លោកអគ្គរាជទូតសន្តអាសនៈ​នៃកម្ពុជា​ជួប​ប្រធានការិយាល័យ​ភូមិភាគភ្នំពេញ

អគ្គរាជទូតសន្តអាសនៈ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា លោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ បាន​ចួបប្រជុំ​ជាមួយ​ ប្រធាននិង​អនុប្រធាន​ការិយាល័យ​នៃ​ព្រះសហគមន៍​កាតូលិក​ក្នុង​​ភូមិភាគ​ភ្នំពេញចំនួន១៧នាក់ ដែលសម្របសម្រួល​ដោយ​​​​លោក​ អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ ​ នារសៀល​ថ្ងៃទី​២៤ ខែឧសភា នៅ​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី។​

ក្រោយស្តាប់​បទ​បង្ហាញ​របស់​ការិយាល័យ​នីមួយៗ​ អំពី​កិច្ចការងារ​ ​បេសកកកម្ម​​  និងកិច្ច​ប្រឈម លោក​អគ្គអភិបាល​វែលស៍ មានប្រសាសន៍ថា ការិយាល័យ​នីមូយៗ​ប្រៀប​ដូចជាបេះដូង​ដែលនាំឱ្យ​ឈាមទៅកាន់​ចំណុច​នីមួយៗ​នៃ​សរីរាង្គ​។ លោក​សូម​អរគុណ​ដល់​កិច្ច​ការងារទាំងនោះ។

លោក​បន្ថែមថា ការិយាល័យនីមួយៗបាន​យកចិត្តទុកដាក់​ចូលក្នុង​៣ចំណុចសំខាន់ គឺ «អប់រំ​ទាំង​ចំណេះដឹង សុខភាព និង​ផ្លូវវិញ្ញាណ» ហើយ​នេះ​ជា​ទស្សនៈ​របស់​ព្រះសហគមន៍កាតូលិក ដែលយើងត្រូវ​​តែបញ្ចូល​រូបកាយ ខួរក្បាល និង​ផ្លូវវិញ្ញាណរួម​គ្នា។

ការិយាល័យរបស់​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​មានចំនួន​៩​ គឺ​ការិយាល័យ​អប់រំ​ជំនឿ ការិយាល័យ​សុខភាព ការិយាល័យផ្សព្វផ្សាយព័ត៌មាន ការិយាល័យ​សហគ្រិន​សង្គម ការិយាល័យ​លោក​អភិបាល ការិយាល័យស្វាគមន៍ ​ការិយាល័យសិល្បៈ ការិយាល័យសិក្សាអប់រំ និងការិយា​ល័យ​​យុវជន។

លោកអភិបាល​អូលីវីយ៉េ មានប្រសាសន៍​ថា ការិយាល័យ​ទាំងនេះ បង្កើត​ឡើង​ដើម្បី​ជួយ​ភូមិភាគ​ភ្នំពេញ​ឱ្យ​មាន​ជីវិត ហើយ​អ្នក​ទទួល​ខុស​ត្រូវ​គឺ​ជា​គ្រហស្ថទាំង​អស់។

ជាមួយ​គ្នា​នេះ​ដែរ លោក​អគ្គរាជទូតបាន​បន្ថែមថា ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​បាន​ទទួល​អស់អ្នក​តូចតាច​ដែល​គ្មាន​ក្ដីសង្ឃឹម​​ ឱ្យ​​គេរកឃើញក្ដីសង្ឃឹម​នៅក្នុង​ជីវិត​របស់​ពួក​គេ។ លោក​សូម​​អរគុណដល់​ការិយាល័យ​ទាំងអស់​ដែល​បានធ្វើឱ្យ​ព្រះសហគមន៍​ភូមមិភាគ​ភ្នំពេញ​មានជីវិត​ដ៏បរិបូណ៌។​

ជាមួយគ្នានេះដែរលោក សាត ភារម្យ ​វ័យ​៣៤ឆ្នាំជាអ្នកសម្រប​សម្រួល​ការងារ​នៅ​សិប្បកម្ម​ដូង​តាកែវ​បាន​ឱ្យដឹងថា ពាក្យ​លើក​​ទឹក​ចិត្តរបស់​លោកអគ្គរាជទូត​ បាបជួយ​ដល់​​ពួកយើង​កាន់តែខ្លាំង​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការបន្ថែម។

លោក​ភារម្យ​បាន​សង្កត់​ធ្ងន់ថា ការិយាល័យ​របស់​លោក​ នឹងខិតខំ​ធ្វើ​យ៉ាងណា​រួម​បញ្ចូល​បងប្អូន​ដែលមានពិការភាព និង​អ្នក​ក្រ​​លំបាក​កក្នុង​ផ្នែ​សិប្បកម្ម​សូត្រ​​អាច​ធ្វើការងារ​របស់​ពួកគាត់​ឲ្យ​មាន​ប្រសិទ្ធភាព​និង​គុណភាព ដើម្បីលើកស្ទួយជីវភាព​គ្រួសារ​របស់​ពួគាត់​ផង និង​ ​បម្រើ​ទៅលើទីផ្សារ​សម្រាប់​ ​ភ្ញៀវទេសចរណ៍​ផង។

លោកអគ្គអភិបាល​វែលស៍ ត្រូវ​បាន​តែងតាំង​ជា​អគ្គរាជទូត​សន្តអាសនៈប្រចាំ​ប្រទេស​កម្ពុជា​កាលពីខែ​កុម្ភៈ​ឆ្នាំ​២០២៣។ លោកបាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវ​ការណ៍​នៅក្នុងប្រទេស​កម្ពុជា​កាលពីថ្ងៃទី​ ២១-២៨ ខែ​ឧសភា ឆ្នាំ​២០២៣។ ក្នុងអំឡុង​ពេល​នោះ លោក​បាន​ចូលគាល់​ព្រះមហក្សត្រ​ដើម្បីថ្វាយសាតាំងក្នុងនាមជា​អង្គទូត​របស់​សន្តអាសនៈប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និង​បានចូលគាល់​សម្តេច​សង្ឃ​រាជ​ទេព​វង្ស​នៅ​វត្ត​ឧណ្ណាឡោម ហើយ​បាន​ធ្វើ​ទស្សនកិច្ច​ឈ្វេង​យល់អំពី​សកម្មភាព​និង​បេសកកម្ម​ក្នុង​ព្រះសហគមន៍កាតូលិក​ក្នុងភូមិភាគ​ភ្នំពេញ​មួយ​ចំនួន​ផងដែរ៕

ដោយដាលីស​

Facebook
Twitter
LinkedIn