ជំពូក ១
ដំណាក់កាលចុងក្រោយនៃរាជ្យរបស់ព្រះបាទដាវីឌ
សម្តេចអដូនីយ៉ាចង់ឡើងគ្រងរាជ្យ
1 ព្រះបាទដាវីឌមានព្រះជន្មាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងព្រះភូសាឲ្យស្តេចច្រើនជាន់យ៉ាងណាក្តី ក៏ព្រះអង្គពុំអាចកក់ក្ដៅដែរ។ 2 ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះរាជាថា៖ «បពិត្រព្រះករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះករុណា។ នាងនៅបម្រើ និងមើលថែទាំព្រះករុណា ហើយនាងដេកនៅក្បែរព្រះករុណា ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្ដៅ»។ 3 ក្នុងទឹកដីអ៊ីស្រាអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតមួយរូបឈ្មោះ នាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកថ្វាយស្តេច។ 4 ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងគាល់បម្រើព្រះរាជា តែព្រះរាជាពុំបានរួមរស់ជាមួយនាងទេ។
5 នៅគ្រានោះ សម្តេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត បានលើកខ្លួនឡើង ទាំងពោលថា៖ «ខ្ញុំនឹងឡើងសោយរាជ្យ!»។ សម្តេចអដូនីយ៉ារកបានរទេះមួយ និងសេះមួយចំនួន ព្រមទាំងពលទាហានហាសិបនាក់សម្រាប់រត់ពីមុខ។ 6 តាំងពីកើតមក បិតាមិនដែលស្តីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាបុត្រប្រព្រឹត្តដូច្នេះ?” ឡើយ។ សម្តេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាបុត្រមួយអង្គ ដែលប្រសូតបន្ទាប់ពីសម្តេចអាប់សាឡុម។ 7 សម្តេចអដូនីយ៉ាបានពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាមួយលោកបូជាចារ្យអប៊ីយ៉ាថារ។ លោកទាំងពីរក៏រួមគំនិតជាមួយសម្តេចអដូនីយ៉ា។ 8 ផ្ទុយទៅវិញ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាព្យាការីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។
ព្យាការីណាថាន និងនាងបាតសេបា គាំទ្រសម្តេចសាឡូម៉ូន
9 ថ្ងៃមួយ សម្តេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយ នៅ “ថ្មសូហេលែត” ជិតអេនរូកែល ដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉ន ធ្វើយញ្ញបូជានៅទីនោះ។ សម្តេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។ 10 ប៉ុន្តែ សម្តេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងយាងសម្តេចសាឡូម៉ូន ជាអនុជមកចូលរួមទេ។
11 ពេលនោះ លោកណាថានពោលទៅកាន់នាងបាតសេបា ជាមាតារបស់សម្តេចសាឡូម៉ូនថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ា ជាបុត្ររបស់នាងហាគីត បានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ព្រះបាទដាវីឌ ជាអម្ចាស់របស់យើង មិនបានជ្រាបទេ។ 12 ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្តេចសាឡូម៉ូន ជាបុត្ររបស់នាង។ 13 សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។ 14 លោកណាថានពោលទៀតថា៖ «ពេលនាងទូលស្តេចចប់ហើយ ខ្ញុំក៏នឹងចូលទៅគាល់ស្តេចតាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសម្ដីទាំងប៉ុន្មានដែលនាងបានទូលនោះ»។
