អត្ថបទ ព្រះគម្ពីរ ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣៤,៤-៦.៨-៩

លោកម៉ូសេក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃតាមបញ្ជារបស់ព្រះអម្ចាស់។ ព្រះអម្ចាស់យាងចុះមកក្នុងពពក ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេទាំងប្រកាសព្រះនាមព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់ឆ្លងកាត់ពីមុខលោកម៉ូសេទាំងប្រកាសថា៖ «ព្រះអម្ចាស់! ព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហប្ញទ័យអាណិតអាសូរ និងប្រណីសន្តោស! ព្រះអង្គមានព្រះហប្ញទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហប្ញទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច»។ លោកម៉ូសេក្រាបថ្វាយបង្គំព្រះអម្ចាស់ភ្លាម។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហប្ញទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូសមែន! ប៉ុន្តែ ព្រះអង្គមុខជានឹងអត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំប្រព្រឹត្ត។ ព្រះអង្គមុខជាទទួលយើងខ្ញុំធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គពុំខាន»។

ទំនុកតម្កើងរបស់លោកដានីអែល ៣,៥២-៥៦ បទកាកគតិ

៥២បពិត្រព្រះម្ចាស់ជាព្រះរបស់ដូនតាយើងខ្ញុំ
សូមកោតសរសើរទាំងថ្វាយបង្គំថ្កើងព្រះឧត្តម
អស់កល្បតទៅ
ខ្ញុំសូមតម្កើងលើកព្រះនាមឡើងពុំមានអាស្រូវ
សុចរិតយុត្តិធម៌ទ្រង់គង់ជាផ្លូវអង្វែងតទៅ
សរសើរព្រះអង្គ
៥៣សូមកោតសរសើរព្រះគ្មានអ្វីស្មើក្នុងគ្រានេះម្តង
ទ្រង់ប្រកបដោយសិរីរឿងរុងក្នុងវិហារទ្រង់
កុំនៅទីមទាម
៥៤សូមលើកតម្កើងព្រះម្ចាស់យាងឡើងលើខេរ៉ូប៊ីម
ខ្ពង់ខ្ពស់បំផុតគ្មានអ្វីប្រៀបផ្ទឹមស្មូត្រទាំងញញឹម
តម្កើងជានិច្ច
៥៥សូមតម្កើងទ្រង់ដែលយាងឡើងគង់លើបល្ល័ង្ករាជ្យ
សូមច្រៀងតម្កើងរាល់ថ្ងៃព្រឹកល្ងាចព្រះម្ចាស់ជានិច្ច
កុំប្រែក្រឡាស់
៥៦សូមថ្កើងសរសើរព្រះអង្គនៅលើវេហាស៍អាកាស
ព្រះអង្គគ្រប់គ្រងស្ថានបរមសុខខ្ពស់លើកសិរីយស
ព្រះអង្គរហូត

អត្ថបទទី២៖ សូមថ្លែងលិខិតទី២របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ១៣,១១-១៣

បងប្អូនជាទីស្រឡាញ់!
ចូរមានអំណរឡើង ចូរខំប្រឹងឱ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្តីស្រឡាញ់ និងនៃសេចក្តីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ជនដ៏វិសុទ្ធទាំងអស់ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមឱ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ សូមឱ្យបងប្អូនបានប្រកបដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ សូមឱ្យបងប្អូនរួមរស់ជាមួយគ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងសិរីរុងរឿងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,១៦-១៨

ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុដូច្នេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច គឺមិនឱ្យគេវិនាសឡើយ។ ព្រះជាម្ចាស់ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាង​មកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកដោយសារព្រះបុត្រាវិញ។ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ។ រីឯអ្នកមិនព្រមជឿទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។

Facebook
Twitter
LinkedIn