សាសនិកដែលក្នុងនោះមានសិស្សនិស្សិត សាស្ត្រាចារ្យ និងអ្នកបួសប្រមាណជិត៨០នាក់ បានចូលរួមសន្និសីទគរុសភាស្ដីពីមិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រីស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា ដែល រៀបចំឡើងដោយសមាគមបេសកជនបារាំង រួមជាមួយសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងចង់ផ្ដោតសំខាន់លើទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជានិងព្រះសហគមន៍កាតូលិក និងចងក្រងឯកសារប្រវត្តិសាស្ត្រសម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។
អង្គសន្និសីទនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារាជធានីភ្នំពេញ ដោយមានវាគ្មិនប្រវត្តិសាស្ត្រជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងបូជាចារ្យកាតូលិកបានឡើងធ្វើបទបង្ហាញអំពីរបបគំហើញថ្មីៗនិងឯកសារកាលប្រវត្តិដែលទាក់ទងនឹងព្រះសហគមន៍កាតូលិកនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យភូមិភ្នំពេញ មានប្រសាសន៍បើកកម្មវិធីថា ព្រះសហគមន៍កាតូលិកបានចូលរួមជួយដល់សង្គមកម្ពុជាជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងវិស័យអប់រំ ដោយមានពីថ្នាក់កម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា ការផ្តល់និវេសនដ្ឋានដល់យុវជន ការថែទាំសុខភាពប្រជាជន ការផ្តល់អាហារូបករណ៍ដល់សិស្សនិងនិស្សិត និងការផ្គត់ផ្គង់ជីវភាពប្រជាជនជាច្រើនទៀត។
លោកបន្ថែមថា ថ្ងៃនេះយើងមានបព្វជិតមកពីសាសនាផ្សេងៗគ្នា រួមទាំងសាស្ត្រាចារ្យ និស្សិតជាតិនិងអន្តរជាតិជាច្រើនបានចូលរួម បានបង្ហា្ពីវប្បធម៌នៃការចែករំលែក និងវប្បធម៌នៃការសន្ទនាគ្នារវាងសាសនាផ្សេងគ្នា និងរវាងការយល់ឃើញផ្សេងគ្នា ហើយដែលបង្ហាញថា សង្គមកម្ពុជាយើងជាសង្គមដែលអាចទទួលយក យោគយល់ មានសេរីភាពនៅក្នុងជំនឿសាសនា ដែលជាមូលដ្ឋានក្នុងការរួមដៃគ្នាអភិវឌ្ឍជាតិយើង។
«យើងនៅតែបន្តរឹតចំណងមិត្តភាពរវាងព្រះសហគមន៍គ្រីស្តសាសនានិងប្រជាជាតិកម្ពុជា ជាមួយក្តីមេត្តា ករុណា ការអធ្យាស្រ័យ ការយល់យោគ ក្តីស្រឡាញ់ និងសុខដុមនីភាពសម្រាប់ពិភពលោកទាំងមូលដែលត្រូវការបំផុតនាពេលបច្ចុប្បន្ននេះ» ឯកឧត្តមបណ្ឌិតបន្ថែម។
លោកទេសរដ្ឋមន្ត្រី អៀង ម៉ាលី ទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកប្រវត្តិសាស្ត្រនៅកម្ពុជា និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងនៅក្នុងអង្គជំនួបនេះថា សន្និសីទគរុសភាស្ដីពីមិត្តភាព ៥០០ឆ្នាំរវាងព្រះសហគមន៍គ្រីស្តសាសនានិងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ មានអត្ថន័យយ៉ាងធំធេងដើម្បីរំលឹកឡើងវិញអំពីអនុស្សាវរីយ៍ជាមិត្តភាពរវាងបារាំងនិងកម្ពុជាក្នុងអំឡុង ៥ សតវត្សរ៍កន្លងមកនេះ។ លោកបានរំឭកថា នៅពាក់កណ្ដាលស.វទី ១៧ មកបេសកជនព្រះសហគមន៍កាតូលិកនៃប្រទេសបារាំង មកដល់កម្ពុជា គឺលោកអភិបាលហ្សង់ក្លូដ ម៉ីស ដែលបានបង្កើតព្រះវិហារនៅក្រុងលង្វែក។
