គ្រីស្តបរិស័ទអ្នកលឿងធ្វើបូជនីយេសក៍កន្លែងមរណបុគ្គល

ក្នុងអំឡុងខួប១៦០ឆ្នាំនៃការកកើត ព្រះសហគមន៍បាណាម អ្នកលឿង លោកបូជាចារ្យ សេរ៉ាល វូសាំង បានណែនាំគ្រីស្តបរិស័ទចំនួន១៣នាក់ បានធ្វើដំណើរបូជនីយេសក៍ ទៅកាន់ទីកន្លែងមរណបុគ្គលនៃព្រះសហកមន៍អ្នកលឿងមួយចំនួនដែលបានទទួលមរណភាពក្នុងអំឡុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅតាមតំបន់ខ្លះក្នុងប្រទេសកម្ពុជា។
ដំណើរនេះបានចាប់ផ្តើមពីព្រះសហគមន៍អ្នកលឿង ឆ្ពោះទៅទឹកដីតាំងគោកក្នុងខេត្តកំពង់ធំ បន្ទាប់មកទៅព្រះសហគមន៍ក្តុលលើក្នុងខេត្តត្បូងឃ្មុំ ចុងបញ្ចប់គឺដល់ព្រះសហគមន៍ក្រចេះ ក្នុងភូមិភាគកំពង់ចាម ដើម្បីស្គាល់អំពីជីវិតរបស់លោក ដាមីយាំង ដាំងងុក អាំង និងលោក សិលា ឡេ ធឿង ឌុង ជាអ្នកបួសដែលមានកំណើតនៅព្រះសហគមន៍បាណាម អ្នកលឿង។ កម្មវិធីបូជនីយេសក៍នេះ ធ្វើឡើងកាលពីថ្ងៃទី០៣-០៤ ខែតុលាកន្លងទៅ។
ក្នុងដំណើរនោះ អ្នកបូជនីយេសក៍បានស្ដាប់សក្ខីភាពពីគ្រីស្តបរិស័ទដែលស្គាល់លោកទាំងពីរ អធិដ្ឋាននិងថ្វាយអភិបូជារួមជាមួយគ្នា ដោយប្រើចានព្រះកាយ និងពែងព្រះលោហិត ដែលលោកបូជាចារ្យ សិលា ឡេ ធឿង ឌុង បានទទួលនៅថ្ងៃគាត់បានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅឆ្នាំ១៩៦៩ រហូតដល់ឥឡូវនេះ គឺមានអាយុកាលជាង៥០ឆ្នាំហើយ ដែលត្រូវបានក្រុមគ្រួសាររក្សាទុករហូតដល់សព្វថ្ងៃនៅប្រទេសវៀតណាម។
អ្នកស្រី ឡេ ធី មី ង្វៀត ជាប្អូនស្រីបង្កើតរបស់លោកបូជាចារ្យសិលា ឡេ ធឿង ឌុង បានមកចូលរួមកម្មវិធីនេះឲ្យដឹងថា លោកបូជាចារ្យឌុង និងបងប្រុសដាមីញាំង បានរស់នៅនិងរងទុក្ខលំបាកជាច្រើន ហើយពេលធ្វើបូជនីយេសក៍ នាំឲ្យគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយឃើញថា ព្រះសហគមន៍បានយកចិត្តទុកដាក់ដល់អស់អ្នកដែលបានបូជាជីវិតដោយក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់។
អ្នកស្រីបន្តថា ពេលគាត់បានមកដល់ខេត្តក្រចេះ កន្លែងដែលបងប្រុសរបស់គាត់ត្រូវគេសម្លាប់ «ខ្ញុំពិតជាឈឺចិត្តខ្លាំងណាស់ ដោយនឹកឃើញពីការឈឺចាប់ដែលលោកឪពុក ឌុង ទទួលនៅពេលនោះ»។
អ្នកស្រីបន្ថែមថា ទោះយ៉ាងណាគាត់សង្ឃឹមថា តាមរយៈអស់អ្នកដែលបានបូជាជីវិតក្នុងសម័យសង្គ្រាមនោះ ជួយឲ្យព្រះសហគមន៍នៅប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត។
អ្នកស្រីឡេ ធី មី ង្វៀត ធ្លាប់រស់នៅក្នុងប្រទេសកម្ពុជានៅព្រះសហគមន៍បាណាម អ្នកលឿង ហើយបានចាកចេញទៅរស់នៅប្រទេសវៀតណាមក្នុងអំឡុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្នុងថ្ងៃធ្វើដំណើរទៅដល់ព្រះសហគមន៍ក្តុលលើ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម បានថ្វាយអភិបូជានៅទីនោះ។
