ជំពូក ៤

លោក​ម៉ាដេកាយ​សុំ​អន្តរា‌គមន៍​ពី​ព្រះ‌នាង​អេសធែរ ជន​ជាតិ​យូដា​នាំ​គ្នា​តម​អាហារ

1 កាល​លោក​ម៉ាដេកាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀក‌បំពាក់ ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ លោក​ដើរ​កាត់​ទី‌ក្រុង ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។ 2 លោក​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង ដ្បិត​លោក​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។ 3 នៅ​តាម​អាណា‌ខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជ‌ក្រឹត្យ​ហើយ ជន​ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។

4 ពួក​ស្ត្រី​បម្រើ និង​មហា‌តលិក​របស់​ព្រះ‌នាង​អេសធែរ បាន​នាំ​ដំណឹង​នេះ មក​ទូល​ថ្វាយ​ព្រះ‌នាង ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​រន្ធត់​ព្រះ‌ហឫទ័យ​ពន់​ប្រមាណ។ ព្រះ‌នាង​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​លោក​ម៉ាដេកាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ទេ។ 5 ពេល​នោះ ព្រះ‌នាង​អេសធែរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេកាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។ 6 លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេកាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។ 7 លោក​ម៉ាដេកាយ​រៀប​រាប់​ប្រាប់​គាត់ អំពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន់ បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ប្រសិន​បើ​ស្តេច​ចេញ​បញ្ជា​ឲ្យ​គេ​ប្រល័យ​ជីវិត​ជន​ជាតិ​យូដា។ 8 លោក​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសា ស្តី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះ‌នាង​អេសធែរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ថ្វាយ​ព្រះ‌នាង​ផង។ លោក​ក៏​បាន​សូម​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌រាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូល‌អង្វរ​ព្រះ‌រាជា សម្រាប់​ជាតិ​សាសន៍​របស់​ព្រះ‌នាង។ 9 លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេកាយ ទៅ​ទូល​ព្រះ‌នាង​អេសធែរ។ 10 ព្រះ‌នាង​ប្រាប់​លោក​ហាថាក់​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេកាយ​វិញ​ថា៖ 11 «ពួក​រាជ​បម្រើ និង​ប្រជាជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្តេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្តេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្តេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះ‌រាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះ‌រាជា​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់ អស់‌រយៈ​ពេល​មួយ​ខែ​មក​ហើយ»។ 12 គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះ‌នាង​អេសធែរ ទៅ​ជម្រាប​លោក​ម៉ាដេកាយ។

13 លោក​ម៉ាដេកាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះ‌នាង​អេសធែរ​វិញ​ថា៖ «បពិត្រ​ព្រះ‌មហា​ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន​ជាតិ​យូដា​ទាំង​អស់​ឡើយ។ 14 ប្រសិន​បើ​ព្រះ‌នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន​ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះ‌នាង​វិញ ព្រះ‌នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះ‌នាង​បាន​ឡើង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន​ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។ 15 ពេល​នោះ ព្រះ‌នាង​អេសធែរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេកាយ​ថា៖ 16 «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសា ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្តេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។ 17 លោក​ម៉ាដេកាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​អេសធែរ​បង្គាប់។

