អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៤,៧-១២
បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ ទាំងលើមនុស្សរស់។ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថាៈ ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ។ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
ទំនុកតម្កើងលេខ ២៧(២៦)១.៤.១៣-១៤ បទពាក្យ៧
១ ព្រះអម្ចាស់ទ្រង់ជាពន្លឺ នាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះ ជាកំពែងខ្ពស់ជួយជីវិត ។
៤ ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដី តែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះ ឥតមានក្រឡះមួយជីវិត ។
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ ប្ញទា្ធនុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិត ព្រះអង្គគង់ស្ថិតក្នុងវិហារ ។
១៣ ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្ដមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន ។
១៤ ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុខមង្គល ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៩,១០
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សបានមកស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសអន្ដរាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៥,១-១០
មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នានេះថា៖ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។ «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀង បោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ លុះរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួងដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។