ពាក្យលំនាំ
«ព្រះគម្ពីរសុភាសិត» ផ្សំឡើងដោយដំបូន្មាន ពាក្យប្រៀនប្រដៅ និងគតិបណ្ឌិតផ្សេងៗ ស្តីអំពីប្រាជ្ញា និងដំណើរជីវិតរស់នៅរៀងរាល់ថ្ងៃ សមស្របតាមសីលធម៌។ សេចក្ដីបង្រៀនទាំងនេះមានប្រភពមកពីព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកប្រាជ្ញបណ្ឌិតជាតិអ៊ីស្រាអែល និងជាតិដទៃជាច្រើនរូបទៀត។ គេហៅកណ្ឌគម្ពីរនេះថា «សុភាសិតរបស់ព្រះបាទសាឡូម៉ូន» ព្រោះព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល ដែលគេចាត់ទុកជាអ្នកប្រាជ្ញបណ្ឌិតមួយរូបដ៏ចំណាននៅបុរាណកាល។ គេរាប់បញ្ចូលព្រះគម្ពីរសុភាសិតក្នុងចំណោមស្នាដៃអក្សរសិល្ប៍របស់ប្រជាជាតិនានា នៅមជ្ឈិមបូព៌ាប្រទេស ជាសេចក្ដីដែលចាស់ព្រឹទ្ធាចារ្យនៅជំនាន់ដើម ចងក្រងគោលគំនិត ដែលបានមកពីបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃ សម្រាប់អប់រំកូនចៅនៅជំនាន់ក្រោយ។
ព្រះគម្ពីរសុភាសិតនេះជាគោលគំនិត ចងក្រងឡើងនៅជំនាន់ផ្សេងៗគ្នា ដែលយើងអាចចែកចេញជាបីផ្នែក:
- ១. សេចក្ដីបង្រៀនអំពីប្រាជ្ញា (១.១‑៩.១៨):
ក្នុងផ្នែកនេះ មានបរិយាយអំពីប្រាជ្ញា ដែលគេប្រដូចទៅនឹងបុគ្គលមួយរូប។ ប្រាជ្ញានេះមានប្រភពមកពីព្រះជាម្ចាស់ ហើយការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រភពនៃប្រាជ្ញា។ - ២. សុភាសិតរបស់ព្រះបាទសាឡូម៉ូន (១០.១‑២៩.២៧):
ក្នុងផ្នែកនេះ មានសេចក្ដីអប់រំរបស់ព្រះបាទសាឡូម៉ូន ព្រមទាំងមានសេចក្ដីប្រៀនប្រដៅរបស់អ្នកប្រាជ្ញបណ្ឌិតមួយចំនួន (២២.១៧‑២៤.៣៤)។ - ៣. សុភាសិតផ្សេងៗ (៣០-៣១):
ផ្សំឡើងដោយបួនផ្នែកខ្លីៗ ដែលមានខ្លឹមសារប្លែកៗពីគ្នា។ ក្នុងផ្នែក នេះមានពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញបណ្ឌិតសាសន៍ដទៃ រាប់បញ្ចូលជាមួយពាក្យទូន្មានរបស់អ្នកប្រាជ្ញបណ្ឌិតសាសន៍អ៊ីស្រាអែលដែរ។
«ព្រះគម្ពីរសុភាសិត» មិនសង្កត់ទៅលើប្រវត្តិរបស់ជនជាតិអ៊ីស្រាអែល ដូចកណ្ឌគម្ពីរឯទៀតៗនៃព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទេ។ ផ្ទុយទៅវិញ ជាពាក្យប្រៀនប្រដៅ និងពាក្យដាស់តឿន ចំពោះបុគ្គលម្នាក់ៗ ឲ្យចេះរស់នៅត្រឹមត្រូវ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតាមគន្លងធម៌ ដែលផ្តល់ឲ្យមានសុភមង្គល។ រីឯមនុស្សអាក្រក់ មនុស្សល្ងីល្ងើ មនុស្សរកប្រាក់បានដោយអយុត្តិធម៌…រមែងបោះជំហានទៅរកសេចក្ដីវិនាស។
ព្រះគម្ពីរសុភាសិតបំភ្លឺយើងឲ្យស្គាល់គោលគំនិតដ៏ល្អៗ ដែលជាលទ្ធផលនៃបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិអ៊ីស្រាអែល។ លោកអ្នកអាចស្វែងយល់អំពីរបៀបដែលអ្នកប្រាជ្ញបណ្ឌិតគិតគូរ និងដោះស្រាយក្នុងពេលជួបប្រទះបញ្ហា ឬស្ថានភាពអ្វីមួយ។ ពេលអានកណ្ឌគម្ពីរនេះចប់ លោកអ្នកមុខជាឃើញថា នៅបច្ចុប្បន្នកាលនេះ យើងតែងតែប្រឈមមុខទល់នឹងស្ថានភាពស្រដៀងគ្នា។ ដូច្នេះ យើងអាចយកគោលគំនិតពី «ព្រះគម្ពីរសុភាសិត» ទុកជាជំហរ សម្រាប់រកដំណោះស្រាយក្នុងជីវិតរបស់យើងផ្ទាល់។