ពាក្យ​អង្វរ​របស់​លោក​ម៉ាដេកាយ

1 លោក​ម៉ាដេកាយ ទូល​អង្វរ​ព្រះ‌អម្ចាស់ ដោយ​រំឭក ពី​ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត។ 2 លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ! ពិភព​ទាំង​មូល​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។ ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល​នោះ គ្មាន​នរណា​អាច​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ! 3 ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែន​ដី និង​អ្វីៗ​ដ៏​ល្អ​ប្រសើរ ដែល​មាន​នៅ​លើ​ផែន​ដី 4 ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់​លើ​អ្វី​ទាំង​អស់ គ្មាន​នរណា​ម្នាក់​អាច​ត​ទល់ នឹង​ព្រះ‌អង្គ​បាន​ទេ! 5 ព្រះ‌អង្គ​ឆ្វេង​យល់​អ្វីៗ​ទាំង​អស់! បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​លោក​ហាម៉ាន់ ជា​ជន​ក្រអឺត​ក្រទម​នោះ ពុំ​មែន​ដោយ​ចង់​បាន​អ្វី​ហួស​ពី​សមត្ថភាព​របស់​ខ្ញុំ​ទេ ពុំ​មែន​ដោយ​ចិត្ត​ក្រអឺត​ក្រទម ហើយ​ក៏​ពុំ​មែន​មាន​ចិត្ត​លោភ​លន់​ឡើយ! 6 ប៉ុន្តែ ឥឡូវ​នេះ​ដើម្បី​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល ទោះ​ជា​ឲ្យ​ខ្ញុំ​លិទ្ធ​បាត​ជើង​គាត់ ក៏​ខ្ញុំ​សុខ​ចិត្ត​ដែរ!។ 7 ប៉ុន្តែ ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ គឺ​ដើម្បី​មិន​លើក​កិត្តិ‌យស​របស់​មនុស្ស​ម្នាក់ ឲ្យ​បាន​ខ្ពស់​ជាង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់!។ ខ្ញុំ​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​នរណា ក្រៅ​ពី​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឡើយ ពុំ​មែន​មក​ពី​ខ្ញុំ​មាន​ចិត្ត​អំនួត​នោះ​ទេ។ 8 បពិត្រ​ព្រះ‌អម្ចាស់! ជា​ព្រះ‌មហា​ក្សត្រ ជា​ព្រះ​របស់​លោក​អប្រា‌ហាំ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រោស​ប្រណី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង! ខ្មាំង​សត្រូវ​ឃ្លាំ​មើល​យើង​ខ្ញុំ ដើម្បី​ប្រល័យ​ពូជ​សាសន៍​យើង​ខ្ញុំ ឲ្យ​វិនាស​សាប​សូន្យ ពួក​គេ​ចង់​បំផ្លាញ​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ​តាំង​ពី​ដើម​រៀង​មក។ 9 សូម​កុំ​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​ផ្ទាល់ ដែល​ព្រះ‌អង្គ​បាន​លោះ​ពី​ស្រុក​អេស៊ីប​មក​វិញ​ឡើយ! 10 សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ផង! សូម​អាណិត‌អាសូរ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ សូម​ប្រែ​ទុក្ខ​ព្រួយ​របស់​យើង​ខ្ញុំ ឲ្យ​ទៅ​ជា​អំណរ​សប្បាយ​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត ហើយ​នាំ​គ្នា​ច្រៀង លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ!។ បពិត្រ​ព្រះ‌អម្ចាស់! សូម​កុំ​បណ្ដោយ​ឲ្យ​អ្នក​ដែល​ធ្លាប់​តែ​កោត​សរសើរ​ព្រះ‌អង្គ បាត់​បង់​ជីវិត​ឡើយ!»។ 11 ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពេញ​ទំហឹង ដ្បិត​ពួក​គេ​យល់​ឃើញ​ថា ពួក​គេ​មុខ​ជា​ស្លាប់​ជា​ពុំ​ខាន។

