ជំពូក ២៣

1 កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ តោង​គិត​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។ 2 បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។ 3 កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។
4 កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ‌សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន ចង់​បាន​ដែរ។ 5 អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។
6 កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ។ 7 ចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ‌ត្រង់​ជា​មួយ​អ្នក​ឡើយ។ 8 ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់‌ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសា‌បង់។
9 កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើល‌ងាយ​ពាក្យ​ប្រកប​ដោយ​សុភ‌និច្ឆ័យ​របស់​អ្នក។
10 កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន‌កំព្រា​ដែរ 11 ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការ‌ពារ​គេ ព្រះ‌អង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិ‌ធម៌​ឲ្យ​គេ។
12 ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។
13 កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ‌បី​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។
14 បើ​អ្នក​វាយ​វា អ្នក​នឹង​ជួយ​ការ‌ពារ​វា​ឲ្យ​រួច​ពី​ស្លាប់។ 15 កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។ 16 បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។
17 កុំ​ចង់​យក​តម្រាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោត​ខ្លាចព្រះ‌អម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ 18 ធ្វើ​ដូច្នេះ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។
19 កូន​អើយ ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀង‌ត្រង់។ 20 កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ 21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សម្លៀក‌បំពាក់។
22 ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។ 23 ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា 24 ឪពុក​របស់​មនុស្ស​សុចរិត​តែង‌តែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។ 25 ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើស‌លប់។
26 កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។ 27 ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។ 28 ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។
29 តើ​អ្នក​ដែល​ត្រូវ​គេ​មើល‌ងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូ‌រទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា? 30 គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។ 31 កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។ 32 នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​ចឹក។ 33 ភ្នែក​របស់​អ្នក​ព្រិល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។ 34 អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្តោង​សំពៅ។ 35 អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។