15 នាងបាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម កំពុងតែនៅបម្រើព្រះរាជា។ 16 នាងបាតសេបាលុតជង្គង់ថ្វាយបង្គំព្រះរាជា ហើយព្រះរាជាសួរនាងថា៖ «តើនាងមានការអ្វី?»។ 17 នាងទូលថា៖ «ព្រះករុណាជាអម្ចាស់ ព្រះអង្គបានស្បថនឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាថា សាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ព្រះករុណា។ 18 ប៉ុន្តែ ឥឡូវនេះ ម្ដេចក៏អដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ តើព្រះករុណាជាអម្ចាស់ពុំជ្រាបទេឬ? 19 អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ អដូនីយ៉ាបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញលោកបូជាចារ្យអប៊ីយ៉ាថារ និងលោកមេទ័ពយ៉ូអាប់ តែពុំបានយាងសាឡូម៉ូន ជាបុត្ររបស់ព្រះករុណាឲ្យទៅចូលរួមទេ។ 20 បពិត្រព្រះករុណាជាអម្ចាស់! ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលរង់ចាំតែព្រះករុណាប្រកាសថា តើនរណានឹងឡើងស្នងរាជ្យបន្តពីព្រះករុណា។ 21 បើមិនដូច្នោះទេ កាលណាព្រះករុណាលាចាកលោកនេះទៅ នោះគេមុខជាចាត់ទុកខ្ញុំម្ចាស់ និងសាឡូម៉ូនជាបុត្ររបស់ខ្ញុំម្ចាស់ ថាជាអ្នកទោសមិនខាន»។
22 កាលនាងបាតសេបាកំពុងតែទូលស្តេច នោះព្យាការីណាថានចូលមកដល់។ 23 គេទៅទូលស្តេចថា ព្យាការីណាថានអញ្ជើញមកដល់ហើយ។ លោកណាថានចូលគាល់ស្តេច ដោយក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ 24 បន្ទាប់មក លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! តើព្រះករុណាឬ ដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ាឡើងគ្រងរាជ្យបន្តពីព្រះករុណា ហើយគង់លើបល្ល័ង្ករបស់ព្រះករុណា? 25 ដ្បិតថ្ងៃនេះ សម្តេចអដូនីយ៉ាយាងទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើយញ្ញបូជា។ សម្តេចបានយាងបុត្រាទាំងប៉ុន្មានរបស់ព្រះករុណា ព្រមទាំងអញ្ជើញពួកមេទ័ព និងលោកបូជាចារ្យអប៊ីយ៉ាថារ ទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្តេចអដូនីយ៉ា ទាំងស្រែកថា “ជយោ ព្រះបាទអដូនីយ៉ា!”។ 26 ប៉ុន្តែ សម្តេចមិនបានអញ្ជើញទូលបង្គំ ជាអ្នកបម្រើព្រះករុណា ឬលោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានយាងសម្តេចសាឡូម៉ូន ជារាជបុត្ររបស់ព្រះករុណា ទៅចូលរួមដែរ។ 27 តើព្រះករុណាជាអម្ចាស់ឬ ដែលបានសម្រេចអភិសេករាជបុត្រឲ្យឡើងគ្រងរាជ្យបន្តពីព្រះករុណា ដោយមិនឲ្យទូលបង្គំទាំងអស់គ្នាដែលជាអ្នកបម្រើដឹង?»។
ព្រះបាទដាវីឌតែងតាំងសម្តេចសាឡូម៉ូនឲ្យឡើងគ្រងរាជ្យ
28 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញនាងបាតសេបាមក!»។ នាងបាតសេបាចូលមកគាល់ព្រះរាជា។ 29 ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «យើងសូមស្បថ ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ហើយបានរំដោះយើងឲ្យរួចផុតពីគ្រោះអាសន្នគ្រប់យ៉ាង! 30 ថ្ងៃនេះ យើងសម្រេចតែងតាំងសាឡូម៉ូន ជាបុត្ររបស់នាង ឲ្យឡើងគ្រងរាជ្យបន្តពីយើង គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល»។ 31 នាងបាតសេបាក្រាបថ្វាយបង្គំស្តេច ឱនមុខដល់ដី ទាំងទូលថា៖ «សូមព្រះបាទដាវីឌ ជាអម្ចាស់ ប្រកបដោយព្រះជន្មាយុយឺនយូរ!»។
32 បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញបូជាចារ្យ*សាដុក ព្យាការី*ណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់លោកទាំងនោះក៏ចូលមកគាល់ព្រះរាជា។ 33 ព្រះរាជាមានរាជឱង្ការថា៖ «សូមប្រមូលរាជបម្រើរបស់យើងមក ហើយលើកសាឡូម៉ូន ជាបុត្រយើង ឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហូន។ 34 នៅទីនោះ លោកបូជាចារ្យសាដុក និងព្យាការីណាថាន ត្រូវចាក់ប្រេងអភិសេកសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល ហើយឲ្យគេផ្លុំត្រែឡើង ទាំងស្រែកថា “ជយោព្រះបាទសាឡូម៉ូន!” 35 ចូរដង្ហែសាឡូម៉ូនចូលមកក្នុងក្រុងវិញ ឲ្យគង់លើបល្ល័ង្ករបស់យើង។ សាឡូម៉ូននឹងគ្រងរាជ្យបន្តពីយើង គឺយើងតែងតាំងបុត្រនេះឲ្យធ្វើជាមគ្គទេសក៍លើស្រុកអ៊ីស្រាអែល និងស្រុកយូដា»។ 36 លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ទូលស្តេចថា៖ «អាម៉ែន! ព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាជាអម្ចាស់ ព្រះអង្គមានព្រះបន្ទូលទុកដូច្នេះមែន។ 37 សូមព្រះអម្ចាស់គង់ជាមួយព្រះបាទសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ! សូមព្រះអង្គប្រទានឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿង លើសរាជ្យរបស់ព្រះករុណាជាអម្ចាស់ទៅទៀត!»។
