ជំពូក ២៩
1 អ្នកដែលរឹងរូស មិនព្រមទទួលការស្តីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។
2 កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ដ្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ដ្រនឹងស្រែកថ្ងូរ។
3 អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត រីឯអ្នកដែលសេពគប់ជាមួយស្រីពេស្យា រមែងបង្ហិនទ្រព្យសម្បត្តិ។
4 ស្តេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចម្រើនឡើង រីឯស្តេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។
5 អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។
6 មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។
7 មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។
8 មនុស្សចំអកឡកឡឺយ រមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។
9 ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្តីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្តី ក៏គាត់មិនបានស្ងប់ចិត្តដែរ។
10 ពួកឃាតករមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។
11 មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។
12 កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
13 អ្នកទុរគត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់ប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។
14 ស្តេចដែលវិនិច្ឆ័យទោសប្រជារាស្ដ្រក្រីក្រដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។
15 ការវាយប្រដៅ និងការស្តីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្តោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។
16 កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។
17 ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។
18 ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។
19 គេមិនអាចប្រដៅខ្ញុំបម្រើនឹងពាក្យសម្ដីបានទេ ដ្បិតទោះបីវាយល់ក្តី ក៏វាមិនធ្វើតាមដែរ។
20 ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
21 បើអ្នកទំរើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយ វានឹងមិនស្ដាប់បង្គាប់អ្នកឡើយ។
22 មនុស្សឆាប់ខឹងរមែងបង្កជម្លោះ រីឯអ្នកដែលមានចិត្តកំរោល រមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
23 អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលមានចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
24 អ្នកណាសមគំនិតជាមួយចោរ អ្នកនោះស្អប់ខ្លួនឯង ព្រោះគេដឹងថា ខ្លួនត្រូវបណ្ដាសា តែមិនហ៊ានធ្វើជាសាក្សីទេ។
25 ភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្ដីសុខ។
26 មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗរូប។
27 មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។