ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ព្រះនាង​អេសធែរ​ជា​ភាសា​ហេប្រឺ

គម្ពីរ​អេសធែរ រៀប​រាប់​អំពី​របៀប​ដែល​ជន​ជាតិ​យូដា​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ជំនាន់ ដែល​ចក្រ‌ភព​ពែរ្ស​ត្រួត‌ត្រា​លើ​មជ្ឈិម‌បូព៌ា​ប្រទេស គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេត្យូពី។ ជន​ជាតិ​យូដា​មួយ​ចំនួន​ធំ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ពុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ពេល​ជន​ជាតិ​បាប៊ីឡូន​បែក​ស្រុក (ឆ្នាំ ៥៣៩​មុនគ.ស.) នោះ​ឡើយ។ ជន​ជាតិ​យូដា​ទាំង​នោះ​តែង​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង​ពី​សំណាក់​ជាតិ​សាសន៍​ផ្សេងៗ ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ដ្បិត​ជន​ជាតិ​យូដា​មាន​ជំនឿ​សាសនា និង​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​សាសន៍​ដទៃ។ កណ្ឌ​គម្ពីរ​នេះ​រៀប​រាប់​ប្រាប់​យើង​អំពី​វិវាទ​រវាង​លោក​ហាម៉ាន់ ជា​មហា​មន្ត្រី​របស់​ព្រះ‌ចៅ​ស៊ែរសេស និង​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដែល​បណ្តាល​ឲ្យ​មាន​គម្រោង‌ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​មូល។ ប៉ុន្តែ នាង​អេសធែរ ជា​ក្មួយ​របស់​លោក​ម៉ាដេកាយ បាន​ឡើង​ទៅ​ជា​មហា​ក្សត្រិ‌យានី ហើយ​រំដោះ​ជន​ជាតិ​យូដា​ឲ្យ​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ថ្ងៃ​ដែល​គេ​គ្រោង​ទុក​ដើម្បី​ប្រល័យ​ពូជ​សាសន៍​យូដា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​ជន​ជាតិ​យូដា​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ ហើយ​ថ្ងៃ​នោះ ជា​ដើម​កំណើត​នៃ​ពិធី​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា​ឈ្មោះ «បុណ្យ​ពួរីម»។

គម្ពីរ​អេសធែរ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​គំនិត​ជាតិ​និយម​របស់​ជន​ជាតិ​យូដា ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​បំណង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ គំនិត​សង‌សឹក​នេះ​ជា​ប្រតិ‌កម្ម​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ព្រម​ទាំង​អំពើ​ហិង្សា​របស់​សាសន៍​ដទៃ​ចំពោះ​ជន​ជាតិ​យូដា។ គម្ពីរ​អេសធែរ​ធ្វើ​ឲ្យ​យើង​ចង​ចាំ​ថា ការ​ប្រកាន់​ពូជ​សាសន៍ ការ​មិន​ព្រម​ទទួល​អ្នក​ដទៃ​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា​រឹត​តែ​ខ្លាំង​ថែម​ទៀត។

នៅ​ជំនាន់​មួយ​ដែល​ជន​ជាតិ​យូដា​បាត់​បង់​បូរណ‌ភាព​ទឹក​ដី ហើយ​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​សាសន៍​ដទៃ ពួក​គេ​លែង​មាន​សង្ឃឹម​ថា​នឹង​ទទួល​ឯក​រាជ​ជាតិ​ទៀត​ហើយ។ រឿង «ព្រះ‌នាង​អេសធែរ» រំឭក​ពួក​គេ​អំពី​ការ​រំដោះ​មួយ​ដ៏​ធំ‌ធេង ដែល​ផ្តល់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។

អត្ថបទ​បន្ថែម​ជា​ភាសា​ក្រិក

ជន​ជាតិ​យូដា​ដែល​រស់​នៅ​ខ្ចាត់‌ខ្ចាយ​នៅ​មជ្ឈិម​បូព៌ា បក​ប្រែ​គម្ពីរ‌វិន័យ​នៅ​សតវត្ស​ទី៣ រួច​នាំ​គ្នា​បក​ប្រែ​កណ្ឌ​ព្យាការី និង​កណ្ឌ​ផ្សេង​តាម​ក្រោយ (គម្ពីរ​នោះ​ហៅ​ថា «គម្ពីរ​ចិត​សិប» LXX)។ អ្នក​បក​ប្រែ​បន្ថែម​សេចក្តី​ជា​ច្រើន ឧប. ក្នុង​កណ្ឌ​ព្រះ‌នាង​អេសធែរ គេ​បន្ថែម ៩៣ ខ លើស​ពី ១៦៧ នៃ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ។

កណ្ឌ​ទាំង​ពីរ​មាន​សាច់​រឿង​ប្រហែល​គ្នា ប៉ុន្តែ អ្នក​បក​ប្រែ​ដូរ​ឈ្មោះ​ជា​ច្រើន (ព្រះ‌នាង‌អ័ស្ទីន​ជំនួស​ព្រះ‌នាង​វ៉ាស្ទី ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស​ជំនួស​ព្រះ‌ចៅ​ស៊ែរសេស) ហើយ​បន្ថែម​អត្ថបទ​ប្រាំ‌មួយ (មាន​កំណត់​តាម​អក្សរ ក ខ គ ឃ ង ច ឆ)។

ក និង​ច នៅ​ខាង​ដើម និង​នៅ​ខាង​ចុង​នៃ​រឿង ដើម្បី​បញ្ជាក់​អត្ថន័យ​រឿង គឺ​ព្រះ‌ជាម្ចាស់​ណែ​នាំ​ប្រជាជន​នានា ព្រះ‌អង្គ​លើក​ស្ទួយ​ប្រជាជន ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ទម្លាក់​អ្នក​ដឹកនាំ​ដែល​មាន​ចិត្ត​ព្រ‌ហើន​កោង​កាច។
ខ និង​ង រៀប​រាប់​អំពី​រាជ​ក្រឹត្យ​បញ្ជា​ឲ្យ​ប្រល័យ​ពូជ‌សាសន៍​យូដា។
គ ជា​ពាក្យ​ទូល​អង្វរ​របស់​លោក​ម៉ាដេកាយ និង​ព្រះ‌នាង​អេសធែរ។
ឃ តំណាល​អំពី​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័រតារ‌ស៊ែរសេស។
ក្នុង​កណ្ឌ​ជា​ភាសា​ហេប្រឺ មាន​ខ​តែ​មួយ ដែល​បញ្ជាក់​អំពី​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​គេ (៤,១៤)។ ផ្ទុយ​ទៅ​វិញ ក្នុង​កណ្ឌ​ប្រែ​ជា​ភាសា​ក្រិក មាន​ពន្យល់​សេចក្តី​នេះ​ជា​ហូរ​ហែ។ របៀប​និពន្ធ​ទាំង​ពីរ​យ៉ាង​នេះ បញ្ជាក់​អំពី​របៀប​ពីរ ដែល​អ្នក​ជឿ​តែង​តែ​ប្រកាស​ជំនឿ​របស់​ខ្លួន គឺ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ហេប្រឺ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​សកម្ម‌ភាព​តាម‌រយៈ​សកម្ម‌ភាព​របស់​មនុស្ស ជា​ពិសេស នៅ​គ្រា​ដែល​មនុស្ស​ឃោ​ឃៅ​ធ្វើ​បាប​អ្នក​តូចតាច។ រីឯ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ក្រិក យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​នៅ​តែ​មាន​សកម្ម‌ភាព​ដោយ​ផ្ទាល់​ព្រះ‌អង្គ​ជា‌និច្ច។