38 លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេទី និងពួកពេលេទី នាំគ្នាលើកសម្តេចសាឡូម៉ូន ឲ្យឡើងគង់លើខ្នងលារបស់ព្រះបាទដាវីឌ ហើយដង្ហែទៅកាន់ប្រភពទឹកគីហូន។ 39 លោកបូជាចារ្យសាដុកយកស្នែងដាក់ប្រេងពីក្នុងព្រះពន្លាមក រួចចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេច។ ពេលនោះ គេក៏ផ្លុំត្រែ ហើយប្រជាជនទាំងមូលស្រែកឡើងថា៖ «ជយោ! ព្រះបាទសាឡូម៉ូន!»។ 40 ប្រជាជនទាំងមូលដង្ហែស្តេចចូលមកក្នុងក្រុងវិញ ទាំងផ្លុំខ្លុយ ហើយនាំគ្នាអបអរសាទរសប្បាយរីករាយក្រៃលែង។ សូរស័ព្ទរបស់ពួកគេបានលាន់ឮរំពងកក្រើកផែនដី។
ព្រះបាទសាឡូម៉ូនលើកលែងទោសសម្តេចអដូនីយ៉ា
41 ពេលសម្តេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។ 42 លោកយ៉ូអាប់កំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអប៊ីយ៉ាថារ មកដល់។ សម្តេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះពិតជានាំដំណឹងល្អមិនខាន»។ 43 លោកយ៉ូណាថានទូលសម្តេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ ក្រាបទូល! ព្រះបាទដាវីឌជាអម្ចាស់នៃយើង បានតែងតាំងសម្តេចសាឡូម៉ូនជាព្រះមហាក្សត្រហើយ។ 44 ព្រះរាជាចាត់លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេទី និងពេលេទី ឲ្យលើកសម្តេចសាឡូម៉ូនឡើងគង់លើខ្នងលារបស់ស្តេច ហើយដង្ហែចេញទៅ។ 45 លោកបូជាចារ្យសាដុក និងព្យាការីណាថាន បានចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេច នៅត្រង់ប្រភពទឹកគីហូន។ ពួកគេឡើងពីទីនោះមកវិញ ដោយអំណរសប្បាយ ហើយប្រជាជននៅក្នុងទីក្រុងបន្លឺសំឡេងលាន់ឮរំពង ដូចអស់លោកបានឮស្រាប់។ 46 លើសពីនេះ សម្តេចសាឡូម៉ូនឡើងគង់លើរាជបល្ល័ង្ក 47 ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា “សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ 48 ហើយមានរាជឱង្ការថា: “សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីទូលបង្គំ ហើយឲ្យទូលបង្គំបានឃើញព្រឹត្តិការណ៍នេះផ្ទាល់នឹងភ្នែក”»។
49 ឮដូច្នេះ ភ្ញៀវទាំងប៉ុន្មានរបស់សម្តេចអដូនីយ៉ានាំគ្នាភ័យញ័រ ហើយប្រញាប់ប្រញាល់បែកខ្ញែកគ្នាអស់ទៅ។ 50 សម្តេចអដូនីយ៉ាភ័យខ្លាចព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង សម្តេចក៏ប្រញាប់រត់ទៅតោងស្នែងអាសនៈ។ 51 មានគេមកទូលព្រះបាទសាឡូម៉ូនថា៖ «សម្តេចអដូនីយ៉ាភ័យខ្លាចព្រះករុណាណាស់ សម្តេចបានរត់ទៅតោងស្នែងអាសនៈ ទាំងពោលថា: សូមព្រះបាទសាឡូម៉ូនស្បថឲ្យខ្ញុំនៅថ្ងៃនេះ ព្រះអង្គនឹងមិនសម្លាប់ខ្ញុំដោយមុខដាវទេ!»។ 52 ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចមនុស្សដែលគួរឲ្យគោរពមែន សូម្បីតែសក់មួយសរសៃក៏មិនជ្រុះពីក្បាលគេដែរ។ ប៉ុន្តែ ប្រសិនបើគេមានចិត្តអាក្រក់ នោះគេនឹងត្រូវស្លាប់!»។ 53 ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅយាងសម្តេចអដូនីយ៉ាចុះពីអាសនៈ។ សម្តេចក៏យាងចូលទៅក្រាបថ្វាយបង្គំព្រះបាទសាឡូម៉ូន ហើយព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «សូមម្ចាស់បងយាងត្រឡប់ទៅដំណាក់វិញចុះ»។