តាមរយៈសៀវភៅដែលមានចំណងជើងថា វិសាលវិហារនៅស្រុកស្រែ លោកទេសរដ្ឋមន្ត្រីបានរំលឹកថា ការចូលមករបស់ប្រទេសបារាំងនៅកម្ពុជា មិនត្រឹមតែដើម្បីរក្សាភាពគង់វង្សនៃរាជ្យបល្ល័ងប៉ុណ្ណោះទេ តែក៏បានជួយឲ្យវិស័យពុទ្ធសាសនានិងវប្បធម៌ខ្មែរបានរីកចម្រើនឡើងផងដែរ ដោយបារាំងបានកសាងសាលាបាលីជាន់ខ្ពស់និងពុទ្ធសាសនបណ្ឌិតក្នុងឆ្នាំ ១៩៣០។
នៅក្នុងជំនួបនេះ មានបង្ហាញនូវឯកសារកាលប្រវត្តិជាច្រើន និងស្នាដៃស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រទាំងថ្មីនិងចាស់មួយចំនួនទាក់ទងនឹងព្រះសហគមន៍កាតូលិកនៅកម្ពុជា។ តាមឯកសារទាំងអស់នោះ បានឲ្យដឹងថា វត្តមានគ្រីស្តសាសនាបានមកដល់ទឹកដីមួយនេះ នៅដើមស.វទី១៦ នៃគ.ស ក្នុងអំឡុងពេលកម្ពុជាធ្វើពាណិជ្ជកម្មជាមួយពួកព័រទុយហ្គាល់។
ព្រះមុនីកុសលបណ្ឌិតយ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ថ្លែងក្នុងអង្គពិធីថា រយៈពេល៥០០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងព្រះសហគមន៍កាតូលិក និងវត្តអារាមមិនសូវមានភាពជិតស្និទ្ធនឹងគ្នាប៉ុន្មានទេ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងមានភាពជិតស្និទ្ធគ្នាខ្លាំង។
ព្រះតេជគុនបន្តថា ជំនួបអន្តរសាសនាដែលសម្ដេចព្រះមហាសង្ឃរាជទេវង្សបាននិមន្តចូលរួមនៅក្នុងឆ្នាំ ២០១៧ជាមួយសមាគមសន្តអេជីឌីអូនៅទីក្រុងរ៉ូម បានប្រែទំនាក់ទំនងទៅជាជិតស្និទ្ធខ្លាំង។
ព្រះមុនីកុសលមានដីកាបញ្ជាក់ទៀតថា «យើងបានបន្តទំនាក់ទំនង៥០០ឆ្នាំមកហើយ ហើយយើងក៏នឹងបន្ត៥០០ឆ្នាំទៅខាងមុខទៀត ដោយប្រកាន់គោលការណ៍នៃការគោរពនៅពហុជំនឿ ដែលអាចជួយអ្នកកាន់សាសនាផ្សេងគ្នាអាចរួមគ្នា អាចចូលទៅជិតគ្នាបាន»។
ឯកឧត្តមអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញជំនាន់ទី២៤ មានប្រសាសន៍ថា ទស្សនវិស័យរបស់ព្រះសហគមន៍កាតូលិក គឺលើកកម្ពស់តម្លៃថ្លៃថ្នូរនៃជីវិតមនុស្សជាតិទាំងអស់ ដោយជឿថា ពួកគាត់ជាតំណាងរបស់ព្រះជាម្ចាស់ និងជាពិសេសព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់ដើម្បីផលប្រយោជន៍រួម ដើម្បីឲ្យមានសកម្មភាព សមត្ថភាព និងភាតរភាព និងយកចិត្តទុកដាក់ថែរក្សានិងការពារបរិស្ថានដែលជាអំណោយទានរបស់ព្រះជាម្ចាស់ដើម្បីបម្រើសុខសន្តិភាព។
