មុខងារនិងតំបន់ថ្មីក្នុងភូមិភាគភ្នំពេញ

លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសផ្លាស់ប្តូរមុខងាររបស់លោកបូជាចារ្យក្នុងភូមិភាគ បង្កើតមណ្ឌលសកម្មភាពថ្មី និងថ្នាក់ត្រៀមសម្រាប់និស្សិតទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅព្រះវិហារមាតានៃសន្តិភាពអរិយក្សត្រ ខេត្តកណ្តាល។

 

ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមឡើងនៅដើមឆ្នាំ២០២៤ខាងមុខនេះ ដោយរួមមាននៅមណ្ឌលសកម្មភាពមេគង្គ ត្រូវផ្លាស់ទៅលោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ទទួលខុសត្រូវ និង លោកបូជាចារ្យអាប្រាហាំ ឃុន។

 

រីឯមណ្ឌលសកម្មភាពកំពត-កែប ទទួលខុសត្រូវដោយលោកបូជាចារ្យ ដានីញ៉ែល យ៉ុន

និងបូជាចារ្យ ថៃ រតនៈ(ប៊ុន លី)ជាជំនួយការ។

 

មណ្ឌលសកម្មភាពតាខ្មៅ ទទួលខុសត្រូវដោយលោកបូជាចារ្យយ៉ាំងលូកា តាវ៉ូឡា និងមានលោកបូជាចារ្យអារ៉ូគីយ៉ាដុស្ស វណ្ណាថាយ៉ាន។

 

ក្នុងនោះដែរ លោកអភិបាលបានបង្កើតនូវមណ្ឌលកម្មភាពថ្មីដែលមានទីតាំងតាមបណ្តោយទន្លេមេគង្គ ដោយដាក់ឈ្មោះបណ្ដោះអាសន្នថា «ផ្លូវដ៏វិសុទ្ធ» ដែលទទួលខុសត្រូវដោយលោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាមុង

និងលោកបូជាចារ្យ វី សំណាង ជាជំនួយការ។ មណ្ឌលកម្មភាពថ្មីនេះ រួមមានព្រះសហគមន៍ ព្រះវិហារព្រះមាតានៃសន្តិភាពអរិយក្សត្រ ព្រះវិហារសិលាពោធិ៍ធំ ព្រះវិហារសន្តយ៉ូសែបក្ដីកណ្ដាល ព្រះវិហារព្រះបេះដូងព្រះយេស៊ូផ្លូវត្រី និងដីថ្មីសម្រាប់សាងសង់ទីសក្ការដ្ឋានព្រះនាងម៉ារី។

 

ក្រោយការប្រកាសនេះ នាំឲ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានមណ្ឌលសកម្មភាពសរុប ចំនួន១០កន្លែង រួមមាន កំពត-កែប ភ្នំពេញថ្មី ភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាកែវ កំពង់សោម-កោះកុង តាខ្មៅ មេគង្គ បាសាក់ និងផ្លូវដ៏វិសុទ្ធ។

 

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញគ្របដណ្តប់ខេត្តនិងរាជធានីចំនួន៨ រួមមាន ភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពត កែប និងតាកែវ។

 

ក្នុងនោះដែរ លោកអភិបាលក៏បានឲ្យដឹងទៀតថា សម្រាប់វគ្គសិក្សាថ្មីរបស់ទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ នឹងមានយុវ័នចំនួន៨នាក់បានដាក់ពាក្យស្នើសុំចូលរៀន ដែលជាវគ្គថ្នាក់ត្រៀម។ ថ្នាក់ត្រៀមនេះ ស្ថិតក្រោមការខុសត្រូវរបស់ «លោកបូជាចារ្យអ៊ុន សុន» ។ វគ្គនេះជាផ្នែកមួយដើម្បីក្លាយជានិស្សិតផ្លូវការរបស់លោកអភិបាល ដែលស្ថិតក្រោមការមើលថែទាំរបស់ទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ ដែលទទួលខុសត្រូវដោយបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ជានាយក និងលោកបូជាចារ្យវី សំណាងជាអនុប្រធាន។

 

ទេវវិទ្យាល័យ គឺជាសាលាបណ្ដុះបណ្ដាលយុវ័នកាតូលិកដែលមានបំណងចង់ថ្វាយខ្លួនទាំងស្រុងដើម្បីបម្រើព្រះជាម្ចាស់ជាអ្នកបួសអស់មួយជីវិត។ កន្លងមកមានលោកបូជាចារ្យខ្មែរចំនួន១១នាក់ហើយដែលបានបញ្ចប់ការសិក្សានៅទេវវិទ្យាល័យ ដែលមានឈ្មោះថា សន្តយ៉ូហាន ម៉ារីយ៉ាណែរ មានទីតាំងនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញបេសកកម្មនៅក្នុងភូមិភាគទាំងបីរបស់ព្រះសហគមន៍ មានភ្នំពេញ បាត់ដំបង និងកំពង់ចាម៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn