លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជា ចួបជាមួយអស់លោកបូជាចារ្យនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឈ្វេងយល់អំពីកិច្ចការប្រកាសដំណឹងល្អក្នុងព្រះសហគមន៍ ស្ដាប់ពីទុក្ខព្រួយ និងអំណរសប្បាយដែលអស់លោកកំពុងបំពេញក្នុងប្រទេស។
ក្នុងជំនួបបិទទ្វារកាលពីព្រឹកថ្ងៃទី ២៥ ខែឧសភានេះ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាតំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ មានប្រសាសន៍ថា ក្រោយពីបានស្ដាប់របាយការណ៍នានា លោកអគ្គអភិបាលវែលស៍មានប្រសាសន៍ថា នេះជាលើកទីមួយ ដែលលោកបានជួបបូជាចារ្យដែលធ្វើការក្នុងភូមិភាគ។ ហើយលោកអគ្គអភិបាលក៏បានថ្លែងអំណរគុណដល់លោកអភិបាលអូលីវីយ៉េ ដែលបានរៀបចំកម្មវិធីជំនួបនេះ។
លោកតំណាងពេញសិទ្ធិរូបនេះបន្តថា លោកអគ្គអភិបាលវែលស៍ចាប់អារម្មណ៍ថា ព្រះសហគមន៍កម្ពុជា ជាព្រះសហគមន៍មួយដែលមានជីវិតរស់រវើក។
ក្នុងជំនួបនេះ លោកអគ្គរាជទូត វែលស៍ បានលើកទឹកចិត្តអស់លោកបូជាចារ្យឱ្យបន្តបេសកកម្ម ដែលអស់លោកកំពុងធ្វើជាច្រើននេះតទៅមុខទៀត។ ហើយលោក នឹងរកពេលមកសួរសុខទុក្ខព្រះសហគមន៍និងលោកបូជាចារ្យទាំងអស់ នៅពេលក្រោយថែមទៀត។
លោកបូជាចារ្យឆ័ត្រសិរីបញ្ជាក់ទៀតថា វត្តមានរបស់លោកអគ្គអភិបាលរយៈពេលប៉ុន្មានថ្ងៃនេះគឺជាទំព័រថ្មីនៃប្រវត្តិសាស្ត្រព្រះសហគមន៍របស់យើង ដោយលោកបានអនុញ្ញាតឱ្យអស់លោកបូជាចារ្យសាមញ្ញធម្មតា មានឱកាសបានសន្ទនាផ្ទាល់ជាមួយតំណាងរបស់សម្ដេចប៉ាប។
លោកបន្ថែមថា ជាធម្មតាឋាន:របស់លោកអគ្គអភិបាល (Nuncio) មានគម្លាតឆ្ងាយពីព្រះសហគមន៍របស់យើង។ កម្មវិធីជំនួបសួរសុខទុក្ខរបស់ លោកអគ្គអភិបាលវែលស៍ ជាមួយអស់លោកបូជាចារ្យទាំងអស់ក្នុងភូមិភាគភ្នំពេញ បានធ្វើឲ្យគម្លាតរវាងសន្តអាសនៈ និងព្រះសហគមន៍ហាក់ដូចជាទទួលបាននូវការយកចិត្តទុកដាក់និងលើកទឹកចិត្តពីសន្តអាសនៈ។ លោកអគ្គអភិបាលបានជួយពង្រឹងអ្នកទំនងទាំងខាងព្រះសហគមន៍កម្ពុជាទំនាក់ទំនងការទូតជាមួយនឹងរាជរដ្ឋាភិបាលផងដែរ។
នៅក្នុងកិច្ចជំនួបនេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមភាគភ្នំពេញ មានប្រសាសន៍ថា នេះជាឱកាសដើម្បីបង្ហាញពីជីវិតពិតរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល បន្ទាប់ពីកម្ពុជារងគ្រោះដោយកូវីដ១៩។ លោកអភិបាលអូលីវីយ៉េ រំឭកផងដែរអំពីសកម្មភាពរបស់លោកបូជាចារ្យនៅភូមិភាគភ្នំពេញ ដែលបានព្យាយាមធ្វើឱ្យព្រះសហគមន៍ជាធ្លុងតែមួយ ដោយមានព្រះគ្រីស្តជាសិរិសា។
ជាមួយគ្នានេះដែរ លោកអភិបាលបានបង្ហាញអំពីរបាយការណ៍នៃអង្គមហាសន្និបាតព្រះសហគមន៍សកល២០២១-២០២៣ ជូនអគ្គរាជទូត ដែលឯកសារនេះ បានចងក្រងដោយមានសំណួរនិងចម្លើយឆ្លងតាមរយៈការរិះគិតរបស់ព្រះសហគមន៍ក្នុងរយៈពេលពេញមួយឆ្នាំ ហើយឯកសារនេះដែរ ក៏បានផ្ញើទៅកាន់កិច្ចប្រជុំសភាលោកអភិបាលអាស៊ីសម្រាប់រិះគិតផងដែរ។
លោកអភិបាលអូលីវីយ៉េសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ស្របពេលជាមួយគ្នានេះ គឺត្រូវជំរុញឱ្យគ្រីស្តបរិស័ទទទួលខុសត្រូវលើព្រះសហគមន៍របស់ពួកគេ ដើម្បីឲ្យព្រះសហគមន៍រឹងមាំនិងចាក់ឫសក្នុងវប្បធម៌ និងចិត្តគំនិតជាខ្មែរ។
សូមបញ្ជាក់ផងដែរថា នេះជាទស្សនកិច្ចលើកដំបូងរបស់លោកអគ្គអភិបាល ប្រាយអិន វែលស៍ បន្ទាប់ពីលោកត្រូវបានតែងតាំងដោយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ ជាអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីខែកុម្ភៈ ២០២៣កន្លងទៅ។ នៅក្នុងទស្សនកិច្ចលើកដំបូងដែលចាប់ផ្តើមពីថ្ងៃទី២១-២៥ ខែឧសភានេះ លោកបានចូលក្រាបបង្គំគាល់និងថ្វាយសាតាំងដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចួបជាមួយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះសង្ឃរាជនៃគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានអញ្ជើញទស្សនកិច្ចមណ្ឌលសកម្មភាពតាកែវ មានដូចជាវិទ្យាល័យសន្តហ្វ្រង់ស្វ័រ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ វិទ្យាស្ថានសន្តប៉ូល និងសិប្បកម្មដូងតាកែវ។ លោកក៏បានចួបជាមួយតំណាងការិយាល័យនានា និងអស់លោកបូជាចារ្យនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ព្រមទាំងអញ្ជើញទស្សនកិច្ចនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងអញ្ជើញទៅកាន់តំបន់បូជនីយេស៍នៃព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលមានរូបសំណាកព្រះនាងម៉ារីទាំងពីរស្រង់ចេញពីបាតនៃទន្លេមេគង្គ៕
ដោយដាលីស