លោកអភិបាលព្រះសហគមន៍បានបញ្ជាក់ថា ក្នុងឆ្នាំ១៩៨០ ខណៈកម្ពុជាកំពុងមានវិបត្តិនិងមានជំរំជនភៀសខ្លួនក្នុងប្រទេសថៃ អង្គការការីតាកម្ពុជាដែលជាស្ថាប័នរបស់ព្រះសហគមន៍ កាតូលិកបានចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋអំណាចកម្ពុជា ធ្វើដំណើររួមជាមួយប្រជាជនក្នុងគ្រារងទុក្ខលំបាក។
លោកអភិបាលបន្ថែមថា ព្រះសហគមន៍កាតូលិកក៏មានទំនាក់ទំនងជាមួយអន្តរសាសនា ជាពិសេសរួមជាមួយព្រះពុទ្ធសាសនា ដើម្បីលើកស្ទួយសង្គមឱ្យមានសុខដុមនីកម្ម តាមរយៈសកម្មភាពមនុស្សធម៌និងចូលរួមគ្រប់វិស័យនៅក្នុងសង្គម។
លោកបានលើកឡើងទៀតថា កម្មវិធីថ្ងៃនេះជាឱកាសមួយសម្រាប់យុវជនសិក្សារៀនសូត្រ និងអាចជួយឲ្យពួកគេចេះរៀបចំអនាគតសម្រាប់ប្រទេសជាតិ។
លោកសង្ឃឹមថា ពេលអនាគតយើងអាចមានឱកាសផ្សេងទៀតដែលអាចឱ្យមាននិស្សិតដែលកំពុងស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងអំពីសាសនានានាអាចយល់ស៊ីជម្រៅចូលក្នុងវប្បធម៌ផ្ទាល់ខ្លួន និងដើម្បីឱ្យយើងរួមគ្នាកសាងសង្គមមួយដែលចេះយល់ចិត្តគ្នា និងធ្វើដំណើរនៅក្នុងសុខដុមរមនានិងកសាងសេចក្ដីសុខ។
ពេជ្រ ស្រីនាថ វ័យ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានចូលរួមក្នុងកម្មវិធីនេះ និយាយថា«ខ្ញុំមិននឹកស្មានថាទំនាក់ទំនងរវាងគ្រីស្តសាសនានិងកម្ពុជាមានភាពជិតស្និទ្ធគ្នារហូត៥០០ឆ្នាំទេ ហើយនេះជារឿងថ្មីសម្រាប់ខ្ញុំដែរ។ និងខ្ញុំសប្បាយរីករាយដោយទំនាក់ទំនងសាសនាបានធ្វើឱ្យសង្គមរបស់ខ្ញុំមានភាពរីកចម្រើនទៅមុខ និងជារឿងល្អដែលមានអន្តរសាសនាច្រើននៅក្នុងប្រទេសដែលធ្វើឱ្យយើងរៀនយល់ពីគ្នា និងសាសនាចូលរួមចំណែកជួយដល់សង្គមជួយដល់មនុស្សខ្វះខាត»។
អ្នកឧកញ្ញ៉ា គួច ម៉េងលី បានឱ្យដឹងថា ថ្ងៃនេះជាប្រវត្តិសាស្ត្រមួយរវាងព្រះសហគមន៍និងព្រះរាជាណាចក្រកម្ពុជាក្នុងទំនាក់ទំនង៥០០ឆ្នាំ។ ការរំឭកពីប្រវត្តិសាស្ត្រនេះយើងរៀនពីគ្នាទាំងវិជ្ជមាននិងអវិជ្ជមាន ដើម្បីយកមកកែកុំឱ្យរស់នៅជាមួយគ្នាមានការប៉ះទង្គិចផ្លូវចិត្តនិងប៉ះទង្គិចនឹងសាសនានិងការរើសអើង។
លោកម៉េងលីបន្តថា ប្រទេសខ្មែរយើងបានរៀនសូត អនុគ្រោះ និងបើកចំហ។ នៅស្រុកខ្មែរមានសេរីភាពកាន់សាសនា និងរស់នៅជាមួយគ្នាប្រកបដោយសុខដុមនីកម្ម។
តាមឯកសារប្រវត្តិព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលចងក្រងដោយលោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូដស៍ បានឲ្យដឹងថា ព្រះសហគមន៍កាតូលិកបានចូលមកក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៥៥៥ នៃគ.ស តាមរយៈបព្វជាតិព័រទុយហ្គាល់ម្នាក់ ឈ្មោះហ្គាស្ប៉ា ដាគ្រុស។
បច្ចុប្បន្នព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាមានកន្លែងថ្វាយបង្គំនិងព្រះវិហារសរុបចំនួន១០៤កន្លែង និងមានគ្រីស្តបរិស័ទប្រមាណជាង២ម៉ឺននាក់ ក្នុងចំណោមប្រជាជនកម្ពុជាចំនួនជិត១៦លាននាក់៕
ដោយដាលីស