ជំពូក ១០
ព្រះចៅស៊ែរសេស និងលោកម៉ាដេកាយ
1 ព្រះចៅស៊ែរសេសបានបង្ខំប្រជាជនដែលរស់លើដីគោក និងនៅតាមកោះនានា ឲ្យបង់ពន្ធដារ។ 2 ឫទ្ធិអំណាច និងវីរភាពរបស់ព្រះរាជា ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីព្រះរាជា ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកម៉ែដ និងពែរ្ស។ 3 លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីព្រះចៅស៊ែរសេស។ លោកជាវរជនមួយរូបរបស់ជនជាតិយូដា ដែលជនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា។ លោកតែងតែផ្តល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់លោកជានិច្ច។
ឆ
1 លោកម៉ាដេកាយតែងតែពោលថា៖ «ព្រឹត្តិការណ៍ទាំងនេះកើតឡើង ដោយសារព្រះជាម្ចាស់។ 2 ខ្ញុំនឹកឃើញសុបិនដែលស្ដីអំពីព្រឹត្តិការណ៍ទាំងនេះ ហើយអ្វីៗក៏កើតឡើងឥតចន្លោះត្រង់ណាឡើយ។ 3 ប្រភពទឹកមួយដ៏តូច ប្រែជាទន្លេធំ រួចមានពន្លឺ មានព្រះអាទិត្យ និងមានទឹកជាច្រើន។ ទន្លេគឺព្រះនាងអេសធែរដែលព្រះរាជាយកធ្វើជាព្រះមហេសី និងតែងតាំងជាព្រះមហាក្សត្រិយានី។ 4 នាគពីរគឺលោកហាម៉ាន់ និងខ្ញុំផ្ទាល់។ 5 ប្រជាជាតិទាំងឡាយ គឺជាជាតិសាសន៍ដែលប្រមូលគ្នា ដើម្បីលុបបំបាត់ឈ្មោះរបស់ជនជាតិយូដា។ 6 ប្រជាជាតិរបស់ខ្ញុំ គឺប្រជាជនអ៊ីស្រាអែល ដែលស្រែកអង្វរព្រះជាម្ចាស់ ហើយព្រះអង្គក៏សង្គ្រោះពួកគេ។ ព្រះអម្ចាស់ បានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអម្ចាស់បានរំដោះយើងខ្ញុំ ឲ្យរួចពីគ្រោះកាចទាំងនោះ! ព្រះជាម្ចាស់បានសម្ដែងទីសម្គាល់ និងបាដិហារិយ៍យ៉ាងអស្ចារ្យ មិនដែលកើតមាន ដូច្នេះ ក្នុងចំណោមជាតិសាសន៍ដទៃឡើយ។ 7 ហេតុនេះហើយ បានជាព្រះអង្គបម្រុងទុកវាសនាពីរ មួយសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ មួយទៀតសម្រាប់ជាតិសាសន៍ដទៃទាំងអស់។ 8 វាសនាទាំងពីរនេះ កើតឡើងតាមពេលកំណត់ គឺនៅថ្ងៃ ដែលព្រះជាម្ចាស់វិនិច្ឆ័យជាតិសាសន៍ទាំងឡាយ។ 9 ព្រះជាម្ចាស់មិនបំភ្លេចប្រជារាស្ត្ររបស់ព្រះអង្គទេ ព្រះអង្គបានរកយុត្តិធម៌ ឲ្យប្រជារាស្រ្ដរបស់ព្រះអង្គផ្ទាល់។ 10 ហេតុនេះហើយ បានជានៅថ្ងៃទីដប់បួន និងដប់ប្រាំ នៃខែផល្គុន ជនជាតិអ៊ីស្រាអែលត្រូវជួបជុំគ្នា ប្រារព្ធពិធីយ៉ាងសែនសប្បាយរីករាយ នៅគ្រប់ដំណតរៀងទៅ។
11 នៅឆ្នាំទីបួន ក្នុងរជ្ជកាលព្រះបាទផ្ទូលេមេ និងព្រះនាងក្លេអូប៉ាត្រ លោកដូស៊ីតដែលអួតអាងថា ខ្លួនជាបូជាចារ្យ និងជាសមាជិកក្រុមលេវី និងលោកផ្ទូលេមេ ជាកូន រៀបរាប់លិខិតខាងលើនេះ។ លោកទាំងពីរប្រកាសថា លិខិតនេះពិតជាលិខិតស្ដីអំពីបុណ្យពួរីម ដែលលោកលីស៊ីម៉ាកជាកូនរបស់លោកផ្ទូលេមេ ជាអ្នកក្រុងយេរូសាឡឹម បានបកប្រែពីច្បាប់ដើម៕