លោកអភិបាលមានប្រសាសន៍ថា អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ស្តីអំពីកូនចៀមក្នុងហ្វូងចចក ដែលស្របនឹងជីវិតរបស់លោកបូជាចារ្យសិលា ឡេ ធឿង
ឌុង ដែលបានបូជាជីវិតក្នុងសម័យសង្គ្រាម។ លោកមិនព្រមទៅវៀតណាម តែបានជ្រើសរើសរស់នៅជាមួយគ្រីស្តបរិស័ទនិងប្រជាជននៅកម្ពុជា។
លោកឌុងមានប្រសាសន៍ថា «បើកន្លែងនេះនៅមានគ្រីស្តបរិស័ទ ខ្ញុំត្រូវនៅជាមួយគ្រីស្តបរិស័ទ ដើម្បីលើកទឹកចិត្តគេ ថែរក្សាគេ និងណែនាំគេកុំឲ្យគេបាត់បង់ជំនឿ» នេះជាការបញ្ជាក់របស់លោកអភិបាល។
លោកអភិបាលលីបន្ថែមថា លោក ឌុង ជាគំរូសម្រាប់អស់សាសនាទូតទាំងឡាយ ដែលចង់ប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ក្នុងពិភពលោកនេះ លោកជួយឲ្យយើងដឹងថាជំនឿសំខាន់ណាស់ រាល់ពេលយើងជួបការលំបាកក្នុងជីវិត សូមកុំលះបង់ជំនឿ។
លោកអភិបាលបន្តថា «សូមឲ្យការបូជាជីវិតរបស់លោកឪពុក ឌុង ជួយឲ្យយើងមានជំនឿកាន់តែរឹងមាំឡើង និងព្យាយាមរួបរួមគ្នាកសាងសន្តិភាព និងព្យាយាមប្រកាកដំណឹងល្អ ឲ្យព្រះសហគមន៍យើងកាន់តែរីកចម្រើន»។
ព្រះសហគមន៍បាណាម អ្នកលឿង បានកកើតឡើងនៅឆ្នាំ ១៨៦២ ដោយគ្រីស្តបរិស័ទពីគូឡោទៃ (Cu lao tay) នៅប្រទេសវៀតណាម ប្រមាណ១០០០នាក់ បានរត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីព្រះចៅអាណ្ណាមមកនៅកម្ពុជា។
ក្នុងឯកសារស្រាវជ្រាវពីប្រវត្តិព្រះសហគមន៍នៅអ្នកលឿង បានរកឃើញថា បងប្រុស ដាមីយាំង ដាំង ងុក អាំង (Đamien Dang Ngoc An) និងលោកបូជាចារ្យ សិលា ឡេ ធឿង ឌុង ( Le Thuong Dung) ជាបូជាចារ្យក្នុងភូមិភាកកំពង់ចាម រស់នៅនៅព្រះសហគមន៍បាណាម ហើយនៅសម័យសង្គ្រាម ក្នុងអំឡុងពេល ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រីស្តបរិស័ទនៅបាណាម (អ្នកលឿង) បានរត់ភៀសខ្លួនទៅប្រទេសវៀតណាមវិញ តែលោកទាំងពីរបានសម្រេចចិត្តបន្តនៅស្រុកខ្មែរ ហើយបានស្លាប់នៅក្នុងអំឡុងពេលនោះ។
លោកសិលា ត្រាំង វ៉ាំង ឡាំ ជាប្រធានគណៈកម្មការព្រះសហគមន៍អ្នកលឿង បានប្រាប់ថា ដោយសារជំនឿ សេចក្តីក្លាហាននិងសេចក្តីស្រឡាញ់របស់លោកពុកឌុង បានក្លាយជាពន្លឺបំភ្លឺដល់គ្រីស្តបរិស័ទយើងក្នុងសម័យនេះ កាន់តែមានជំនឿមាំមួនឡើង។
សូមបញ្ជាក់ តាម លោកបូជាចារ្យ សេរ៉ាល វូសាំង បានឲ្យដឹងថា ព្រះសហគមន៍អ្នកលឿង បានកំពុងរៀបចំប្រវត្តិព្រះសហគមន៍នេះ និងប្រវត្តិរបស់លោកបូជាចារ្យនិងបងប្រុសទាំងពីរ។ និងកំពុងស្រាវជ្រាវរកសក្ខីភាពពីគ្រីស្តបរិស័ទមួយចំនួន ដោយយោងជាមួយឯកសារជាច្រើនជាភាសាបារាំង។
លោកបន្ថែមថា រហូតដល់ពេលនេះ ឯកសារនោះរៀបចំជិតបានរួចរាល់ហើយ ហើយកំពុងកែសម្រួលព័ត៌មានខ្លះៗនិងបកប្រែជាភាសាខ្មែរ៕

ដោយ ម៉េង ភីឡុង

Facebook
Twitter
LinkedIn