ជំពូក ២

នាង​អេសធែរ​ឡើង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ចៅ​ស៊ែរសេស​ស្ងប់​ព្រះ‌ពិរោធ ស្តេច​នឹក​ដល់​ព្រះ‌នាង​វ៉ាសធី និង​អំពើ​ដែល​ព្រះ‌នាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សម្រេច​របស់​ស្តេច​ចំពោះ​ព្រះ‌នាង។ 2 ពួក​រាជ​បម្រើ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះ‌ករុណា។ 3 សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសា។ សូម​ឲ្យ​លោក​ហេកេ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្តល់​គ្រឿង​សម្អាង​កាយ​ផង។ 4 ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាសធី»។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ ហើយ​សម្រេច​តាម​សំណើ​នេះ។

5 នៅ​រាជ​ធានី​ស៊ូសា មាន​ជន​ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេកាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ 6 លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ‌ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូនីយ៉ា ជា​ស្តេច​ស្រុក​យូដា។ 7 នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដាសា គឺ​នាង​អេសធែរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធែរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។

8 នៅ​ពេល​ស្តេច​ចេញ​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជ‌ធានី​ស៊ូសា ឲ្យ​លោក​ហេកេ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធែរ​មក​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ហើយ​ប្រគល់​ឲ្យ​លោក​ហេកេ ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​ដែរ។ 9 លោក​ហេកេ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់ ប្រគល់​គ្រឿង​សម្អាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ​ពីរ​នាក់ ដែល​ជ្រើស‌រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។ 10 នាង​អេសធែរ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេកាយ​បាន​ហាម​នាង​ប្រាប់​ឲ្យ​គេ​ដឹង។ 11 រៀង​រាល់​ថ្ងៃ លោក​ម៉ាដេកាយ​តែង‌តែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធែរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។

12 ស្ត្រី​ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី​ត្រូវ​រៀប‌ចំ​ខ្លួន​ដប់‌ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះ‌ចៅ​ស៊ែរសេស។ ពួក​នាង​ត្រូវ​សម្អាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សម្អាង​កាយ​ផ្សេងៗ​សម្រាប់​ស្ត្រី ស្រប​តាម​ពិធី‌ការ​ដែល​មាន​ចែង​ទុក។ 13 ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្តេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។ 14 នាង​ទៅ​គាល់​ស្តេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាសកាស ជា​មហា‌តលិក​របស់​ស្តេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្តេច​វិញ​ទេ លើក‌លែង​តែ​ស្តេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។

15 លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្តេច នាង​អេសធែរ ជា​កូន​របស់​លោក​អប៊ីកាអ៊ីល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេកាយ ហើយ​លោក​ម៉ាដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធែរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកេ ជា​មហា‌តលិក​របស់​ស្តេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធែរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។ 16 គេ​បាន​មក​នាំ​នាង​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ស៊ែរសេស នៅ​ព្រះ‌បរម‌រាជ‌វាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ 17 ព្រះ‌រាជា​ស្រឡាញ់​នាង​អេសធែរ​លើស​ស្ត្រី​ឯ‌ទៀតៗ ស្តេច​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះ‌ហឫទ័យ​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ‌ទៀតៗ។ ពេល​នោះ ស្តេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាសធី។ 18 ក្នុង​ឱកាស​អភិសេក​ព្រះ‌នាង​អេសធែរ ព្រះ‌រាជា​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។ ស្តេច​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់ ព្រម​ទាំង​ចែក​អំណោយ​ទាន​ដោយ​ព្រះ‌ហឫទ័យ​ទូលំ‌ទូលាយ។

19 នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេកាយ​មាន​មុខ‌ងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។ 20 មក​ទល់​ពេល​នោះ ព្រះ‌នាង​អេសធែរ​ពុំ​ទាន់​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះ‌នាង​ទេ គឺ​ព្រះ‌នាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេកាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះ‌នាង​ស្ថិត​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គាត់​នៅ​ឡើយ។

21 នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេកាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្តេច គឺ​លោក​ប៊ីគតាន និង​លោក​តេរ៉េស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​ស៊ែរសេស។ 22 លោក​ម៉ាដេកាយ​ដឹង​គម្រោង‌ការ​របស់​ពួក​គេ លោក​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះ‌នាង​អេសធែរ ហើយ​ព្រះ‌នាង​អេសធែរ​ក៏​យក​ទៅ​ទូល​ស្តេច ក្នុង​នាម​លោក​ម៉ាដេកាយ។ 23 គេ​បាន​ធ្វើ​អង្កេត​រឿង​នេះ ឃើញ​ថា​ជា​ការ​ពិត​មែន គេ​ក៏​ព្យួរ ក​មហា‌តលិក​ទាំង​ពីរ​នៅ​លើ​បង្គោល​មួយ។ ហេតុ‌ការណ៍​នេះ​មាន​កត់‌ត្រា​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ។