ជំពូក ៩

ការ​អញ្ជើញ​របស់​ព្រះ‌ប្រាជ្ញា‌ញាណ

1 ព្រះ‌ប្រាជ្ញា‌ញាណ​បាន​រៀប‌ចំ​សសរ​ប្រាំ​ពីរ សម្រាប់​សង់​ផ្ទះ។ 2 ព្រះ‌ប្រាជ្ញា‌ញាណ​បាន​សម្លាប់​សត្វ រៀប‌ចំ​សុរា និង​រៀប‌ចំ​តុ សម្រាប់​ធ្វើ​ពិធី​ជប់‌លៀង។ 3 ព្រះ‌ប្រាជ្ញា‌ញាណ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ទី‌ក្រុង​ថា: 4 «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា 5 ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀប‌ចំ​ទុក​ជា​ស្រេច។ 6 ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្តល់​ការ​ចេះ​ដឹង​វិញ!»។

អ្នក​ប្រាជ្ញ និង​អ្នក​វាយ​ឫក​ខ្ពស់

7 អ្នក​ណា​ស្តី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ អ្នក​ណា​ស្តី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​គេ​ជេរ​វិញ។ 8 កុំ​ស្តី​បន្ទោស​មនុស្ស​វាយ‌ឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក។ បើ​អ្នក​ស្តី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។ 9 សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។
10 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជាជន​ដ៏‌វិសុទ្ធ។ 11 ប្រាជ្ញា​ផ្តល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។ 12 បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។

ដំណើរ​លេលា

13 ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូ‌ឡា ឆោត‌ល្ងង់ គ្មាន​ដឹង​អ្វី​ទាំង​អស់។ 14 ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅ‌អី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទី‌ក្រុង 15 ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម‌ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា: 16 «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា 17 សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។ 18 អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា​ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។