ជំពូក ៨

រាជ‌ក្រឹត្យ​ឲ្យ​សន្ដោស​ជន​ជាតិ​យូដា

1 នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌ចៅ​ស៊ែរសេស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន់ ជា​បច្ចា‌មិត្ត​របស់​ជន​ជាតិ​យូដា ទៅ​ឲ្យ​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ។ ព្រះ‌នាង​អេសធែរ​ទូល​ស្តេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេកាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​ព្រះ‌នាង ដូច្នេះ លោក​ម៉ាដេកាយ​ក៏​ចូល​មក​គាល់​ស្តេច។ 2 ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ព្រះ‌អង្គ​បាន​ដក​ហូត​ពី​លោក​ហាម៉ាន់ មក​ប្រគល់​ជូន​លោក​ម៉ាដេកាយ។ ព្រះ‌នាង​អេសធែរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេកាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន់​ដែរ។

3 ព្រះ‌នាង​អេសធែរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​ព្រះ‌នាង​ទូល​ស្តេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​ទៀប​ព្រះ‌បាទា​របស់​ស្តេច សូម​ព្រះ‌អង្គ​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន់ ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។ 4 ព្រះ‌រាជា​ហុច​ដំបង​មាស​ទៅ​ឲ្យ​ព្រះ‌នាង​អេសធែរ ព្រះ‌នាង​អេសធែរ​ក៏​ក្រោក​ឈរ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច។ 5 ព្រះ‌នាង​មាន​រាជ​សវនីយ៍​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ និង​រីក‌រាយ​ចំពោះ​ខ្ញុំ​ម្ចាស់​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន់ ជា​កូន​របស់​លោក​ហាមេ‌ដាតា និង​ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។ 6 ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ‌ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ‌ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​ម្ចាស់​បាន​ឡើយ!»។

7 ព្រះ‌ចៅ​ស៊ែរសេស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ និង​លោក​ម៉ាដេកាយ ដែល​ជា​ជន​ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន់​ថ្វាយ​ព្រះ‌នាង​អេសធែរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន់​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន​ជាតិ​យូដា​ដែរ។ 8 ឥឡូវ​នេះ សូម​ព្រះ‌មហា​ក្សត្រិ‌យានី និង​លោក រៀប​រៀង​រាជ‌សារ​មួយ ក្នុង​នាម​ព្រះ‌មហា​ក្សត្រ ជា​រាជ‌សារ​ដែល​ផ្តល់​ការ​អនុ‌គ្រោះ​ដល់​ជន​ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ហ្លួង​ផង ដ្បិត​រាជ‌បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។ 9 នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ‌សារ តាម​សេចក្ដី​ដែល​ម៉ាដេកាយ​បង្គាប់ ផ្ញើ​ទៅ​ជន​ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី គឺ​មាន​ទាំង​អស់​មួយ‌រយ​ម្ភៃ‌ប្រាំ​ពីរ​អាណា‌ខេត្ត។ រាជ‌សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន​ជាតិ​យូដា​ក៏​បាន​ទទួល​រាជ‌សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។ 10 គេ​បាន​សរសេរ​រាជ‌សារ​ក្នុង​នាម​ព្រះ‌ចៅ​ស៊ែរសេស ប្រថាប់​ត្រា​ហ្លួង ហើយ​អ្នក​នាំ​សារ​ត្រូវ​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្តេច នាំ​រាជ‌សារ​ទៅ​ចែក​ផ្សាយ។ 11 ក្នុង​លិខិត​នោះ ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល​ប្រមូល​ផ្តុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន​ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។ 12 ពួក​គេ​ត្រូវ​អនុវត្ត​រាជ‌សារ​នេះ តាម​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ចៅ​ស៊ែរសេស ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ទី​ដប់‌ពីរ ដែល​ជា​ខែ​ផល្គុន។ 13 អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ហើយ​ឲ្យ​ជន​ជាតិ​យូដា​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ 14 អ្នក​នាំ​សារ​ក៏​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្តេច នាំ​រាជ‌សារ​ចាក​ចេញ​ទៅ​យ៉ាង​រូត‌រះ។ គេ​ក៏​បាន​ប្រកាស​រាជ‌សារ​នេះ​នៅ​ក្រុង​ស៊ូសា ជា​រាជ​ធានី​ដែរ។

15 លោក​ម៉ាដេកាយ​ចាក​ចេញ​ពី​ព្រះ‌រាជា ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្តេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សម្រែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសា​ទាំង​មូល។ 16 ជន​ជាតិ​យូដា​ពោរ‌ពេញ​ដោយ​អំណរ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យ‌ជម្នះ។ 17 នៅ​តាម​អាណា‌ខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ​ទៅ​ដល់ ជន​ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន​ជាតិ​យូដា​ជា​ខ្លាំង។

លិខិត​គាំ‌ទ្រ​ជន​ជាតិ​យូដា

1 រាជ‌សារ​នេះ​មាន​ចែង​ដូច​ត​ទៅ៖ «ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស ជា​ព្រះ‌មហា​ក្សត្រ ផ្ញើ​រាជ‌សារ​នេះ ជូន​ដល់​មន្ត្រី​រាជ‌ការ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ‌រយ​ម្ភៃ‌ប្រាំពីរ តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី ព្រម​ទាំង​ដល់​ប្រជាជន ដ៏​ស្មោះ‌ត្រង់​នឹង​យើង សូម​ជ្រាប!
2 មនុស្ស​ជា​ច្រើន រមែង​ក្លាយ​ទៅ​ជា​មនុស្ស​មាន​ចិត្ត​លោភ‌លន់​ហួស​ប្រមាណ ដោយ​សារ​តែ​បាន​ទទួល​កិត្តិ‌យស​ខ្ពង់​ខ្ពស់ ពី​សំណាក់​អ្នក​មាន​គុណ​លើ​គេ។ 3 ពួក​គេ​មិន​ស្កប់​ចិត្ត​នឹង​កិត្តិ‌យស​ដែល​គេ​ទទួល​នោះ​ទេ គេ​មិន​គ្រាន់​តែ​មាន​បំណង​ធ្វើ​បាប​ប្រជា‌ពលរដ្ឋ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ឃុប​ឃិត​ប្រឆាំង​នឹង​ព្រះ‌រាជា ដែល​មាន​គុណ​លើ​គេ​ថែម​ទៀត​ផង។ 4 ពួក​គេ​មិន​គ្រាន់​តែ​មិន​ដឹង​គុណ​ចំពោះ​មនុស្ស​ឯ​ទៀតៗ​ទេ គឺ​បណ្ដោយ​ខ្លួន​ទៅ​តាម​អ្នក​បោក​ប្រាស់ ដែល​មិន​ដឹង​ល្អ​អាក្រក់​ថែម​ទៀត។ 5 មនុស្ស​ជា​ច្រើន​ដែល​កាន់​អំណាច តែង​តែ​ចាត់​តាំង​មិត្ត‌ភក្តិ​ដែល​ទុក​ចិត្ត ឲ្យ​ណែ​នាំ​កិច្ច‌ការ​របស់​ខ្លួន​ផ្ទាល់ ក្រោយ​មក​ក៏​ចាញ់​បោក​មិត្ត‌ភក្តិ ហើយ​រួម​គំនិត​ជា​មួយ​មិត្ត​សម្លាញ់​របស់​គេ​ទាំង​នោះ ដើម្បី​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់។ គេ​អាច​បង្ក​បង្កើត​នូវ​មហន្ត​រាយ​ដែល​មិន​អាច​កែ​ប្រែ​បាន​ឡើយ។ 6 មិត្ត‌ភក្ដិ​ទាំង​នោះ បាន​ប្រើ​ល្បិច​បញ្ឆោត​ព្រះ‌ហឫទ័យ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌រាជា។ 7 អ្នក​រាល់​គ្នា​អាច​សង្កេត​ឃើញ​ដោយ​ផ្ទាល់ ដោយ​មិន​បាច់​រំឭក​ពី​រឿង​និទាន​នៃ​សម័យ​បុរាណ ដែល​យើង​បាន​រៀប​រាប់​បញ្ជូល​មក​នោះ​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​តែ​សង្កេត​ហេតុ‌ការណ៍​ទាំង‌ឡាយ ដែល​កើត​ឡើង​នៅ​សម័យ​ឥឡូវ​នេះ អស់​អ្នក​ដែល​កាន់​អំណាច​បែប​មិន​ត្រឹម​ត្រូវ តែង​តែ​បង្កើត​ការ​អាក្រក់​បំផុត។ 8 នៅ​ពេល​អនាគត យើង​នឹង​ខិត​ខំ​ណែ​នាំ​រាជា‌ណាចក្រ​ឲ្យ​បាន​សន្តិ‌ភាព និង​សេចក្ដី​សុខ​សាន្ត ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន​ទាំង​អស់។ 9 យើង​នឹង​កែ​ប្រែ​សេចក្ដី​ទាំង‌ឡាយ​ដែល​ត្រូវ​ដូរ ហើយ​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​ដោយ​រិះ​គិត​ពិចារ‌ណា និង​ដោយ​យុត្តិធម៌​ផង។ 10 លោក​ហាម៉ាន់ ជា​កូន​របស់​លោក​ហាមេ‌ដាតា ជា​ជន​ជាតិ​ម៉ាសេដូន​ម្នាក់ មិន‌មែន​ជា​ជន​ជាតិ​ពែរ្ស​ទេ គាត់​គ្មាន​ចិត្ត​សប្បុរស ដូច​យើង​ឡើយ យើង​បាន​ទទួល​លោក ឲ្យ​នៅ​ជា​មួយ​យើង។ 11 យើង​ស្រឡាញ់​រាប់​អាន​លោក ដូច​យើង​ធ្លាប់​រាប់​អាន​ប្រជា‌ជាតិ​ទាំង‌ឡាយ រហូត​ដល់​ប្រទាន​ឲ្យ​គាត់​មាន​ឋានៈ​ជា “បិតា‌ជាតិ” និង​មន្ត្រី​ជាន់​ខ្ពស់​ជាង​គេ​បន្ទាប់​ពី​យើង​ផង! ហើយ​មនុស្ស​គ្រប់​គ្នា​ក្រាប​ថ្វាយ​បង្គំ​លោក។ 12 ប៉ុន្តែ លោក​មិន​បាន​ទប់​ចិត្ត លោភ​លន់​របស់​ខ្លួន​ឡើយ ហើយ​បែរ​ជា​ខិត​ខំ​ដក​ទាំង​រាជ​អំណាច ទាំង​ជីវិត​របស់​យើង​ទៅ​វិញ។ 13 លោក​ប្រើ​កល‌ល្បិច​គ្រប់​យ៉ាង ដើម្បី​បញ្ឆោត​យើង និង​ទាម‌ទារ សូម​ឲ្យ​យើង​ប្រហារ​ជីវិត​លោក ម៉ាដេកាយ ដែល​ជា​អ្នក​សង្គ្រោះ​យើង និង​ជា​អ្នក​មាន​គុណ​លើ​យើង​ជា‌និច្ច។ លោក​សូម​ឲ្យ​ប្រហារ​ជីវិត​ព្រះ‌នាង​អេសធែរ ជា​ស្ត្រី​ដ៏​ពេញ​លក្ខណៈ ដែល​រួម​ជីវិត​ជា​មួយ​យើង​ក្នុង​ការ​គ្រង​រាជ្យ ព្រម​ទាំង​សូម​ឲ្យ​យើង​ប្រល័យ​ប្រជា‌ជាតិ​ទាំង​មូល​របស់​គេ​ផង។ 14 ធ្វើ​ដូច្នេះ គាត់​ស្មាន​ថា យើង​គ្មាន​អ្វី​ទី​ពឹង​ទៀត ហើយ​អាច​ផ្ទេរ​រាជ​អំណាច​ពី​ជន​ជាតិ​ពែរ្ស ទៅ​ជន​ជាតិ​ម៉ាសេដូន​វិញ។ 15 ប៉ុន្តែ យើង​យល់​ឃើញ​ថា ជន​ជាតិ​យូដា ដែល​ជន​មហា​ពាល​ហាម៉ាន់ បម្រុង​នឹង​ប្រល័យ​ឲ្យ​ផុត​ពូជ​នោះ ពុំ​មែន​ជា​មនុស្ស​អាក្រក់​ទេ!។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រតិ‌បត្តិ​តាម​ច្បាប់​ត្រឹម​ត្រូវ​ណាស់។ 16 ពួក​គេ​ក៏​ជា​បុត្រ​ធីតា​របស់​ព្រះ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម ដែល​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​របស់​យើង បាន​សម្បូរ​សប្បាយ តាំង​ពី​ជំនាន់​ព្រះ‌អយ្យកោ​របស់​យើង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

