ជំពូក ២០

1 សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែង‌តែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។
2 កំហឹង​របស់​ស្តេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្តេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។
3 អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជម្លោះ អ្នក​នោះ​តែង‌តែ​ទទួល​កិត្តិ‌យស រីឯ​មនុស្ស​ល្ងី‌ល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។
4 នៅ​រដូវ​វស្សា មនុស្ស​កម្ជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចម្រូត គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។
5 គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាស‌វៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។
6 មនុស្ស​ជា​ច្រើន​អះ‌អាង​ថា​ខ្លួន​សប្បុរស តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។
7 មនុស្ស​សុចរិត​តែង‌តែ​រស់​នៅ ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។
8 កាល​ណា​ស្តេច​ប្រកប​ដោយ​យុត្តិ‌ធម៌​គង់​លើ​រាជ‌បល្ល័ង្ក ព្រះ‌អង្គ​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។
9 តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»?។
10 បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ។
11 សូម្បី​តែ​កូន​ក្មេង​ក៏​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម‌ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។
12 ត្រចៀក​សម្រាប់​ស្ដាប់ និង​ភ្នែក​សម្រាប់​មើល សុទ្ធ​តែ​ព្រះ‌អម្ចាស់​បង្កើត​មក​ដូច​គ្នា។
13 បើ​អ្នក​គិត​តែ​ពី​ដេក អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់‌គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។
14 អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។
15 មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។
16 បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
17 អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។
18 យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះ‌គិត​ឲ្យ​បាន​ដិត​ដល់​ជា​មុន។
19 អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។
20 អ្នក​ណា​ប្រទេច‌ផ្តាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។
21 អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ព្រះ‌ពរ​ឡើយ។
22 កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ្នក។
23 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។
24 ព្រះ‌អម្ចាស់​តែង‌តែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។
25 ចូរ​រិះ‌គិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ដើម្បី​កុំ​ឲ្យ​ស្តាយ​ក្រោយ។
26 ស្តេច​មាន​ប្រាជ្ញា​តែង‌តែ​កម្ចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។
27 វិញ្ញាណ​របស់​មនុស្ស ជា​ចង្កៀង ដែល​មក​ពី​ព្រះ‌អម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជម្រៅ​ចិត្ត​របស់​គេ។
28 សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ រមែង​ជួយ​ការ‌ពារ​ស្តេច ហើយ​ព្រះ‌អង្គ​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយ‌សារ​យុត្តិ‌ធម៌។
29 កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិ‌យស​របស់​មនុស្ស​ចាស់។
30 របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។