អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី១៤ ខែកក្ដដា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង ព្រះអង្គតែងតែប្រទានពន្លឺនៃសេចក្តីពិត ឱ្យអ្នកដែលឃ្លាតចាកពីព្រះអង្គ អាចវិលត្រឡប់មករកមាគ៌ារបស់ព្រះអង្គវិញបាន។ សូមទ្រង់ព្រះមេត្តាប្រោសគ្រីស្តបរិស័ទទាំងអស់ឱ្យជ្រួតជ្រាប ព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះ និងលះបង់អ្វីៗដែលមិនសមនឹងឋានៈរបស់ខ្លួនផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ៧,១២-១៥

លោកអម៉ាស៊ីយ៉ា ជាបូជាចារ្យនៅភូមិបេតអែល ពោលមកកាន់ព្យាការីអម៉ូសថា៖ «នែ៎! អ្នកទាយឆុតអើយ ចូរចេញពីទីនេះ រត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ កុំទាយនៅបេតអែលនេះទៀតឱ្យសោះ ដ្បិតទីនេះ ជាទីសក្ការៈ និងជាវិហាររបស់ស្តេច»។ ព្យាការីអម៉ូសឆ្លើយថា៖ «កាលពីដើម ខ្ញុំពុំមែនជាព្យាការី ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ប៉ុន្តែ ព្រះអម្ចាស់បានយកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ “ទៅ! ចូរទៅថ្លែងពាក្យក្នុងនាមយើងប្រាប់អ៊ីស្រាអែល ជាប្រជាជនរបស់យើង”»។

ទំនុកតម្កើងលេខ ៨៥ (៨៤), ៩-១៤ បទកាកគតិ

យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្រ្តទ្រង់ផង
ដែលមិនលេលា
១០ ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាច ព្រះអង្គគ្រប់គ្រា សិរីមហិមា
នៅលើដីយើង
១១ ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
នៅលើលោកីយ៍
១២ សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
ចុះជួយរក្សា
១៣ ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
ចំណែកផែនដី បង្កើតផល្លា ភោគផលផ្លែផ្កា
សម្បូរមិនខ្វះ
១៤ សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡាស់
សុខសាន្តរហូត

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ១,៣-១៤ (ឬយ៉ាងខ្លី ១,៣-១០)

សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះអម្ចាស់នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉េ្លះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់ប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះគ្រីស្ត និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ ព្រះជាម្ចាស់ ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។ ព្រះអង្គបានប្រោសយើងឱ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរសដែលទ្រង់បានសម្រេចទុកជាមុន ក្នុងព្រះហឫទ័យព្រះអង្គផ្ទាល់។ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេចនៅចុងក្រោយបំផុត គឺប្រមូលអ្វីៗសព្វសារពើដែលនៅលើមេឃ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។

យើងបានទទួលចំណែកមត៌កក្នុងអង្គព្រះគ្រីស្ត ហើយព្រះជាម្ចាស់បានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តជាមុន។ ដោយរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនបានស្តាប់ព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាផងដែរ។ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះមកបញ្ចាំចិត្តយើងឱ្យដឹងថា យើងនឹងទទួលមត៌កនៅពេលព្រះអង្គលោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យបានសម្រេច ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៦

អាលេលូយ៉ា! អាលេលូយ៉ា!
គេថ្លែងព្រះបន្ទូលនៅលើផែនដីទាំងមូល ហើយគេប្រកាសដំណឹងល្អរហូតដល់ទីដាច់ស្រយាលនៃពិភពលោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៧-១៣

ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក រួចព្រះអង្គចាត់គេពីរៗនាក់ឱ្យទៅ ទាំងប្រទានឱ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឱ្យយកអ្វីទៅជាមួយក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែកុំយកអាវបន្លាស់ទៅជាមួយឱ្យសោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្តាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាសឱ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺជាច្រើននាក់ ដើម្បីប្រោសគេឱ្យបានជាសះស្បើយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយ កាយ វាចា ចិត្តរួមជាមួយនំប័ុង និងស្រានេះ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណមកញុាំងចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាតង្វាយដែលគាប់ព្រះហប្ញទ័យព្រះអង្គ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលព្រះគ្រីស្តដែលបំភ្លឺចិត្តគំនិតយើងខ្ញុំ ព្រះអង្គក៏បានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដែលលើកកម្លាំងយើងខ្ញុំទៀតផង។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចបង្កើត ផលបានច្រើន តាមព្រះហប្ញទ័យព្រះអង្គ។

Facebook
Twitter
LinkedIn