ជំពូក ៤
នាម៉ឺនមន្ត្រីរបស់ព្រះបាទសាឡូម៉ូន
1 ព្រះបាទសាឡូម៉ូនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ 2 មន្ត្រីជាន់ខ្ពស់របស់ស្តេចមានរាយនាមដូចតទៅ: លោកអសារីយ៉ា ជាកូនរបស់លោកបូជាចារ្យសាដុក 3 លោកអេលីយ៉ាហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយ៉ូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ 4 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ព លោកសាដុក និងលោកអប៊ីយ៉ាថារជាបូជាចារ្យ។ 5 លោកអសារីយ៉ា ជាកូនរបស់លោកយ៉ូណាថាន ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់លោកណាថាន ជាបូជាចារ្យ និងជាមន្ត្រីជំនិតរបស់ស្តេច។ 6 លោកអហ៊ីសាជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។
7 ព្រះបាទសាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល អស់លោកទាំងនោះមានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែ ក្នុងមួយឆ្នាំ។ 8 រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកហួរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។ 9 កូនរបស់លោកដេគែរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស អេឡូន និងបេតហាណាន។ 10 កូនរបស់លោកហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកហេភែរទាំងមូល។ 11 កូនរបស់លោកអប៊ីណាដាប់ គ្រប់គ្រងលើស្រុកឌ័រទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងតាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។ 12 លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដូ ព្រមទាំងតំបន់បេតសេអានទាំងមូល។ តំបន់បេតសេអានមានព្រំប្រទល់រហូតដល់សាតន ដែលស្ថិតនៅខាងក្រោមយីសរេអែល។ តំបន់នេះលាតសន្ធឹងពីបេតសេអានរហូតដល់អបិល-មេហូឡា និងរហូតទៅដល់ខាងនាយយុកមេអាម។ 13 កូនរបស់លោកកេប៊ែរគ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អារកូប ក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។ 14 លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដូ គ្រប់គ្រងលើតំបន់ម៉ាហាណាអ៊ីម។ 15 លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសមាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។ 16 លោកបាណា ជាកូនរបស់លោកហ៊ូសាយ គ្រប់គ្រងលើទឹកដីអស៊ែរ និងបាឡូត។ 17 លោកយ៉ូសាផាត ជាកូនរបស់លោកបារូអា គ្រប់គ្រងលើទឹកដីអ៊ីសាកា។ 18 លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។ 19 លោកកេប៊ែរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្តេចនៃជនជាតិអាម៉ូរី និងស្រុករបស់ព្រះបាទអុក ស្តេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូតែមួយរូបប៉ុណ្ណោះ។
20 ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។