ពាក្យ​អង្វរ​របស់​ព្រះ‌នាង​អេសធែរ

12 ព្រះ‌មហា​ក្សត្រិយានី​អេសធែរ តប់​ប្រមល់​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ចូល​ទិវង្គត។ ព្រះ‌នាង​រត់​ទៅ​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​ព្រះ‌អង្គ​ជួយ។ 13 ព្រះ‌នាង​ដក​ព្រះ‌ភូសា​ដ៏​រុង​រឿង ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​កាន់​ទុក្ខ​វិញ។ ព្រះ‌នាង​យក​ផេះ និង​សំរាម​មក​ដាក់​លើ​ព្រះ‌កេស ជំនួស​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ។ ព្រះ‌នាង​ដាក់​ខ្លួន​យ៉ាង​តឹង​តែង និង​លះ​បង់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌នាង​ធ្លាប់​តាក់​តែង​កាយ ហើយ​ព្រះ‌នាង​មិន​សិត​សក់​ទៀត​ផង។ 14 ព្រះ‌នាង​ទូល​អង្វរ​ព្រះ‌ជា​អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​នៃ​យើង​ខ្ញុំ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ព្រះ‌ជាម្ចាស់។ សូម​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ម្ចាស់​ផង! ដ្បិត​ខ្ញុំ​ម្ចាស់​នៅ​ម្នាក់​ឯង គ្មាន​នរណា​ទី​ពឹង​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ 15 ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​ប្រថុយ​ជីវិត។ 16 តាំង​ពី​កើត​មក ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​តៗ​គ្នា ក្នុង​កុល‌សម្ព័ន្ធ​របស់​ដូន‌តា​ខ្ញុំ​ម្ចាស់​ថា៖ “ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ប្រជាជន​អ៊ីស្រា‌អែល ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ដូន‌តា​របស់​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​បុព្វ‌បុរស​ទាំង‌ឡាយ ដើម្បី​ឲ្យ​ពួក​គេ​ទៅ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ អស់​កល្ប‌ជានិច្ច។ ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ដូន‌តា​របស់​យើង​ខ្ញុំ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ 17 ឥឡូវ​នេះ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ ឲ្យ​ទៅ​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ 18 ដ្បិត​យើង​ខ្ញុំ​បាន​គោរព​បម្រើ​ព្រះ​របស់​ពួក​គេ។ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​សុចរិត​មែន។ 19 ឥឡូវ​នេះ ទោះ​បី​យើង​ខ្ញុំ​ជា​ទាស‌ករ​យ៉ាង​សែន​វេទនា​របស់​ពួក​គេ​ក៏​ដោយ ក៏​ពួក​គេ​មិន​ស្កប់​ចិត្ត​ទេ! គេ​បាន​ស្បថ នៅ​ចំពោះ​មុខ​ព្រះ‌ក្លែង‌ក្លាយ​របស់​ពួក​គេ​ថា 20 នឹង​លុប​បំបាត់ មិន​ឲ្យ​គោរព​ធម្ម‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។ ពួក​គេ​ប៉ង​ប្រាថ្នា​បំផ្លាញ​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ឲ្យ​វិនាស​សាប​សូន្យ គេ​ចង់​បិទ​មាត់​អស់​អ្នក ដែល​គោរព​កោត​សរសើរ​ព្រះ‌អង្គ និង​រំលំ​ព្រះ‌រាជ​ដំណាក់​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​វាយ​កម្ទេច​អាសនៈ​របស់​ព្រះ‌អង្គ​ផង! 21 ពួក​គេ​ទុក​ឱកាស​ឲ្យ​ជាតិ​សាសន៍​នានា សរសើរ​ព្រះ‌ដ៏​ឥត​បាន​ការ​របស់​ពួក​គេ និង​លើក​តម្កើង​ព្រះ‌មហា​ក្សត្រ​អស់​កល្ប‌ជានិច្ច ទោះ​បី​ស្ដេច​នោះ​ជា​មនុស្ស​ដែល​រមែង​តែង​តែ​ស្លាប់​ក្ដី។ 22 បពិត្រ​ព្រះ‌អម្ចាស់! សូម​កុំ​ប្រគល់​អំណាច​របស់​ព្រះ‌អង្គ ឲ្យ​ព្រះ‌ក្លែង‌ក្លាយ​ដែល​គ្មាន​ជីវិត! សូម​កុំ​បណ្ដោយ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ចំអក​យើង​ខ្ញុំ​ដែល​ត្រូវ​វិនាស​ឡើយ! សូម​បង្វែរ​គម្រោង‌ការ​របស់​ពួក​គេ ឲ្យ​ធ្លាក់​លើ​ពួក​គេ​វិញ! សូម​ព្រះ‌អង្គ​ដាក់​ទោស​ដល់​អ្នក​ដែល​ផ្ដើម​គំនិត​បំផ្លាញ​យើង​ខ្ញុំ។

23 បពិត្រ​ព្រះ‌អម្ចាស់! សូម​កុំ​បំផ្លាញ​យើង​ខ្ញុំ​ឡើយ! នៅ​ពេល​យើង​ខ្ញុំ​ជួប​គ្រោះ​អាសន្ន សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​លើ​ព្រះ​ទាំង‌ឡាយ! ព្រះ‌អង្គ​ជា​ម្ចាស់​លើ​អស់​អ្នក​ដែល​កាន់​អំណាច! សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ក្លាហាន​ផង។ 24 ពេល​ខ្ញុំ​ម្ចាស់​ទៅ​គាល់​ស្ដេច ដែល​ប្រៀប​ដូច​ជា​សត្វ​សិង្ហ គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន ឲ្យ​ខ្ញុំ​ម្ចាស់​ចេះ​ពោល​ពាក្យ​សម្ដី​ពី​រោះ​ផ្អែម​ល្ហែម សូម​បង្វែរ​ព្រះ‌ហឫទ័យ​ស្ដេច​នោះ ឲ្យ​ស្អប់​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ ព្រម​ទាំង​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ និង​បក្ស​ពួក​របស់​ពួក​គេ​ផង! 25 បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រើ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ មក​រំដោះ​យើង​ខ្ញុំ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ម្ចាស់​ផង! ខ្ញុំ​ម្ចាស់​ម្នាក់​ឯង គ្មាន​នរណា​ទី​ពឹង​ក្រៅ​ពី​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌អង្គ​ឈ្វេង​យល់​គ្រប់​កិច្ច‌ការ​ទាំង​អស់ 26 ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ខ្ញុំ​ម្ចាស់​តែង​តែ​ស្អប់​កិត្តិ‌យស ដែល​អស់​អ្នក​មិន​កាន់​តាម​ធម្ម‌វិន័យ​របស់​ព្រះ‌អង្គ​ប្រគល់​ឲ្យ ខ្ញុំ​ម្ចាស់​ក៏​ស្អប់​ខ្ពើម មិន​រួម​ដំណេក​ជា​មួយ​បុរស​ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក ហើយ​ពុំ​មែន​ជា​ប្រជាជន​របស់​ព្រះ‌អង្គ​ដែរ។ 27 ព្រះ‌អង្គ​ជ្រាប​ហើយ​ថា គេ​បង្ខិត​បង្ខំ​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​មិន​ចូល​ចិត្ត​ពាក់​មកុដ ជា​ព្រះ‌មហា​ក្សត្រិយានី​នៅ​ទី​សាធារណៈ​ឡើយ ហើយ​ក្រៅ​ពី​ពេល​នោះ ខ្ញុំ​ម្ចាស់​ក៏​ពុំ​ដែល​ពាក់​ដែរ។ ខ្ញុំ​ម្ចាស់​ស្អប់​ខ្ពើម​មកុដ​នេះ ដូច​ខ្ពើម​ក្រណាត់​ដែល​ប្រឡាក់​ឈាម។ 28 ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​ព្រះ‌អង្គ មិន​ដែល​ទទួល​ទាន​អាហារ​រួម​តុ​ជា​មួយ​លោក​ហាម៉ាន់​ទេ ខ្ញុំ​ម្ចាស់​ក៏​ពុំ​បាន​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​របស់​ព្រះ‌រាជា ឬ​ទទួល​ទាន​ស្រា​ក្នុង​ពិធី​ច្រូច​ស្រា ដល់​ព្រះ​ដទៃ​ដែរ។ 29 បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រា‌ហាំ! តាំង​ពី​ខ្ញុំ​ម្ចាស់​បាន​ឡើង​ឋានៈ​មក​ដល់​សព្វ​ថ្ងៃ ខ្ញុំ​ម្ចាស់​គ្មាន​សេចក្ដី​សុខ​ទេ។ ខ្ញុំ​ម្ចាស់​បាន​សេចក្ដី​សុខ តែ​ពេល​ដែល​ខ្ញុំ​ម្ចាស់ នៅ​ក្បែរ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ 30 ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​មាន​អំណាច​គ្រប់​គ្រង លើ​មនុស្ស​ទាំង​អស់! សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ពាក្យ​ទូល​អង្វរ​របស់​អ្នក​ដែល​អស់​សង្ឃឹម! សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​មនុស្ស​ពាល សូម​ជួយ​ខ្ញុំ​ម្ចាស់ រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ផង!»។