ជំពូក ២១
ចម្ការទំពាំងបាយជូររបស់លោកណាបុត
1 ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយីសរេអែល មានបុរសម្នាក់ឈ្មោះណាបុត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអខាប់ ជាស្តេចនៅក្រុងសាម៉ារី។ 2 ថ្ងៃមួយ ព្រះបាទអខាប់មានរាជឱង្ការទៅកាន់លោកណាបុតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។ 3 លោកណាបុតទូលព្រះបាទអខាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។ 4 ព្រះបាទអខាប់យាងចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសម្ដីដែលលោកណាបុត ជាអ្នកស្រុកយីសរេអែល ទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្តេចផ្ទំលើព្រះទែន បែរព្រះភ័ក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ 5 ម្ចាស់ក្សត្រិយ៍យេសាបិល ជាមហេសី យាងមកគាល់ស្តេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ 6 ស្តេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបុតជាអ្នកស្រុកយីសរេអែលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។ 7 ម្ចាស់ក្សត្រិយ៍យេសាបិល ជាមហេសី ទូលថា៖ «តើព្រះករុណាមិនមែនជាស្តេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់លោកណាបុត ជាអ្នកស្រុកយីសរេអែលមកថ្វាយ»។
8 ម្ចាស់ក្សត្រិយ៍យេសាបិលសរសេររាជសារក្នុងនាមព្រះបាទអខាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណាបុត។ 9 ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រិយ៍យេសាបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ 10 ត្រូវឲ្យមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មកចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
11 ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបុត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រិយ៍យេសាបិលបានបញ្ជាក្នុងរាជសារ។ 12 ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ 13 មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបុត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបុតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបុតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ 14 គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រិយ៍យេសាបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយ»។ 15 កាលម្ចាស់ក្សត្រិយ៍យេសាបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយនោះ ម្ចាស់ក្សត្រិយ៍ក៏ទូលព្រះបាទអខាប់ថា៖ «សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបុត ជាអ្នកស្រុកយីសរេអែល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបុតស្លាប់បាត់បង់ជីវិតហើយ»។ 16 កាលព្រះបាទអខាប់ជ្រាបថា លោកណាបុតស្លាប់ហើយ ស្ដេចក៏តើនឡើងយាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបុត ជាអ្នកស្រុកយីសរេអែល។
ព្រះអម្ចាស់ដាក់ទោសព្រះបាទអខាប់ និងម្ចាស់ក្សត្រិយ៍យេសាបិល
17 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលី ជាអ្នកភូមិទីសបេថា៖ 18 «ចូរក្រោកឡើង ទៅជួបអខាប់ ជាស្តេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អខាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបុត ដែលខ្លួនទើបចាប់យកបាន។ 19 ត្រូវប្រាប់អខាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបុតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
20 ព្រះបាទអខាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ 21 ព្រះអម្ចាស់មានព្រះបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអខាប់ ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។ 22 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
23 ព្រះអម្ចាស់មានព្រះបន្ទូលអំពីម្ចាស់ក្សត្រិយ៍យេសាបិលថា “ឆ្កែនឹងហែកស៊ីយេសាបិល នៅជើងកំពែងក្រុងយីសរេអែល។ 24 កូនចៅរបស់អខាប់ដែលស្លាប់នៅក្នុងទីក្រុងនឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាលនឹងត្រូវត្មាតចឹកស៊ីដែរ”»។
25 មិនដែលមាននរណាដូចព្រះបាទអខាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រិយ៍យេសាបិល ជាមហេសី។ 26 ស្តេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែល។
27 កាលព្រះបាទអខាប់ឮព្រះបន្ទូលទាំងនោះហើយ ព្រះអង្គហែកព្រះពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្តេចស្លៀកបាវដែរ ហើយយាងយឺតៗ។ 28 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលី ជាអ្នកភូមិទីសបេថា៖ 29 «អ្នកឃើញទេ អខាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអខាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាចកើតមានដល់គេ ក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ក្រោយ»។