សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៣៨,១-៨
នៅគ្រានោះ ព្រះបាទអេសេគីយ៉ា ទ្រង់ប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយមកគាល់ព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្តែផ្តាំព្រះរាជវង្សានុវង្សឱ្យហើយទៅ ដ្បិតព្រះករុណាមិនអាចរស់រានតទៅទៀតបានទេ គឺព្រះករុណាជិតចូលទិវង្គតហើយ»។ ព្រះបាទអេសេគីយ៉ាបែរព្រះភក្ត្រទៅរកជញ្ជាំង ហើយទូលអង្វរព្រះអម្ចាស់ដូចតទៅ៖ «ឱ!ព្រះអម្ចាស់អើយ! សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គដោយចិត្តស្មោះ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទអេសេគីយ៉ាបង្ហូរជលនេត្រយ៉ាងខ្លាំង។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេសាយដូចតទៅ “ចូរវិលទៅប្រាប់ស្តេចអេសេគីយ៉ាថា ព្រះអម្ចាស់ជាព្រះរបស់ដាវីឌ ដែលជាអយ្យកោរបស់អ្នក ទ្រង់មានព្រះបន្ទូលដូចតទៅនេះ យើងបានឮពាក្យអង្វររបស់អ្នក យើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឱ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឱ្យរួចពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដែរ”។ ព្រះអម្ចាស់នឹងប្រទានទីសម្គាល់មួយ ដើម្បីឱ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់មុខជាសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺព្រះអង្គនឹងធ្វើឱ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអខាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយ ក៏ថយក្រោយវិញដប់កាំមែន។
ទំនុកតម្កើងអេសាយ ៣៨ (៣៧),១០-១២.១៤.១៧ បទពាក្យ ៧
១០ | បពិត្រព្រះម្ចាស់អើយព្រះអង្គ | ឈ្វេងយល់ចិត្តប៉ងទាំងប៉ុន្មាន | |
ទ្រង់សណ្តាប់ខ្ញុំមិនដែលខាន | សំឡេងខ្ញុំបានថ្ងូរស្រែកហៅ | ។ | |
១១ | បេះដូងទូលបង្គំផ្តើមញាប់ញ័រ | ឯកម្លាំងក៏ចុះខ្សោយទៅ | |
ភ្នែកប្រែស្រវាំងថាមិនត្រូវ | ទោះជាមើលផ្លូវក៏មិនបាន | ។ | |
១២ | មិត្តភក្ត្រទាំងអ្នកធ្លាប់ជិតស្និទ្ធ | មិនហ៊ានចូលជិតនាំរំខាន | |
ព្រោះខ្លាចដំបៅសព្វទាំងប្រាណ | ទោះញាតិសន្តានក៏គេចឆ្ងាយ | ។ | |
១៤ | ខ្ញុំធ្វើមិនឮសព្វអ្វីៗ | ទោះជិតឆ្ងាយក្តីដូចមនុស្សថ្លង់ | |
មាត់មិននិយាយចិត្តមិនចង់ | ធ្វើដូចមនុស្សល្ងង់គមិនស្តី | ។ | |
១៧ | សូមកុំបណ្តោយឱ្យពួកខ្មាំង | សប្បាយចិត្តខ្លាំងពេលខ្ញុំយំ | |
វេទនាឈឺចាប់រងទុក្ខធំ | ឬឃើញរូបខ្ញុំទន់ជើងដួល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨,៦-៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់បុត្រនៃមនុស្ស ព្រះអង្គបានតែងតាំងឱ្យលោកគ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់លោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,១-៨
មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ។ សាវ័ករបស់ព្រះអង្គឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ ពួកខាងខណៈផារីស៊ីឃើញដូច្នោះ ទូលព្រះអង្គថា៖ «សូមលោកមើលចុះ! ពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃសប្ប័ទ!»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពី ការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺទ្រង់ចូលទៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប័ុងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមធម្មវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលបរិភោគនំប័ុងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ សុទ្ធតែរំលោភលើវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ។ តើអ្នករាល់គ្នាដែលអានគម្ពីរធម្មវិន័យនោះទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា នៅទីនេះ មានម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនទាំងនេះដែលគ្មានទោសឡើយ ដ្បិតបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ។