ជំពូក ៣
លោកហាម៉ាន់ទូលសូមឲ្យស្តេចធ្វើទោសជនជាតិយូដា
1 ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន់ ជាកូនរបស់លោកហាមេដាតា ដែលជាពូជពង្សរបស់ស្តេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។ 2 ព្រះរាជាបានចេញបញ្ជាឲ្យរាជបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង ឱនគោរព និងថ្វាយបង្គំលោកហាម៉ាន់ តែលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកហាម៉ាន់ទេ។ 3 ពួករាជបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្តេច?»។ 4 ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជនជាតិយូដា។ ដូច្នេះ ពួកគេក៏រាយការណ៍ប្រាប់លោកហាម៉ាន់ ព្រោះចង់ដឹងថា តើលោកម៉ាដេកាយនៅតែប្រកាន់ជំហរបែបនេះ ឬយ៉ាងណា។ 5 ពេលលោកហាម៉ាន់ឃើញលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកទេនោះ លោកខឹងជាខ្លាំង។ 6 មានគេជម្រាបលោកហាម៉ាន់ថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ាន់ក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកម្ចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅស៊ែរសេស។ 7 នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅស៊ែរសេស គេបានបោះពួរីម*នៅចំពោះមុខលោកណាម៉ាន់ ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
8 លោកហាម៉ាន់ទូលព្រះចៅស៊ែរសេសថា៖ «មានជាតិសាសន៍មួយខុសពីជាតិសាសន៍ឯទៀតៗ ពួកគេរស់នៅក្នុងចំណោមជាតិសាសន៍ និងអាណាខេត្តទាំងប៉ុន្មាននៃរាជាណាចក្ររបស់ព្រះករុណា ពួកគេមានទំនៀមទម្លាប់ខុសប្លែកពីជាតិសាសន៍ដទៃ ហើយមិនគោរពច្បាប់របស់ព្រះករុណាទេ។ ហេតុនេះ មិនគួរព្រះករុណាទុកឲ្យពួកគេរស់នៅដោយសុខសាន្តឡើយ។ 9 ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ទូលបង្គំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជទ្រព្យ»។ 10 ព្រះរាជាក៏ដោះព្រះទម្រង់ ដែលជាត្រា ហុចទៅឲ្យលោកណាម៉ាន់ ជាកូនរបស់លោកហាមេដាតា និងជាពូជពង្សរបស់ស្តេចអកាក់ បច្ចាមិត្តរបស់ជនជាតិយូដា។ 11 ស្តេចមានរាជឱង្ការទៅកាន់លោកហាម៉ាន់ថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។ 12 នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន់ សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅស៊ែរសេស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។ 13 គេចាត់អ្នកនាំសារឲ្យយកលិខិតទាំងនោះ ទៅគ្រប់អាណាខេត្តរបស់ព្រះរាជា បញ្ជាឲ្យប្រល័យពូជសាសន៍យូដាទាំងអស់ ទាំងក្មេងប្រុស ទាំងមនុស្សចាស់ជរា ទាំងទារកដែលនៅបៅ ទាំងស្ត្រី ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។ ត្រូវប្រហារជីវិតពួកគេឲ្យវិនាសសូន្យ ក្នុងថ្ងៃតែមួយ គឺថ្ងៃទីដប់បី ក្នុងខែទីដប់ពីរ ដែលត្រូវនឹងខែផល្គុន។ 14 អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ដើម្បីឲ្យប្រជាជនទាំងអស់ត្រៀមខ្លួនជាស្រេច នៅថ្ងៃនោះ។ 15 ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញទៅ តាមបញ្ជារបស់ស្តេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសា ជារាជធានីដែរ។ ពេលនោះ ព្រះរាជាគង់សោយសុរាជាមួយលោកហាម៉ាន់ តែមានសម្រែកយំសោកពាសពេញក្រុងស៊ូសា។
ខ
លិខិតបញ្ជាឲ្យប្រល័យជនជាតិយូដា
1 រាជបញ្ជានេះមានចែងដូចតទៅ៖ «យើងព្រះចៅអ័រតាស៊ែរសេស ជាព្រះមហាក្សត្រ ចេញបញ្ជាដល់អស់លោកសព្វមុខមន្ត្រី និងទេសាភិបាលនៃអាណាខេត្តទាំងមួយរយម្ភៃប្រាំពីរ តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេត្យូពី មានសេចក្ដីដូចតទៅ៖ 2 យើងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល និងលើប្រជាជាតិមួយចំនួនធំ យើងមិនឈ្លក់វង្វេងនឹងអំនួតដោយកាន់អំណាចឡើយ ផ្ទុយទៅវិញ យើងគ្រប់គ្រងដោយចិត្តសប្បុរស និងសុភាពរាបសារជានិច្ច។ យើងចង់រក្សាជីវិតនៃប្រជារាស្ត្ររបស់យើង ឲ្យរស់នៅបានសុខសាន្តគ្រប់ពេលវេលា គឺធ្វើឲ្យរាជាណាចក្រមានអរិយធម៌ខ្ពស់ និងធានាសុវត្ថិភាពចំពោះការធ្វើដំណើរ រហូតដល់ព្រំប្រទល់ ព្រមទាំងឲ្យមានសន្តិភាពឡើងវិញ តាមបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប។
3 យើងសួរយោបល់ទីប្រឹក្សារបស់យើងថា តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យបានទៅដល់គោលដៅនោះ។ យើងយល់ឃើញថា លោកហាម៉ាន់ មានប្រាជ្ញាវាងវៃជាងគេ ចេះលើកហេតុផល ក្នុងការអនុវត្តការងារបានល្អ ហើយបម្រើយើងដោយចិត្តស្មោះត្រង់។ យើងតែងតាំងលោក ឲ្យមានមុខងារខ្ពស់ជាងគេបន្ទាប់ពីយើង ក្នុងរាជាណាចក្រទាំងមូល។ 4 លោកបានជម្រាបយើងឲ្យជ្រាបថា ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាន ដែលនៅពាសពេញលើផែនដី មានប្រជាជនមួយប្រភេទរស់នៅលាយឡំជាមួយគេ គឺប្រជាជនមួយដ៏អាក្រក់ មានច្បាប់ផ្ទុយនឹងច្បាប់នៃប្រជាជាតិនានា ពួកគេមិនគោរពតាមព្រះរាជក្រឹត្យ ហើយពួកគេប្រឆាំង មិនព្រមស្ថិតនៅក្រោមអំណាចរបស់យើង ដែលគ្រប់គ្រងដោយចិត្តទៀងត្រង់ និងគ្មានសៅហ្មង។
5 យើងដឹងថា មានតែប្រជាជាតិនេះទេ ដែលចេះតែប្រឆាំងនឹងមនុស្សទាំងអស់។ ប្រជាជាតិរស់នៅដាច់ដោយឡែកពីគេ និងកាន់តាមច្បាប់ខុសប្លែកពីគេ។ ប្រជាជាតិនេះ តែងតែប្រឆាំងនឹងកិច្ចការអ្វីៗដែលយើងធ្វើ ហើយប្រព្រឹត្តអំពើអាក្រក់បំផុត ដើម្បីកុំឲ្យរាជាណាចក្ររស់នៅយ៉ាងស្ថិតស្ថេរ។
6 ហេតុនេះហើយ បានជាយើងបញ្ជាឲ្យលុបបំបាត់ ពួកអ្នកដែលលោកហាម៉ាន់ បានកំណត់ក្នុងរាជក្រឹត្យ កុំឲ្យសល់ម្នាក់ឡើយ។ យើងបានតែងតាំងលោក ហាម៉ាន់ ឲ្យធ្វើជារដ្ឋមន្ត្រីទីមួយ ហើយក៏ចាត់ទុកជា បិតាទីពីររបស់ប្រជាជនយើងដែរ។ ពួកគេសុទ្ធតែជាខ្មាំងសត្រូវរបស់យើង។ ត្រូវសម្លាប់ពួកគេទាំងអស់ ទាំងស្ត្រី ទាំងក្មេងៗ ដោយគ្មានត្រាប្រណី គ្មានអាណិតអាសូរឡើយ នៅថ្ងៃទីដប់បួន នៃខែទីដប់ពីរ ត្រូវនឹងខែផល្គុននៃឆ្នាំនេះ។ 7 ធ្វើដូច្នេះ ដើម្បីឲ្យពួកដែលចេះតែប្រឆាំងនឹងយើង កាលពីអតីតកាល និងនៅបច្ចុប្បន្នកាល ត្រូវធ្លាក់ទៅស្ថានមច្ចុរាជនៅថ្ងៃតែមួយ។ ទៅថ្ងៃមុខ ពួកគេពុំអាចរារាំងរាជកិច្ចតទៅទៀតទេ យើងនឹងថែរក្សារាជាណាចក្រឲ្យនៅស្ថិតស្ថេរ ដោយគ្មានចលាចលអ្វីទៀតឡើយ»។
៣
14 គេប្រកាសរាជសារនៅក្នុងគ្រប់អាណាខេត្ត ហើយចេញបញ្ជាឲ្យប្រជាជាតិទាំងអស់ត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ។ 15 កិច្ចការនេះបានប្រព្រឹត្តទៅយ៉ាងប្រញាប់ សូម្បីតែនៅក្រុងស៊ូសាក៏ដូច្នោះដែរ។ ព្រះរាជាសោយសុរាជាមួយលោកហាម៉ាន់រហូតស្រវឹង រីឯប្រជាជនក្នុងក្រុងស៊ូសាវិញកំពុងជ្រួលច្របល់។