ជំពូក ៥
1(១៤.២១) ព្រះបាទសាឡូម៉ូនគ្រប់គ្រងលើនគរទាំងប៉ុន្មាន ចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកថ្វាយព្រះបាទសាឡូម៉ូន ហើយនៅជាចំណុះស្តេច រហូតដល់ព្រះអង្គអស់ព្រះជន្ម។
2(២២) ស្បៀងអាហារប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ព្រះបាទសាឡូម៉ូន មានដូចតទៅ: ម្សៅម៉ដ្តប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន 3(២៣) គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្តាន់ និងមាន់ទាបំប៉ន។ 4(២៤) ព្រះបាទសាឡូម៉ូនត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងទីបសារហូតដល់ក្រុងកាសា។ ស្តេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។ 5(២៥) ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។ 6(២៦) ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចម្បាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀត សម្រាប់ពលទ័ពសេះ។ 7(២៧) រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានឲ្យស្តេចខ្វះខាតអ្វីឡើយ។ 8(២៨) រាជប្រតិភូទាំងនោះផ្តល់ស្រូវ និងចំបើងសម្រាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះ នៅតាមកន្លែងដែលគេត្រូវការ ដូចស្តេចបានកំណត់ទុក។
ប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន
9(២៩) ព្រះជាម្ចាស់ប្រទានប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលប់ដល់ព្រះបាទសាឡូម៉ូន ធ្វើឲ្យស្តេចមានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។ 10(៣០) ព្រះរាជាមានប្រាជ្ញាឈ្លាសវៃលើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។ 11(៣១) ព្រះរាជាមានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេតន ពីអំបូរអេសរ៉ា លោកហេម៉ន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់ព្រះរាជាល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។ 12(៣២) ព្រះបាទសាឡូម៉ូនថ្លែងសុភាសិតបីពាន់ឃ្លា និងតែងចម្រៀងមួយពាន់ប្រាំបទ។ 13(៣៣) ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។ 14(៣៤) ស្តេចទាំងឡាយនៅលើផែនដីបានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ ឲ្យមកស្ដាប់រាជឱង្ការរបស់ព្រះបាទសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។
ព្រះបាទសាឡូម៉ូនរៀបចំសង់ព្រះវិហារ
(២របាក្សត្រ ២.២-១៥)
15(១) ព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់ព្រះបាទដាវីឌ ជ្រាបថា គេបានអភិសេកព្រះបាទសាឡូម៉ូនឲ្យស្នងរាជ្យពីព្រះបាទដាវីឌជាបិតា ស្តេចក៏ចាត់រាជបម្រើទៅគាល់ព្រះបាទសាឡូម៉ូន។ 16(២) ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាមដូចតទៅ៖ 17(៣) «ព្រះករុណាជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកបានទេ រហូតទាល់តែព្រះអម្ចាស់បង្ក្រាបខ្មាំងសត្រូវឲ្យនៅក្រោមបាទារបស់លោក។ 18(៤) ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ប្រោសប្រទានសេចក្ដីសុខសាន្ត នៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។ 19(៥) ដូច្នេះ ទូលបង្គំមានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។ 20(៦) សូមព្រះករុណាបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យទូលបង្គំផង។ អ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។
21(៧) កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ស្ដេចមានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃដល់ព្រះបាទដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។ 22(៨) បន្ទាប់មក ព្រះបាទហ៊ីរ៉ាមចាត់គេឲ្យទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានទទួលសាររបស់ព្រះករុណាហើយ ទូលបង្គំនឹងផ្តល់ឈើទាំងប៉ុន្មានដែលព្រះករុណាត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។ 23(៩) ពួកអ្នកបម្រើរបស់ទូលបង្គំនឹងដឹកឈើហ៊ុបទាំងនោះពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្តែតតាមសមុទ្រ រហូតដល់កន្លែងដែលព្រះករុណាកំណត់ទុក។ នៅទីនោះ ពួកអ្នកបម្រើរបស់ទូលបង្គំនឹងស្រាយក្បូន ហើយអ្នកបម្រើរបស់ព្រះករុណាមកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមព្រះករុណាផ្គត់ផ្គង់ស្បៀងអាហារ ដែលទូលបង្គំត្រូវការសម្រាប់ចិញ្ចឹមអ្នកបម្រើក្នុងវាំងរបស់ទូលបង្គំផង»។ 24(១០) ព្រះបាទហ៊ីរ៉ាមថ្វាយឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្ដីត្រូវការរបស់ព្រះបាទសាឡូម៉ូន។ 25(១១) ព្រះបាទសាឡូម៉ូនបានផ្តល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។
26(១២) ព្រះអម្ចាស់ប្រទានប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន តាមព្រះបន្ទូលសន្យា។ ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមក ដោយសុខសាន្ត។
ព្រះបាទសាឡូម៉ូនរៀបចំកំណែន
(២របាក្សត្រ ១.១៨, ២.១,១៦-១៧)
27(១៣) ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម 28(១៤) ស្តេចចាត់ពួកគេឲ្យទៅធ្វើការនៅភ្នំលីបង់ តាមវេន ចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។ 29(១៥) ព្រះបាទសាឡូម៉ូនប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។ 30(១៦) ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។ 31(១៧) ព្រះរាជាបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះព្រះដំណាក់។ 32(១៨) ពួកពលកររបស់ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្ម សម្រាប់សង់ព្រះដំណាក់។