ជំពូក ៥
ឃ
ព្រះនាងអេសធែរចូលទៅគាល់ព្រះមហាក្សត្រ
1 លុះដល់ថ្ងៃទីបី ព្រះនាងអេសធែរឈប់អង្វរព្រះអម្ចាស់ ព្រះនាងផ្លាស់អាវកាន់ទុក្ខចេញ ហើយពាក់ព្រះភូសាដ៏រុងរឿងវិញ។ កាលព្រះនាងទ្រង់ពាក់គ្រឿងដ៏រុងរឿងហើយ 2 ព្រះនាងក៏ទូលអង្វរព្រះជាម្ចាស់ ដែលឆ្វេងយល់ពីអ្វីៗសព្វសារពើ និងតែងតែសង្គ្រោះ។ បន្ទាប់មក ព្រះនាងនាំភីលៀងពីរនាក់យាងចូលគាល់ស្ដេច ព្រះនាងទន់ដៃទន់ជើង ផ្អែកលើភីលៀងម្នាក់ 3 ភីលៀងម្នាក់ទៀតដើរតាមក្រោយ ទាំងកាន់ស្បៃដ៏វែងអន្លាយ។ 4 ព្រះនាងរំភើបព្រះហឫទ័យ ទឹកមុខឡើងក្រហមព្រឿង ហើយមានរូបឆោមស្រស់ល្អបំផុត។ ព្រះនាងមានទឹកមុខញញឹមស្រស់ គួរជាទីពេញចិត្ត ប៉ុន្តែ ព្រះនាងបែរជារន្ធត់ចិត្ត និងភ័យខ្លាចជាខ្លាំង 5 ព្រះនាងយាងឆ្លងកាត់ទ្វារទាំងអស់នៃព្រះដំណាក់ ហើយឈរនៅចំពោះព្រះភ័ក្រ្ត របស់ព្រះមហាក្សត្រ។ ព្រះរាជាគង់នៅលើបល្ល័ង្ក ព្រះអង្គព្រះភូសាដ៏រុងរឿងរំលេចដោយមាស និងពេជ្រ គួរឲ្យស្ញែងខ្លាច តក់ស្លុត ជាខ្លាំង។ 6 ព្រះរាជាងើបព្រះភ័ក្ត្រឡើងទតមើលព្រះនាងទាំងក្រេវក្រោធ។ ពេលនោះ ព្រះមហាក្សត្រិយានីស្លុតស្មារតី ដោយភាពទន់ខ្សោយ ព្រះនាងឡើងស្លេកស្លាំង ក្រាបព្រះសិរសាលើស្មាភីលៀង ដែលនៅខាងមុខព្រះនាង។ 7 ពេលនោះ ព្រះជាម្ចាស់ប្ដូរព្រះហឫទ័យរបស់ស្ដេច ទៅជាទន់ភ្លន់វិញ។ ព្រះរាជាខ្វល់ព្រះហឫទ័យ ក៏ស្ទុះចុះពីបល្ល័ង្ក ហើយត្រកងបីព្រះនាង រហូតទាល់តែព្រះនាងដឹងស្មារតីឡើងវិញ។ ព្រះរាជាមានរាជឱង្ការផ្អែមល្ហែមទៅកាន់ព្រះនាងថា៖ 8 «តើអេសធែរ នាងកើតអ្វី? យើងជាស្វាមីរបស់នាងហើយ! ចូរកុំភ័យខ្លាចអ្វី 9 នាងមិនត្រូវបាត់បង់ព្រះជន្មឡើយ! រាជក្រឹត្យរបស់យើង សម្រាប់តែមនុស្សទូទៅប៉ុណ្ណោះទេ! 10 សូមយាងមកជិតយើងមក!»។ 11 ព្រះរាជាលើកដំបងរាជ្យធ្វើពីមាស មកដាក់លើស្មារបស់ព្រះនាងរួចថើបព្រះនាង ហើយមានរាជឱង្ការថា៖ «សូមមានសវនីយ៍មកចុះ»។
12 ព្រះនាងទូលថា៖ «បពិត្រព្រះអម្ចាស់ ខ្ញុំម្ចាស់ឃើញព្រះករុណា ដូចជាទេវទូតរបស់ព្រះជាម្ចាស់ ខ្ញុំម្ចាស់រំភើបចិត្ត តក់ស្លុត ដោយសារសិរីរុងរឿងរបស់ព្រះករុណា 13 ព្រះអម្ចាស់គួរឲ្យស្ងើចសរសើរ ហើយព្រះភ័ក្រ្តព្រះអង្គ បង្ហាញពីព្រះហឫទ័យសប្បុរស!»។ 14 ប៉ុន្តែ ពេលព្រះនាងមានសវនីយ៍ ព្រះនាងក៏ដួលជាថ្មី ដោយសារតែព្រះនាង នៅទន់ខ្សោយនៅឡើយ។ 15 ព្រះរាជាជ្រួលព្រះហឫទ័យយ៉ាងខ្លាំង ហើយរាជបម្រើជួយធ្វើឲ្យព្រះនាងដឹងស្មារតីឡើងវិញ។
៥
ព្រះនាងអេសធែរចូលគាល់ស្តេច
1 លុះដល់ថ្ងៃទីបី ព្រះនាងអេសធែរព្រះអង្គគ្រឿងសម្រាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្តេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។ 2 ពេលព្រះរាជាទតឃើញព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះ ស្តេចក៏មានព្រះហឫទ័យមេត្តាករុណាភ្លាម។ ស្តេចហុចដំបងមាសថ្វាយព្រះនាងអេសធែរ ព្រះនាងអេសធែរចូលទៅជិត ហើយពាល់ចុងដំបងនោះ។ 3 ស្តេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធែរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានឲ្យទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។ 4 ព្រះនាងអេសធែរទូលស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណាយាងទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ាន់ដែរ»។ 5 ព្រះរាជាចេញបញ្ជាឲ្យគេហៅលោកហាម៉ាន់ទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធែរ។ បន្ទាប់មក ព្រះរាជា និងលោកហាម៉ាន់ ក៏យាង និងអញ្ជើញទៅចូលរួមក្នុងពិធីជប់លៀង ដែលព្រះនាងអេសធែរបានរៀបចំ។ 6 ក្នុងពេលសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធែរថា៖ «តើមហាក្សត្រិយានីចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ 7 ព្រះនាងអេសធែរទូលស្តេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ? 8 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណា ព្រមទាំងលោកហាម៉ាន់ ស្តេចយាង និងអញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណាអំពីសំណូមពររបស់ខ្ញុំម្ចាស់»។
9 ថ្ងៃនោះ លោកហាម៉ាន់ចាកចេញទៅ ដោយមានចិត្តត្រេកអរសប្បាយ រកអ្វីប្រៀបស្មើពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំង តែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះ លោកហាម៉ាន់ខឹងនឹងលោកម៉ាដេកាយជាខ្លាំង។ 10 លោកទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរ៉េស ជាភរិយាមកជួប។ 11 លោកហាម៉ាន់អួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្តេចប្រទានឲ្យលោកធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្តេច។ 12 លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធែរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយព្រះរាជាទៀត។ 13 ទោះបីមានកិត្តិយសយ៉ាងនេះក្តី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាជនជាតិយូដា ប្រចាំការនៅមាត់ទ្វារវាំង»។ 14 លោកស្រីសេរ៉េស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កម្ពស់ហាសិបហត្ថ ហើយស្អែក លោកទូលសូមព្រះរាជាព្យួរ កម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ាន់ណាស់ លោកក៏ឲ្យគេដំឡើងបង្គោល។