ជំពូក ២០

ស្តេច​ស្រុក​ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី

1 ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី បាន​ប្រមូល​កង‌ទ័ព​ទាំង​មូល ហើយ​មាន​ស្តេច​សម្ពន្ធ‌មិត្ត​សាម‌សិប​ពីរ​អង្គ ព្រម​ទាំង​កង‌ពល‌សេះ និង​រទេះ​ចម្បាំង រួម​ជា​មួយ​ផង លើក​គ្នា​មក​ឡោម‌ព័ទ្ធ និង​វាយ​លុក​ក្រុង​សាម៉ារី។ 2 ស្តេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អខាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដូច​ត​ទៅ៖ 3 ព្រះ‌បាទ​បេន‌ហា‌ដាដ​មាន​រាជ‌ឱង្ការ​ថា៖ «មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះ‌ករុណា សុទ្ធ​តែ​ជា​របស់​យើង»។ 4 ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ទូល‌បង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំ​មាន សុទ្ធ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌ករុណា ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន»។ 5 អ្នក​នាំ​សារ​មក​គាល់​ព្រះ‌បាទ​អខាប់​ជា​ថ្មី ទូល​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ព្រះ‌ករុណា​មក​ឲ្យ​យើង។ 6 ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បម្រើ​ឲ្យ​មក​ជួប​ព្រះ‌ករុណា ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ព្រះ‌ករុណា និង​ក្នុង​ផ្ទះ​សំបែង​របស់​រាជ​បម្រើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ស្រឡាញ់​ពេញ​ចិត្ត»។

7 ស្តេច​ស្រុក​អ៊ីស្រា‌អែល​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក្នុង​ស្រុក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល ស្តេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្តេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។ 8 ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជាជន​ទាំង​មូល​ទូល​ព្រះ‌បាទ​អខាប់​ថា៖ «សូម​ព្រះ‌ករុណា​កុំ​សណ្ដាប់ និង​យល់​ព្រម តាម​ពាក្យ​ស្តេច​នោះ​ឡើយ!»។ 9 ពេល​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះ‌បាទ​បេន‌ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ទូល‌បង្គំ​លើក​ដំបូង​នោះ ទូល‌បង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូល‌បង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌ករុណា​ទាម‌ទារ​ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះ‌បាទ​បេន‌ហា‌ដាដ​វិញ។

10 ព្រះ‌បាទ​បេន‌ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ព្រះ‌បាទ​អខាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល‌ទាហាន​របស់​យើង​កម្ទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។ 11 ស្តេច​អ៊ីស្រា‌អែល​ប្រាប់​គេ​ឲ្យ​ទូល​ព្រះ‌បាទ​បេន‌ហា‌ដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។ 12 ព្រះ‌បាទ​បេន‌ហា‌ដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​សោយ​សុរា​ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត នៅ​ក្នុង​ពន្លា។ ស្តេច​បញ្ជា​ពល‌ទាហាន​ថា៖ «ចូរ​រៀប‌ចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀប‌ចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទី‌ក្រុង។

ព្រះ‌បាទ​អខាប់​ទទួល​ជ័យ‌ជម្នះ

13 ពេល​នោះ មាន​ព្យាការី​ម្នាក់​ចូល​មក​គាល់​ព្រះ‌បាទ​អខាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដោយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ 14 ព្រះ‌បាទ​អខាប់​សួរ​ថា៖ «តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ តាម‌រយៈ​នរណា?»។ ព្យាការី​ទូល​ស្តេច​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តាម‌រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស‌រើស»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ព្យាការី​ឆ្លើយ​ថា៖ «ព្រះ‌ករុណា!»។ 15 ព្រះ‌បាទ​អខាប់​យាង​ត្រួត​ពល​សេនា‌ជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ‌រយ​សាម‌សិប​ពីរ​នាក់។ បន្ទាប់​មក ស្តេច​ត្រួត​ពល‌ទ័ព​អ៊ីស្រា‌អែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ‌ពាន់​នាក់។

16 អ៊ីស្រា‌អែល​លើក​ទ័ព​ចេញ​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់។ ពេល​នោះ ព្រះ‌បាទ​បេន‌ហា‌ដាដ​កំពុង​សោយ​សុរា​ស្រវឹង ជា​មួយ​ស្តេច​សម្ពន្ធ‌មិត្ត​ទាំង​សាម‌សិប‌ពីរ​អង្គ​ទៀត នៅ​ក្នុង​ពន្លា។ 17 ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះ‌បាទ​បេន‌ហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ថ្វាយ​ស្តេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទី‌ក្រុង​សាម៉ារី»។ 18 ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ទោះ‌បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្តី ឬ​ចេញ​មក​ច្បាំង​ក្តី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។ 19 សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​ចេញ​ពី​ទី‌ក្រុង ហើយ​មាន​កង‌ទ័ព​ចេញ​មក​តាម​ក្រោយ។ 20 ពួក​គេ​វាយ​សត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ពួក​ស៊ីរី​បាក់​ទ័ព ហើយ​អ៊ីស្រា‌អែល​នាំ​គ្នា​ដេញ​តាម។ រីឯ​ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី ជិះ​សេះ​រត់​ទៅ​ជា​មួយ​ពល‌ទ័ព‌សេះ​ខ្លះ​ទៀត។ 21 ស្តេច​ស្រុក​អ៊ីស្រា‌អែល​ចេញ​មក​វាយ​ពល‌ទ័ព‌សេះ និង​រទេះ​ចម្បាំង ធ្វើ​ឲ្យ​កង‌ទ័ព​ស៊ីរី​បរា‌ជ័យ​យ៉ាង​ធ្ងន់។ 22 ពេល​នោះ ព្យាការី​ចូល​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ក្លាហាន​ឡើង ហើយ​សូម​ព្រះ‌អង្គ​ព្រះ‌តម្រិះ​មើល​ថា តើ​ព្រះ‌ករុណា​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ ស្តេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌ករុណា​ទៀត​មិន​ខាន»។

ព្រះ‌បាទ​អខាប់​ទទួល​ជ័យ‌ជម្នះ​ជា​ថ្មី

23 ពួក​មន្ត្រី​របស់​ស្តេច​ស្រុក​ស៊ីរី​ទូល​ស្តេច​ថា៖ «ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ព្រះ​នៃ​តំបន់​ភ្នំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប​វិញ នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន។ 24 សូម​ព្រះ‌ករុណា​ធ្វើ​ដូច​ត​ទៅ គឺ​ដក​ស្តេច​សម្ពន្ធ‌មិត្ត​ទាំង​អស់​ចេញ​ពី​មុខ​តំណែង ហើយ​តែង‌តាំង​ចៅហ្វាយ​ខេត្ត​ជំនួស​វិញ។ 25 រីឯ​ព្រះ‌ករុណា​វិញ សូម​ប្រមូល​ទ័ព​ឲ្យ​បាន​ច្រើន ស្មើ​នឹង​ចំនួន​ទ័ព​ដែល​ព្រះ‌ករុណា​បាន​បាត់‌បង់ គឺ​មាន​ពល‌ទ័ព‌សេះ និង​រទេះ​ចម្បាំង​ស្មើ​នឹង​ទ័ព​លើក​មុន​ដែរ។ បន្ទាប់​មក យើង​ចេញ​ទៅ​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន»។ ស្តេច​ក៏​យល់​ព្រម​ធ្វើ​តាម​យោបល់​របស់​មន្ត្រី​ទាំង​នោះ។

26 មួយ​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​បេន‌ហា‌ដាដ​យាង​ត្រួត​ពល‌ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផេក ដើម្បី​ច្បាំង​នឹង​អ៊ីស្រា‌អែល។ 27 ព្រះ‌បាទ​អខាប់​យាង​ត្រួត​ពល‌ទ័ព​អ៊ីស្រា‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​បោះ​ជំរំ​ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។ 28 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ចូល​គាល់​ស្តេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ជន​ជាតិ​ស៊ីរី​ពោល​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​តំបន់​ភ្នំ គឺ​មិន‌មែន​ជា​ព្រះ​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។ 29 កង‌ទ័ព​ទាំង​ពីរ​បោះ​ជំរំ​ទល់​មុខ​គ្នា អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ការ​ប្រយុទ្ធ​ក៏​កើត​ឡើង ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​កង‌ពល​ថ្មើរ​ជើង​របស់​ជន​ជាតិ​ស៊ីរី ស្លាប់​អស់​មួយ​សែន​នាក់ ក្នុង​ពេល​តែ​មួយ​ថ្ងៃ។ 30 រីឯ​ទាហាន​ដែល​នៅ​សេស‌សល់​នាំ​គ្នា​រត់​ចូល​ក្នុង​ក្រុង​អាផេក តែ​ត្រូវ​កំពែង​ក្រុង​រំលំ​សង្កត់​ស្លាប់​អស់​ពីរ‌ម៉ឺន​ប្រាំ​ពីរ‌ពាន់​នាក់។

ព្រះ‌បាទ​អខាប់​ទុក​ជីវិត​ឲ្យ​ស្តេច​ស្រុក​ស៊ីរី

ព្រះ‌បាទ​បេន‌ហា‌ដាដ​រត់​ទៅ​ដល់​ទី‌ក្រុង ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។ 31 ពួក​មន្ត្រី​ទូល​ថា៖ «ទូល‌បង្គំ​ឮ​គេ​និយាយ​ថា ស្តេច​អ៊ីស្រា‌អែល​សុទ្ធ​តែ​ជា​ស្តេច​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដូច្នេះ ទូល‌បង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្តេច​អ៊ីស្រា‌អែល នោះ​ប្រហែល​ជា​ស្តេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។ 32 ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​គាល់​ស្តេច​ស្រុក​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ទូល​ថា “សូម​ព្រះ‌ករុណា​មេត្តា​ទុក​ជីវិត​ឲ្យ​ទូល‌បង្គំ​ផង”»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌រាជា​នៅ​មាន​ព្រះ‌ជន្ម​ទេ​ឬ? ព្រះ‌អង្គ​ក៏​ជា​បង‌ប្អូន​នឹង​យើង​ដែរ!»។ 33 កាល​ពួក​មន្ត្រី​ឃើញ​ថា​ឱកាស​ល្អ​ហុច​ឲ្យ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទូល​ស្តេច​វិញ​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ​ពិត​ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា​មែន!»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ថា៖ «ចូល​ទៅ​យាង​ព្រះ‌រាជា​មក»។ ព្រះ‌បាទ​បេន‌ហា‌ដាដ​ក៏​ចេញ​មក​គាល់​ព្រះ‌បាទ​អខាប់ ហើយ​ព្រះ‌បាទ​អខាប់​ឲ្យ​ព្រះ‌បាទ​បេន‌ហា‌ដាដ​ឡើង​ជិះ​រាជ‌រថ​ជា​មួយ។ 34 ព្រះ‌បាទ​បេន‌ហា‌ដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អខាប់​ថា៖ «ទូល‌បង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូល‌បង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូល‌បង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អខាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូល‌បង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អខាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហា‌ដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហា‌ដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។

ព្រះ‌ជាម្ចាស់​ដាក់​ទោស​ព្រះ‌បាទ​អខាប់

35 មាន​បុរស​ម្នាក់​ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាម​ព្រះ‌អម្ចាស់​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។ 36 ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច្នេះ កាល​ណា​អ្នក​ចាក‌ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សឹង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ ជួប​សត្វ​សឹង្ហ ហើយ​សឹង្ហ​ក៏​សម្លាប់​គាត់។ 37 បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មាន​របួស។ 38 ព្យាការី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត ដើម្បី​កុំ​ឲ្យ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់‌ចាំ​ព្រះ‌បាទ​អខាប់​នៅ​តាម​ផ្លូវ។ 39 កាល​ស្តេច​យាង​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូល‌បង្គំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ មាន​ម្នាក់​ចេញ​ពី​សមរ‌ភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ឲ្យ​ទូល‌បង្គំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន‌រយ​តម្លឹង​មក​សង​ខ្ញុំ”។ 40 ប៉ុន្តែ កាល​ទូល‌បង្គំ​ជាប់​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ឈ្លើយ​សឹក​ក៏​រត់​បាត់​ទៅ»។ ស្តេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​មក​គាត់​ថា៖ «អ្នក​កាត់​ទោស​ខ្លួន​ឯង​ស្រាប់​ហើយ!»។ 41 ព្យាការី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ស្គាល់​ថា​ជា​ព្យាការី។ 42 គាត់​ទូល​ស្តេច​ថា៖ «ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ដ្រ​របស់​អ្នក​ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ដ្រ​របស់​គេ​ដែរ»។ 43 ស្តេច​ស្រុក​អ៊ីស្រា‌អែល​យាង​ត្រឡប់​ទៅ​វាំង នៅ​ក្រុង​សាម៉ារី ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ។