ជំពូក ១៦
1 ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងព្រះបាទបាសា តាមរយៈព្យាការីយេហ៊ូ ជាកូនរបស់លោកហាណានីថា៖ 2 «យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្តាលឲ្យយើងខឹង។ 3 ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។ 4 កូនចៅរបស់បាសាដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។
5 រាជកិច្ចផ្សេងៗរបស់ព្រះបាទបាសា គឺអ្វីៗដែលព្រះអង្គបានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ 6 កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងទៀរសា។ ព្រះបាទអេឡា ជាបុត្រ បានឡើងស្នងរាជ្យ។ 7 ព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទបាសា ព្រមទាំងរាជវង្ស តាមរយៈព្យាការីយេហ៊ូ ជាកូនរបស់លោកហាណានីដែរ ព្រោះស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបណ្តាលឲ្យព្រះអង្គព្រះអង្គព្រះពិរោធ។ ព្រះបាទបាសាបានប្រព្រឹត្តអំពើបាប ដូចរាជវង្សរបស់ព្រះបាទយេរ៉ូបោមដែរ។ មួយវិញទៀត ស្តេចបានសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទយេរ៉ូបោម។
ព្រះបាទអេឡាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
8 នៅឆ្នាំទីម្ភៃប្រាំមួយនៃរជ្ជកាលព្រះបាទអសា ជាស្តេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងទៀរសា អស់រយៈពេលពីរឆ្នាំ។ 9 មានរាជបម្រើមួយរូបរបស់ស្តេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចម្បាំងចំនួនពាក់កណ្ដាល បានក្បត់ព្រះបាទអេឡា។ នៅគ្រានោះ ព្រះរាជាស្នាក់នៅក្រុងទៀរសា កំពុងសោយសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអាក់សា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។ 10 លោកស៊ីមរីចូលមក ហើយធ្វើគុតស្តេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអសា ជាស្តេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសព្រះបាទអេឡា។ 11 កាលបានឡើងសោយរាជ្យហើយ ព្រះបាទស៊ីមរីប្រហារជីវិតរាជវង្សរបស់ព្រះបាទបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកជំនិតក្តី។ 12 ព្រះបាទស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ព្រះបាទបាសាទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេហ៊ូ ទាស់នឹងព្រះបាទបាសា។ 13 ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មានដែលព្រះបាទបាសា និងព្រះបាទអេឡា ជាបុត្រ បានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ បណ្តាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គព្រះពិរោធ ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
14 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអេឡា និងអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។
ព្រះបាទស៊ីមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល
15 នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអសា ជាស្តេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងទៀរសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបតូន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។ 16 កាលពលទាហានបានដឹងថា ព្រះបាទស៊ីមរីក្បត់ព្រះបាទអេឡា ព្រមទាំងធ្វើគុតស្តេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្តេចលើអ៊ីស្រាអែល។ 17 ព្រះបាទអូមរី និងកងទ័ពអ៊ីស្រាអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបតូនមក ឡោមព័ទ្ធក្រុងទៀរសា។ 18 កាលព្រះបាទស៊ីមរីឃើញថា គេដណ្ដើមយកទីក្រុងបានហើយ ស្តេចក៏យាងចូលក្នុងប៉មមួយនៅក្នុងវាំង រួចយកភ្លើងដុតប៉ម ហើយសុគតក្នុងប៉មនោះទៅ។ 19 ស្តេចសុគតដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលព្រះអង្គបានប្រព្រឹត្ត មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺព្រះអង្គដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
20 រាជកិច្ចផ្សេងៗ និងអំពើក្បត់របស់ព្រះបាទស៊ីមរី សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។
21 គ្រានោះ ប្រជាជនអ៊ីស្រាអែលបានបាក់បែកគ្នាជាពីរក្រុម ក្រុមមួយចង់លើកលោកទីបនី ជាកូនរបស់លោកគីណាត ឡើងជាស្តេច ក្រុមមួយទៀតចង់លើកលោកមេទ័ពអូមរីវិញ។ 22 ក្រុមដែលគាំទ្រលោកមេទ័ពអូមរីមានប្រៀបជាងក្រុមដែលគាំទ្រលោកទីបនី ជាកូនរបស់លោកគីណាត លោកទីបនីក៏ស្លាប់ ហើយលោកមេទ័ពអូមរីឡើងសោយរាជ្យ។
ព្រះបាទអូមរីសោយរាជ្យនៅស្រុកអ៊ីស្រាអែល
23 នៅឆ្នាំទីសាមសិបមួយនៃរជ្ជកាលព្រះបាទអសា ស្តេចស្រុកយូដា ព្រះបាទអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលដប់ពីរឆ្នាំ គឺព្រះអង្គសោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងទៀរសា 24 រួចស្តេចទិញភ្នំសាម៉ារីពីលោកស៊ីមែរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្តេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកស៊ីមែរ ជាម្ចាស់ភ្នំនេះ។
25 ព្រះបាទអូមរីបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺអាក្រក់លើសពីស្តេចមុនៗទៅទៀត។ 26 ស្តេចដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្តេចនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប បណ្តាលឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល ព្រះអង្គព្រះពិរោធ ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។
27 រាជកិច្ចផ្សេងៗរបស់ព្រះបាទអូមរី គឺអ្វីៗដែលស្តេចបានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ 28 កាលព្រះបាទអូមរីសោយទិវង្គតទៅ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី។ ព្រះបាទអខាប់ ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទអខាប់សោយរាជ្យនៅស្រុកអ៊ីស្រាអែល
29 នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសា ជាស្តេចស្រុកយូដា ព្រះបាទអខាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ 30 ព្រះបាទអខាប់ ជាបុត្ររបស់ព្រះបាទអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ លើសស្តេចមុនៗទៅទៀត។ 31 ស្តេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងយេសាបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្តេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ 32 ស្តេចសង់អាសនៈមួយថ្វាយព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្តេចបានសង់នៅក្រុងសាម៉ារី។ 33 ព្រះបាទអខាប់ក៏បានសង់បង្គោលព្រះអាសេរ៉ា ហើយប្រព្រឹត្តអំពើអាក្រក់លើសពីស្តេចអ៊ីស្រាអែលមុនៗ បណ្តាលឲ្យព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គព្រះពិរោធ។
34 នៅជំនាន់នោះ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ កាលគាត់ចាក់គ្រឹះ នោះអប៊ីរ៉ាមជាកូនប្រុសច្បងក៏ស្លាប់ ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកយ៉ូស៊ូអាជាកូនរបស់លោកនូន។