អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០២៣

bible blur christ christianity

ឬសន្តីកាតេរីន នៅអាឡិចសង់ឌ្រី

ជាព្រហ្មចារិនី និងជាមរណសាក្សី

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៦,១-១៣

ព្រះ‌បាទអន់ទី‌យ៉ូគូស ធ្វើដំណើរយាងទៅមកកាត់តាមស្រុកខាងជើង ព្រះ‌អង្គបានឮគេនិយាយថា នៅស្រុកពែរ្សមានក្រុងមួយឈ្មោះ អេលី‌ម៉ាអ៊ីស។ អ្នកក្រុងនេះល្បីថា សម្បូរមាសប្រាក់ និងភោគទ្រព្យជាច្រើន គឺមានខែលធ្វើពីមាស អាវក្រោះ ព្រមទាំងអាវុធដែលព្រះ‌បាទអឡិច‌សង់ បានទុកក្នុងទីសក្ការៈនៃក្រុងនោះជាដើម។ ព្រះ‌បាទអឡិច‌សង់ ជាបុត្ររបស់ព្រះ‌បាទភីលីព ជាមហាក្សត្ររបស់ជនជាតិម៉ាសេ‌ដូន ដែលគ្រប់គ្រងលើជនជាតិក្រិកមុនគេ។ ព្រះ‌បាទអន់ទី‌យ៉ូគូសយាងទៅក្រុងនោះ រិះរកមធ្យោ‌បាយដណ្ដើមយកក្រុងនេះ ដើម្បីរឹបអូសយកទ្រព្យ‌សម្បត្តិ ប៉ុន្តែ ត្រូវបរា‌ជ័យ ព្រោះអ្នកក្រុងបានដឹងពីគម្រោង‌ការជាមុន។ ពួកគេលើកគ្នាមកប្រយុទ្ធនឹងស្ដេចវិញ ហើយស្ដេចក៏បាក់ទ័ពយាងត្រឡប់ទៅស្រុកបាប៊ីឡូនដោយអាម៉ាស់ជាខ្លាំង។ ពេលព្រះ‌រាជានៅស្រុកពែរ្សនៅឡើយ មានគេមកទូលថា កង‌ទ័ពដែលចេញទៅវាយយកស្រុកយូដាទទួលបរា‌ជ័យ គឺជនជាតិយូដាវាយកម្ទេចកង‌ទ័ពដ៏ខ្លាំងពូកែ ដែលលោកមេ‌បញ្ជាការ លីស៊ី‌យ៉ា បាននាំទៅវាយស្រុកនោះថែមទៀត។ ជនជាតិយូដាក៏រឹបអូសយកគ្រឿងសាស្ត្រា‌វុធ និងជ័យ‌ភណ្ឌគ្រប់បែបយ៉ាង ពីកង‌ទ័ពដែលចាញ់។ ដូច្នេះ ពួកគេមានកម្លាំងខ្លាំងជាងពីមុន។ ពួកគេបានរំលំរូបបដិមាគួរស្អប់ខ្ពើម ដែលស្ដេចបានតម្កល់នៅលើអាសនៈក្នុងព្រះ‌វិហារក្រុងយេរូ‌សាឡឹម។ ពួកគេបានសង់កំពែងយ៉ាងខ្ពស់ ជុំវិញព្រះ‌វិហារជាថ្មីឡើងវិញដូចកាលពីដើម ហើយក៏សង់កំពែងជុំវិញក្រុងបេត‌សួរ ដែលជាក្រុងស្ថិតនៅក្រោមអំណាចរបស់ស្ដេចផ្ទាល់ដែរ។ កាលព្រះ‌រាជាជ្រាបដំណឹងទាំងនោះ ក៏ស្រឡាំងកាំង ហើយរំជួលព្រះ‌ហឫទ័យយ៉ាងខ្លាំង។ ព្រះ‌អង្គដួលទៅលើក្រឡា‌បន្ទំ ហើយប្រឈួនដោយព្រួយព្រះ‌ហឫទ័យខ្លាំងពេក ព្រោះហេតុការណ៍ទាំងអស់មិនបានកើតឡើងស្របតាមព្រះ‌ហឫទ័យឡើយ។ ស្ដេចស្ថិតនៅក្នុងសភាពបែបនេះជាយូរថ្ងៃ ដ្បិតព្រះ‌អង្គព្រួយបារម្ភយ៉ាងខ្លាំង។ កាលព្រះ‌រាជាយល់ថាខ្លួនជិតចូលទិវង្គត ស្ដេចកោះហៅមន្ត្រីទាំងអស់ឱ្យមកជួបប្រជុំ ហើយមានរាជ‌ឱង្ការថា៖ «យើងផ្ទំមិនលក់ទេ ហើយតប់ប្រមល់ក្នុងព្រះ‌រាជហឫទ័យខ្លាំងណាស់ យើងសួរខ្លួនយើងផ្ទាល់ថា ហេតុអ្វីបានជាយើងរងទុក្ខវេទនាដូច្នេះ? ក្នុងពេលដែលយើងមានអំណាច យើងមានព្រះ‌ហឫទ័យសប្បាយយ៉ាងក្រៃលែង ហើយមនុស្សម្នាក៏ស្រឡាញ់យើងដែរ។ ប៉ុន្តែ ឥឡូវនេះ យើងនឹកឃើញពីអំពើអាក្រក់ទាំងប៉ុន្មានដែលយើងបានប្រព្រឹត្តនៅក្រុងយេរូ‌សាឡឹម គឺយើងរឹបអូសយកគ្រឿងមាសប្រាក់ទាំងប៉ុន្មានពីក្រុងនោះ យើងបានបញ្ជាឱ្យគេសម្លាប់រង្គាលជនជាតិយូដា ដោយគ្មានមូលហេតុ។ យើងយល់ថា យើងកើតទុក្ខយ៉ាងនេះបណ្ដាលមកពីអំពើអាក្រក់ដែលយើងបានប្រព្រឹត្តនៅពេលនោះ ហើយយើងត្រូវសោយទិវង្គតដោយព្រួយព្រះ‌ហឫទ័យ នៅលើទឹកដីបរទេសទៀតផង!»។

 

ទំនុកតម្កើងលេខ ៩,២-៤.៦.១៦.១៩ បទពាក្យ៧

២ បពិត្រព្រះអម្ចាស់ជាទីពឹង ទូលបង្គំនឹងលើកតម្កើង

និទានពីការអស្ចារ្យឡើង មានទាំងប៉ុន្មានឱ្យគេស្តាប់ ។

៣ ព្រោះតែព្រះអង្គខ្ញុំត្រេកអរ រីករាយសាទរជាដរាប

បពិត្រព្រះអង្គខ្ពស់ឥតប្រៀប សូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ ។

៤ ពួកខ្មាំងសត្រូវដកខ្លួនថយ សូមព្រះអង្គជួយទូលបង្គំ

ឱ្យវាជំពប់ជើងដួលគ្រាំ វិនាសនៅចំពោះព្រះភ័ក្ត្រ ។

៦ ព្រះអង្គគំរាមសាសន៍នានា ពួកមនុស្សពាលាវិនាសព្រម

កេរ្តិ៍ឈ្មោះពួកគេត្រូវរលំ ខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ ។

១៦ ប្រជាជាតិនានាធ្លាក់ទៅ ក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់

ជើងជាប់អន្ទាក់យ៉ាងទារុណ ដែលពួកគេបានដាក់បង្កប់ ។

១៩ ព្រះអង្គមិនភ្លេចជនក្រក្រី នៅលើផែនដីនេះទាំងអស់

ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះ អ្នកវេទនានោះមិនសូន្យឡើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១-១០

អាលេលូយ៉ា! អាលេលូយ៉ា!

ព្រះយេស៊ូគ្រីស្ដ ជាព្រះសង្គ្រោះរបស់យើង បានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អរបស់ព្រះអង្គ!។ អាលេលូយ៉ា!

 

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៤០

នៅគ្រានោះ មានអ្នកខាងគណៈ‌សាឌូ‌ស៊ីខ្លះចូលមកគាល់ព្រះ‌អង្គ។ ពួកសាឌូ‌ស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះ‌យេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀប‌ការនឹងបងថ្លៃ ដើម្បីបន្ដពូជឱ្យបងប្រុសរបស់ខ្លួន។ ឧបមាថា មានបង‌ប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀប‌ការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀប‌ការនឹងបងថ្លៃមេ‌ម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ បន្ទាប់មក បង‌ប្អូនទាំងប្រាំពីរនាក់បានរៀប‌ការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបង‌ប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះ‌ជាម្ចាស់សព្វព្រះ‌ហឫ‌ទ័យប្រោសឱ្យរស់ឡើងវិញនៅលោកខាងមុខ គេមិនរៀប‌ការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រធីតារបស់ព្រះ‌ជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថ‌បទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះ‌អម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។ ព្រះ‌ជាម្ចាស់មិន‌មែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះ‌អង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ពួកបណ្ឌិតខាងវិន័យខ្លះទូលព្រះ‌អង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹម‌ត្រូវល្អណាស់»។ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះ‌អង្គអំពីរឿងអ្វីទៀតឡើយ។

Facebook
Twitter
LinkedIn