អត្ថបទ ព្រះគម្ពីរ ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣

photo of holy bible near acoustic guitar

ឬសន្តណ័រប៊ែរ ជាអភិបាល

លោកណ័រប៊ែរ (ប្រ.១០៨៥-១១៣៤) កើតក្នុងក្រុមគ្រួសារអភិជនស្រុកអាល្លឺម៉ង់ (១០៨៥-១១៣៤)។ មុនដំបូង លោកធ្វើមន្ត្រីព្រះចៅអធិរាជ។ កាលលោកទទួលស្គាល់ព្រះយេស៊ូរួច លោកប្រែចិត្តគំនិត លាមុខតំណែង ហើយចូលបួស។ បន្ទាប់មក លោកប្រកាសដំណឹងល្អពាសពេញស្រុក។ ពេលលោកទទួលមុខងារជាអភិបាលព្រះសហគមន៍ លោកយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ ជាពិសេសលោកដាស់តឿនគ្រីស្តបរិស័ទឱ្យគោរពព្រះកាយព្រះគ្រីស្ត។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ២,១០-២៣

មានថ្ងៃមួយ លោកតូប៊ីតអស់កម្លាំងជាខ្លាំង ព្រោះលោកបានកប់សាកសពជាច្រើន។ លោកចូលទៅក្នុងផ្ទះផ្អែកខ្លួននឹងជញ្ជាំង ហើយដេកលង់លក់ទៅ។ ពេលលោកកំពុង​លង់លក់នោះ មានសត្វចាបជុះអាចម៍ដាក់ចំភ្នែកលោក លោកក៏ខ្វាក់ភ្នែករហូតតទៅ។ ព្រះជាម្ចាស់បណ្តោយឱ្យលោកតូប៊ីតខ្វាក់ភ្នែកដូច្នេះ ដើម្បីឱ្យលោកធ្វើជាគំរូសម្រាប់កូនចៅតទៅមុខ អំពីចិត្តអត់ធ្មត់ ចេះស៊ូទ្រាំ ដូចលោកយ៉ូបកាលពីដើមដែរ។ តាំងពីក្មេងមក លោកតូប៊ីតតែងតែគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គគ្មានចន្លោះត្រង់ណាសោះ។ ទោះបីលោកទទួលរងទុក្ខលំបាកដូច្នេះ​ក៏ដោយ ក៏លោកមិនដែលស្តីបន្ទោសព្រះជាម្ចាស់ឡើយ។ លោកនៅតែគោរពកោតខ្លាចព្រះជាម្ចាស់ដោយឥតល្អៀង លោកតែងតែអរព្រះគុណព្រះអង្គជារៀងរាល់ថ្ងៃ។ កាលពីដើម ស្តេចនាំគ្នាជេរលោកយ៉ូបយ៉ាងណា ញាតិសន្តានរបស់លោកតូប៊ីត​ក៏ចំអកដាក់លោកយ៉ាងនោះដែរ ទាំងពោលថា៖ «លោកបានធ្វើទាន និងបានកប់សាក​សព តើឥឡូវនេះ បុណ្យមានជួយឯណា? លោកសង្ឃឹមទៅលើអ្វីទៀត?» តែលោក​តូប៊ីតតបថា៖ «កុំនិយាយផ្តេសផ្តាសដូច្នេះទៀត ដ្បិតយើងជាកូនចៅរបស់បុព្វបុរសដ៏វិសុទ្ធ យើងសង្ឃឹមថា នឹងបានទទួលជីវិតដែលព្រះជាម្ចាស់ប្រទានឱ្យអស់អ្នក​ដែលជឿសង្ឃឹម​លើព្រះអង្គជានិច្ច»។ អ្នកស្រីហាណ្ណា ជាភរិយារបស់លោកតូប៊ីត ធ្លាប់ចេញទៅស៊ីឈ្នួលត្បាញឱ្យគេ​ជារៀងរាល់ថ្ងៃ យកលុយមកចិញ្ចឹមជីវិត។ មានថ្ងៃមួយ គេយកកូនពពែមកធ្វើជាថ្លៃឈ្នួលរបស់នាង នាងក៏នាំយកពពែនោះមកផ្ទះ។ លោកតូប៊ីតឮកូនពពែស្រែក លោក​មានប្រសាសន៍ថា៖ «ចូរប្រយ័ត្ន! ក្រែងសត្វនេះគេលួចយកមក ចូរយកទៅឱ្យម្ចាស់​វាវិញទៅ ដ្បិតយើងគ្មានសិទ្ធិបរិភោគសត្វដែលគេលួចយកមកនោះទេ សូម្បីតែប៉ះពាល់ក៏គ្មានសិទ្ធដែរ»។ ពេលនោះ ភរិយារបស់លោកឆ្លើយតបទាំងកំហឹងថា៖ «គេឃើញច្បាស់ហើយ សេចក្តីសង្ឃឹមរបស់តាឯងឥតបានការអ្វីសោះ រីឯទានរបស់តាឯង​ក៏ឥតបានបុណ្យដែរ!។ នាងចេះតែពោលពាក្យបែបនេះផ្ទួនៗគ្នាជាច្រើនដង។

ទំនុកតម្កើងលេខ ១១២(១១១),១-២.៥.៧-៩ បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
មនុស្សណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
អ្នកនោះមិនស្លុតមិនព្រឺខ្លាចមានចិត្តអង់អាចមិនខ្លាចល្បិច
មិនខ្លាចគេដៀលត្មះពន្លិចហើយផ្ញើជីវិតលើព្រះម្ចាស់
គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ធម ៦,១៥ ១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា។ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៣-១៧

នៅគ្រានោះ គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងសេ្តចហេរ៉ូដខ្លះឱ្យទៅជិត​ព្រះយេស៊ូ ចាំចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគ​យល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្តីពិត។ តើ​ធម្មវិន័យរបស់យើងអនុញ្ញាត​ឱ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?។ តើយើងត្រូងបង់ ឬមិនត្រូវបង់?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឱ្យខ្ញុំមើលមើល៍»។ គេក៏​យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូបនិងឈ្មោះព្រះចៅអធិរាជ!»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅ​អធិរាជវិញទៅ! ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញ​ដែរ!»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។​

Facebook
Twitter
LinkedIn