17 ដូច្នេះ សូម​អស់​លោក​កុំ​អនុវត្ត​តាម​លិខិត​ដែល​លោក​ហាម៉ាន់ ជា​កូន​លោក​ហាម៉ា‌ដេតា បាន​ផ្ញើ​ជូន​មក​នោះ​ឡើយ។ 18 អ្នក​ដែល​សរសេរ​លិខិត​នេះ យើង​បាន​ឆ្កាង​នៅ​មាត់​ទ្វារ​ក្រុង​ស៊ូសា រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​គេ​ផង។ ព្រះ‌ជាម្ចាស់​ដែល​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ បាន​ដាក់​ទោស​លោក ស្រប​តាម​អំពើ​ដែល​គាត់​ប្រព្រឹត្ត​យ៉ាង​ទាន់​ហន់។
19 ចូរ​យក​រាជ‌សារ​នេះ ទៅ​ប្រកាស​គ្រប់​ទី​កន្លែង! ចូរ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​កាន់​តាម​ប្រពៃណី​របស់​គេ​ដោយ​សេរី! 20 ចូរ​ជួយ​ជ្រោម​ជ្រែង​ពួក​គេ​ឲ្យ​តតាំង​នឹង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ពួក​គេ នៅ​ថ្ងៃ​ទី​ដប់‌បី នៃ​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​កំណត់ ដើម្បី​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​គេ​ផង។ 21 ព្រះ‌អម្ចាស់​ដែល​គ្រប់​គ្រង​លើ​ពិភព‌លោក​ទាំង​មូល បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ថ្ងៃ​អំណរ​សប្បាយ ហើយ​មិន​មែន​ជា​ថ្ងៃ​ប្រល័យ​ពូជ​សាសន៍ សម្រាប់​ប្រជា‌រាស្ត្រ ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ឡើយ។ 22 អ្នក​រាល់​គ្នា​ក៏​ដូច្នេះ​ដែរ ត្រូវ​លើក​ថ្ងៃ​ដ៏​ប្រសើរ​នេះ ធ្វើ​ជា​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិ ដោយ​រៀប​ចំ​ពិធី​យ៉ាង​សប្បាយ​រីក​រាយ។ 23 ចាប់​ពី​ថ្ងៃ​នេះ ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត​ដែរ អ្នក​ស្មោះ‌ត្រង់​នឹង​ប្រជាជន​ពែរ្ស ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​រួច​ពី​គ្រោះ​មហន្ត‌រាយ​ដ៏​ធ្ងន់​ធ្ងរ។ រីឯ​អ្នក​ដែល​ឃុប​ឃិត​ប្រឆាំង​នឹង​យើង​វិញ គេ​នឹង​នឹក​ចាំ​ថា គេ​ត្រូវ​តែ​វិនាស​ពុំ​ខាន។ 24 យើង​នឹង​ប្រើ​កង‌ទ័ព​ទៅ​ដុត​បំផ្លាញ​ចោល​ក្រុង​ណា ឬ​អាណា​ខេត្ត​ណា​ដែល​មិន​អនុវត្ត​តាម​រាជ‌បញ្ជា​នេះ។ គ្មាន​មនុស្ស​ណា អាច​រស់​នៅ​ក្នុង​ក្រុង ឬ​អាណា​ខេត្ត​នោះ​ទៀត​ទេ សូម្បី​តែ​បក្សា‌បក្សី និង​សត្វ​តិរច្ឆាន ក៏​រត់​ពី​ក្រុង និង​អាណា​ខេត្ត​នោះ​អស់​កល្ប‌ជានិច្ច។

