម្តាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គលើកព្រះហស្តចង្អុលទៅពួកសាវ័កទាំងមានព្រះបន្ទូលថា៖«អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។