ជំពូក ៧

ការ​សង់​ព្រះ‌រាជ‌វាំង

1 រីឯ​វាំង​របស់​ស្តេច​វិញ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។ 2 ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្តោយ​ប្រវែង​មួយ‌រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។ 3 រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែ‌សិប​ប្រាំ​ដើម តំរៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ​មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។ 4 នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។ 5 មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​មុខ​ទល់​គ្នា។ 6 ស្តេច​សង់​បន្ទប់​ល្វែង​មួយ​មាន​បណ្តោយ​ហា‌សិប​ហត្ថ ទទឹង​សាម‌សិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។ 7 ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្តី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។ 8 រីឯ​ដំណាក់​សម្រាប់​ស្តេច​គង់​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទី‌ធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សម្រាប់​ព្រះ‌មហេសី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។

9 ដំណាក់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​អារ​តម្រឹម​តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទី‌ធ្លា​ធំ​ផង។ 10 គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។ 11 គេ​យក​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។ 12 នៅ​ជុំ‌វិញ​ទី‌ធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សម្រាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះ‌ដំណាក់​ដែរ។

កិច្ច‌ការ​របស់​លោក​ហ៊ីរ៉ាម

(២​របា‌ក្សត្រ ២.១២-១៣, ៣.១៥-១៧, ៤.២-៥)

13 ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស។ 14 គាត់​ជា​កូន​របស់​ស្ត្រី‌មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម​ជា​ជាង​លង្ហិន​មួយ​រូប​ដ៏​ចំណាន ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ទទួល​ធ្វើ​កិច្ច‌ការ​ទាំង​អស់​ថ្វាយ​ស្តេច។

15 លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កម្ពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំ‌វិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។ 16 គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។ 17 គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់ តុប‌តែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កម្រង​ច្រវាក់​ប្រាំ​ពីរ​ខ្សែ។ 18 គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំ‌វិញ​ក្បាច់​ក្រឡា‌អួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។ 19 នៅ​លើ​សសរ​នីមួយៗ​នៃ​បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កម្ពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។ 20 នៅ​ផ្នែក​ខាង​លើ​ក្បាល​សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ‌រយ​ត្រង់​គែម​ក្បាច់​ក្រឡា‌អួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ‌រយ​ទៀត​តំរៀប​គ្នា​ជា​ជួរ​ដែរ។ 21 គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះ‌វិហារ។ សសរ​នៅ​ខាង​ស្តាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង​មាន​ឈ្មោះ​ថា បូអាស។ 22 ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។

23 លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កម្ពស់​ប្រាំ​ហត្ថ និង​ជុំ‌វិញ​រង្វង់​សាម‌សិប​ហត្ថ។ 24 នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ​មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំ‌វិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។ 25 អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។ 26 អាង​នេះ​មាន​កម្រាស់​មួយ​ទះ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ‌ពាន់​អម្រែក។

27 លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្តោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កម្ពស់​បី​ហត្ថ។ 28 គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។ 29 នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ​មាន​ឆ្លាក់​រូប​សឹង្ហ គោ ខេរូ‌ប៊ីម។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សឹង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។ 30 រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។ 31 ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ​មាន​រាង​បួន​ជ្រុង គឺ​មិន‌មែន​មូល​ទេ។ 32 រីឯ​កង់​ទាំង​បួន​វិញ​ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ 33 កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។ 34 ជើង​សម្រាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិត‌ភ្ជាប់​ទៅ​នឹង​តួ។ 35 ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ​ក៏​មាន​ជើង​កំណល់ សិត‌ភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។ 36 គាត់​ឆ្លាក់​ក្បាច់​ខេរូ‌ប៊ីម សឹង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំ‌វិញ​ផង។ 37 គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហ‌ធាតុ​តែ​មួយ​ដុំ។

38 លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់ សម្រាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កម្ពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែ‌សិប​អម្រែក។ 39 គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អគ្នេយ៍។

បញ្ជី​របស់​របរ​ដែល​លោក​ហ៊ីរ៉ាម​បាន​ធ្វើ

(២​របា‌ក្សត្រ ៤.៧-៥.១)

40 កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ច‌ការ​ទាំង​អស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន 41 គឺ​មាន: សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សម្រាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡា‌អួន​ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។ 42 ផ្លែ​ទទឹម​ចំនួន​បួន‌រយ​ចង​ភ្ជាប់​នឹង​ក្រឡា‌អួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្រឡា‌អួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។ 43 រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។ 44 អាង​ធំ​មួយ និង​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង។ 45 ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។ 46 ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​ស៊ូកូត និង​សាតាន។ 47 ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។

48 ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ 49 ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ​ដាក់​នៅ​មុខ​ទី​សក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្តាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។ 50 ចាន‌ក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង ហៅ​ថា​ទី​សក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ព្រះ‌ដំណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។ 51 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។