13 សូម​បិទ​រាជ‌សារ​នេះ ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ឲ្យ​ប្រជាជន​យូដា ឃើញ​ច្បាស់ ហើយ​ត្រៀម​ប្រយុទ្ធ​ទប់​ទល់​នឹង​អ្នក​ប្រឆាំង​គេ​នៅ​ថ្ងៃ​នោះ»។ 14 អ្នក​នាំ​សារ ជិះ​សេះ​ចាក​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌រាជា សូម្បី​នៅ​ក្រុង​ស៊ូសា ក៏​គេ​ប្រកាស​រាជ​ក្រឹត្យ​នេះ​ដែរ។

15 លោក​ម៉ាដេកាយ​ចាក​ចេញ​ពី​រាជ​វាំង ដោយ​ពាក់​ភូសា​របស់​ស្ដេច និង​ពាក់​មកុដ​មាស ព្រម​ទាំង​ឆ្នូត​ពណ៌​ក្រហម​ផង។ កាល​អ្នក​ក្រុង​ស៊ូសា​ឃើញ​លោក​ម៉ាដេកាយ គេ​អរ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ 16 រីឯ​ជន​ជាតិ​យូដា​វិញ ពួក​គេ​មាន​អំណរ​រីករាយ​ឥត​ឧបមា។ 17 នៅ​តាម​ទីក្រុង និង​តាម​អាណា​ខេត្ត​នីមួយៗ គឺ​គ្រប់​ទី​កន្លែង​ដែល​គេ​ប្រកាស​រាជ‌បញ្ជា​របស់​ស្ដេច ជន​ជាតិ​យូដា​មាន​អំណរ​សប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ ជាតិ​សាសន៍​ដទៃ​ជា​ច្រើន​ទៀត សុខ​ចិត្ត​ទទួល​ពិធី​កាត់​ស្បែក ហើយ​ចូល​សាសន៍​យូដា ព្រោះ​គេ​ខ្លាច​ជន​ជាតិ​យូដា។