ជំពូក ៤
លោកម៉ាដេកាយសុំអន្តរាគមន៍ពីព្រះនាងអេសធែរ ជនជាតិយូដានាំគ្នាតមអាហារ
1 កាលលោកម៉ាដេកាយជ្រាបដំណឹងនេះ លោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ លោកដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ 2 លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។ 3 នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។
4 ពួកស្ត្រីបម្រើ និងមហាតលិករបស់ព្រះនាងអេសធែរ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហឫទ័យពន់ប្រមាណ។ ព្រះនាងឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។ 5 ពេលនោះ ព្រះនាងអេសធែរបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកនៅបម្រើព្រះនាង។ ព្រះនាងបញ្ជាគាត់ឲ្យទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញឲ្យលោកធ្វើបែបនេះ។ 6 លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។ 7 លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់ អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន់ បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្តេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។ 8 លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសា ស្តីអំពីការប្រល័យពូជសាសន៍យូដា ឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធែរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។ 9 លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធែរ។ 10 ព្រះនាងប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា៖ 11 «ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្តេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្តេច នៅសាលខាងក្នុងរាជដំណាក់ ដោយស្តេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់ អស់រយៈពេលមួយខែមកហើយ»។ 12 គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធែរ ទៅជម្រាបលោកម៉ាដេកាយ។
13 លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធែរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។ 14 ប្រសិនបើព្រះនាងសំងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។ 15 ពេលនោះ ព្រះនាងអេសធែរចាត់គេឲ្យទៅជម្រាបលោកម៉ាដេកាយថា៖ 16 «សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសា ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅគាល់ស្តេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។ 17 លោកម៉ាដេកាយចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះនាងអេសធែរបង្គាប់។
គ
ពាក្យអង្វររបស់លោកម៉ាដេកាយ
1 លោកម៉ាដេកាយ ទូលអង្វរព្រះអម្ចាស់ ដោយរំឭក ពីស្នាព្រះហស្តទាំងប៉ុន្មាន ដែលព្រះអង្គបានប្រព្រឹត្ត។ 2 លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏មានតេជានុភាពសព្វប្រការ! ពិភពទាំងមូលស្ថិតក្រោមអំណាចរបស់ព្រះអង្គ។ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សង្គ្រោះប្រជាជនអ៊ីស្រាអែលនោះ គ្មាននរណាអាចជំទាស់ប្រឆាំងនឹងព្រះអម្ចាស់ឡើយ! 3 ព្រោះព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី និងអ្វីៗដ៏ល្អប្រសើរ ដែលមាននៅលើផែនដី 4 ព្រះអង្គពិតជាព្រះអម្ចាស់លើអ្វីទាំងអស់ គ្មាននរណាម្នាក់អាចតទល់ នឹងព្រះអង្គបានទេ! 