ជំពូក ១៥
1 ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។
2 សម្ដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
3 ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
4 ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្តល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។
5 មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្តីប្រដៅជាមនុស្សឆ្លាត។
6 ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។
7 សម្ដីរបស់អ្នកមានប្រាជ្ញារមែងបណ្តុះបណ្តាលចំណេះ រីឯមនុស្សខ្លៅវិញ មិនអាចបណ្តុះបណ្តាលបានទេ។
8 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
9 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។
10 អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្តីប្រដៅតែងតែស្លាប់។
11 ព្រះអម្ចាស់ជ្រាបអ្វីៗនៅស្ថានមច្ចុរាជ និងនៅនរកអវិចី ចំណែកឯចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។
12 មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្តីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
13 ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។
14 អ្នកចេះពិចារណាតែងតែស្វែងរកចំណេះ រីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។
15 ចំពោះមនុស្សកំសត់ទុរគត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។
16 ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
17 កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
18 មនុស្សខឹងច្រើនតែងតែបង្កជម្លោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។
19 ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។
20 កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។
21 មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ រីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។
22 ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
23 ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។
24 មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។
25 ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។
26 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។
27 មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
28 មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។
29 ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិត។
30 ទឹកមុខដែលសម្ដែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។
31 អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្តីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
32 អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង រីឯអ្នកដែលស្ដាប់តាមពាក្យស្តីប្រដៅតែងតែទទួលសុភនិច្ឆ័យ។
33 ការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។