5 ព្រះអង្គឆ្វេងយល់អ្វីៗទាំងអស់! បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនព្រមក្រាបថ្វាយបង្គំលោកហាម៉ាន់ ជាជនក្រអឺតក្រទមនោះ ពុំមែនដោយចង់បានអ្វីហួសពីសមត្ថភាពរបស់ខ្ញុំទេ ពុំមែនដោយចិត្តក្រអឺតក្រទម ហើយក៏ពុំមែនមានចិត្តលោភលន់ឡើយ! 6 ប៉ុន្តែ ឥឡូវនេះដើម្បីសង្គ្រោះប្រជាជនអ៊ីស្រាអែល ទោះជាឲ្យខ្ញុំលិទ្ធបាតជើងគាត់ ក៏ខ្ញុំសុខចិត្តដែរ!។ 7 ប៉ុន្តែ ខ្ញុំប្រព្រឹត្តដូច្នេះ គឺដើម្បីមិនលើកកិត្តិយសរបស់មនុស្សម្នាក់ ឲ្យបានខ្ពស់ជាងសិរីរុងរឿងរបស់ព្រះជាម្ចាស់!។ ខ្ញុំមិនព្រមក្រាបថ្វាយបង្គំនរណា ក្រៅពីព្រះអង្គជាព្រះអម្ចាស់របស់ខ្ញុំឡើយ ពុំមែនមកពីខ្ញុំមានចិត្តអំនួតនោះទេ។ 8 បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រ ជាព្រះរបស់លោកអប្រាហាំ ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង! ខ្មាំងសត្រូវឃ្លាំមើលយើងខ្ញុំ ដើម្បីប្រល័យពូជសាសន៍យើងខ្ញុំ ឲ្យវិនាសសាបសូន្យ ពួកគេចង់បំផ្លាញប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គតាំងពីដើមរៀងមក។ 9 សូមកុំបោះបង់ចោលប្រជារាស្ត្រផ្ទាល់ ដែលព្រះអង្គបានលោះពីស្រុកអេស៊ីបមកវិញឡើយ! 10 សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអង្វររបស់យើងខ្ញុំផង! សូមអាណិតអាសូរប្រជារាស្ត្ររបស់ព្រះអង្គ។ សូមប្រែទុក្ខព្រួយរបស់យើងខ្ញុំ ឲ្យទៅជាអំណរសប្បាយវិញ ដើម្បីឲ្យយើងខ្ញុំមានជីវិតតទៅមុខទៀត ហើយនាំគ្នាច្រៀង លើកតម្កើងព្រះនាមរបស់ព្រះអង្គ!។ បពិត្រព្រះអម្ចាស់! សូមកុំបណ្ដោយឲ្យអ្នកដែលធ្លាប់តែកោតសរសើរព្រះអង្គ បាត់បង់ជីវិតឡើយ!»។ 11 ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាស្រែកអង្វរព្រះអម្ចាស់ ដោយពេញទំហឹង ដ្បិតពួកគេយល់ឃើញថា ពួកគេមុខជាស្លាប់ជាពុំខាន។
ពាក្យអង្វររបស់ព្រះនាងអេសធែរ
12 ព្រះមហាក្សត្រិយានីអេសធែរ តប់ប្រមល់យ៉ាងខ្លាំងស្ទើរតែចូលទិវង្គត។ ព្រះនាងរត់ទៅជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអម្ចាស់ សូមឲ្យព្រះអង្គជួយ។ 13 ព្រះនាងដកព្រះភូសាដ៏រុងរឿង ហើយស្លៀកពាក់សម្លៀកបំពាក់កាន់ទុក្ខវិញ។ ព្រះនាងយកផេះ និងសំរាមមកដាក់លើព្រះកេស ជំនួសគ្រឿងក្រអូបដ៏មានតម្លៃ។ ព្រះនាងដាក់ខ្លួនយ៉ាងតឹងតែង និងលះបង់អ្វីៗទាំងអស់ដែលព្រះនាងធ្លាប់តាក់តែងកាយ ហើយព្រះនាងមិនសិតសក់ទៀតផង។ 14 ព្រះនាងទូលអង្វរព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះមហាក្សត្រនៃយើងខ្ញុំ មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ សូមព្រះអង្គយាងមកសង្គ្រោះយើងខ្ញុំម្ចាស់ផង! ដ្បិតខ្ញុំម្ចាស់នៅម្នាក់ឯង គ្មាននរណាទីពឹងក្រៅពីព្រះអង្គឡើយ។ 15 ឥឡូវនេះ ខ្ញុំម្ចាស់សុខចិត្តប្រថុយជីវិត។ 16 តាំងពីកើតមក ខ្ញុំម្ចាស់បានឮគេនិយាយតៗគ្នា ក្នុងកុលសម្ព័ន្ធរបស់ដូនតាខ្ញុំម្ចាស់ថា៖ “ព្រះអម្ចាស់បានជ្រើសរើសប្រជាជនអ៊ីស្រាអែល ពីក្នុងចំណោមប្រជាជាតិនានា ព្រះអង្គបានជ្រើសរើសដូនតារបស់យើងខ្ញុំ ពីក្នុងចំណោមបុព្វបុរសទាំងឡាយ ដើម្បីឲ្យពួកគេទៅជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ អស់កល្បជានិច្ច។ ព្រះអង្គបានប្រព្រឹត្តចំពោះដូនតារបស់យើងខ្ញុំ តាមព្រះបន្ទូលសន្យាដែរ។ 17 ឥឡូវនេះ យើងខ្ញុំបានប្រព្រឹត្តអំពើបាបដែលទាស់នឹងព្រះហឫទ័យព្រះអង្គ ព្រះអង្គប្រគល់យើងខ្ញុំ ឲ្យទៅកណ្ដាប់ដៃខ្មាំងសត្រូវរបស់យើងខ្ញុំ 18 ដ្បិតយើងខ្ញុំបានគោរពបម្រើព្រះរបស់ពួកគេ។ បពិត្រព្រះអម្ចាស់! ព្រះអង្គសុចរិតមែន។ 19 ឥឡូវនេះ ទោះបីយើងខ្ញុំជាទាសករយ៉ាងសែនវេទនារបស់ពួកគេក៏ដោយ ក៏ពួកគេមិនស្កប់ចិត្តទេ! គេបានស្បថ នៅចំពោះមុខព្រះក្លែងក្លាយរបស់ពួកគេថា 20 នឹងលុបបំបាត់ មិនឲ្យគោរពធម្មវិន័យរបស់ព្រះអង្គឡើយ។ ពួកគេប៉ងប្រាថ្នាបំផ្លាញប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ឲ្យវិនាសសាបសូន្យ គេចង់បិទមាត់អស់អ្នក ដែលគោរពកោតសរសើរព្រះអង្គ និងរំលំព្រះរាជដំណាក់ដ៏រុងរឿងរបស់ព្រះអង្គ ព្រមទាំងវាយកម្ទេចអាសនៈរបស់ព្រះអង្គផង! 21 ពួកគេទុកឱកាសឲ្យជាតិសាសន៍នានា សរសើរព្រះដ៏ឥតបានការរបស់ពួកគេ និងលើកតម្កើងព្រះមហាក្សត្រអស់កល្បជានិច្ច ទោះបីស្ដេចនោះជាមនុស្សដែលរមែងតែងតែស្លាប់ក្ដី។ 22 បពិត្រព្រះអម្ចាស់! សូមកុំប្រគល់អំណាចរបស់ព្រះអង្គ ឲ្យព្រះក្លែងក្លាយដែលគ្មានជីវិត! សូមកុំបណ្ដោយឲ្យពួកខ្មាំងសត្រូវ ចំអកយើងខ្ញុំដែលត្រូវវិនាសឡើយ! សូមបង្វែរគម្រោងការរបស់ពួកគេ ឲ្យធ្លាក់លើពួកគេវិញ! សូមព្រះអង្គដាក់ទោសដល់អ្នកដែលផ្ដើមគំនិតបំផ្លាញយើងខ្ញុំ។
23 បពិត្រព្រះអម្ចាស់! សូមកុំបំផ្លាញយើងខ្ញុំឡើយ! នៅពេលយើងខ្ញុំជួបគ្រោះអាសន្ន សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ ឲ្យយើងខ្ញុំឃើញផង។ បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រលើព្រះទាំងឡាយ! ព្រះអង្គជាម្ចាស់លើអស់អ្នកដែលកាន់អំណាច! សូមប្រោសប្រទានឲ្យខ្ញុំម្ចាស់មានចិត្តក្លាហានផង។ 24 ពេលខ្ញុំម្ចាស់ទៅគាល់ស្ដេច ដែលប្រៀបដូចជាសត្វសិង្ហ គួរឲ្យស្ញែងខ្លាចនោះ សូមព្រះអង្គប្រោសប្រទាន ឲ្យខ្ញុំម្ចាស់ចេះពោលពាក្យសម្ដីពីរោះផ្អែមល្ហែម សូមបង្វែរព្រះហឫទ័យស្ដេចនោះ ឲ្យស្អប់ខ្មាំងសត្រូវរបស់យើងខ្ញុំ ព្រមទាំងប្រហារជីវិតអ្នកទាំងនោះ និងបក្សពួករបស់ពួកគេផង! 25 បពិត្រព្រះអម្ចាស់! សូមប្រើឫទ្ធិបារមីរបស់ព្រះអង្គ មករំដោះយើងខ្ញុំ សូមយាងមកសង្គ្រោះយើងខ្ញុំម្ចាស់ផង! ខ្ញុំម្ចាស់ម្នាក់ឯង គ្មាននរណាទីពឹងក្រៅពីព្រះអម្ចាស់ឡើយ។ ព្រះអង្គឈ្វេងយល់គ្រប់កិច្ចការទាំងអស់ 26 ព្រះអង្គជ្រាបហើយថា ខ្ញុំម្ចាស់តែងតែស្អប់កិត្តិយស ដែលអស់អ្នកមិនកាន់តាមធម្មវិន័យរបស់ព្រះអង្គប្រគល់ឲ្យ ខ្ញុំម្ចាស់ក៏ស្អប់ខ្ពើម មិនរួមដំណេកជាមួយបុរសដែលមិនបានទទួលពិធីកាត់ស្បែក ហើយពុំមែនជាប្រជាជនរបស់ព្រះអង្គដែរ។ 27 ព្រះអង្គជ្រាបហើយថា គេបង្ខិតបង្ខំខ្ញុំម្ចាស់ ខ្ញុំម្ចាស់មិនចូលចិត្តពាក់មកុដ ជាព្រះមហាក្សត្រិយានីនៅទីសាធារណៈឡើយ ហើយក្រៅពីពេលនោះ ខ្ញុំម្ចាស់ក៏ពុំដែលពាក់ដែរ។ ខ្ញុំម្ចាស់ស្អប់ខ្ពើមមកុដនេះ ដូចខ្ពើមក្រណាត់ដែលប្រឡាក់ឈាម។ 28 ខ្ញុំម្ចាស់ជាអ្នកបម្រើព្រះអង្គ មិនដែលទទួលទានអាហាររួមតុជាមួយលោកហាម៉ាន់ទេ ខ្ញុំម្ចាស់ក៏ពុំបានចូលរួមក្នុងពិធីជប់លៀងរបស់ព្រះរាជា ឬទទួលទានស្រាក្នុងពិធីច្រូចស្រា ដល់ព្រះដទៃដែរ។ 29 បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ! តាំងពីខ្ញុំម្ចាស់បានឡើងឋានៈមកដល់សព្វថ្ងៃ ខ្ញុំម្ចាស់គ្មានសេចក្ដីសុខទេ។ ខ្ញុំម្ចាស់បានសេចក្ដីសុខ តែពេលដែលខ្ញុំម្ចាស់ នៅក្បែរព្រះអង្គប៉ុណ្ណោះ។ 30 ឱព្រះអម្ចាស់អើយ! ព្រះអង្គមានអំណាចគ្រប់គ្រង លើមនុស្សទាំងអស់! សូមព្រះអង្គព្រះសណ្តាប់ ពាក្យទូលអង្វររបស់អ្នកដែលអស់សង្ឃឹម! សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃមនុស្សពាល សូមជួយខ្ញុំម្ចាស់ រួចផុតពីការភ័យខ្លាចផង!»។