ទោះមានឧបសគ្គ​លោក​សាន្ត​នៅ​តែ​បន្ត​ក្តីស្រមៃជាបព្វជិត

មានប្រសាសន៍​អរគុណ​ដល់​មនុស្ស​ជាច្រើន​ដែល​បាន​មក​ចូលរួម​លើក​ទឹកចិត្ត​ ក្នុង​ពិធី​តែង​តាំង​ជា​ឧបដ្ឋាក​ក្នុងក្រុម​គ្រួសារ​បព្វជិត​សហជីវិន​ព្រះយេស៊ូ លោក​ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​និយាយ​ដោយ​អួល​ដើម​ករ​ព្រោះ​មិន​នឹកស្មាន​ថា មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់គាត់។

លោក​សាន្ត ​ជា​គ្រីស្ត​បរិស័ទ​តែ​​​​ម្នាក់គត់ ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែលមាន​កូនចំនួន​២នាក់ ហើយ​លោកជា​កូន​ប្រុសតែម្នាក់គត់។ លោក​បាន​ស្គាល់​ព្រះសហគមន៍​ដោយ​ក្រុម​សហជីវិន​ព្រះយេស៊ូ ក្នុងឆ្នាំ​១៩៩៩ ហើយ​មាន​ចិត្ត​​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​ក្នុងឆ្នាំ​២០០២ និង​ចង់ចូលរួម​ប្រកាសដំណឹងល្អរបស់​ព្រះជាម្ចាស់។

លោក​បាន​ខិត​ខំ​តស៊ូ​ជំនះ​រាល់​ទុក្ខលំបាក​នានា​ក្នុងក្រុម​គ្រួសារ​ដោយសារ​ការ​មិន​ពេញចិត្ត​របស់​ឪពុកម្តាយដែល​មិន​មានជំនឿ​លើ​កាតូលិក។ តែ​ទោះជាយ៉ាងនេះ​ក្តី នៅថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣នេះ លោក​ត្រូវ​បាន​​​​ ​លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ តែងតាំង​ជា​ឧបដ្ឋាកក្នុងក្រុម​បព្វ​ជិត​សហជីវិន​ព្រះយេស៊ូ នៅ​ព្រះសហគមន៍​​សន្តសិលា​និង​សន្តប៉ូល​ ភ្នំពេញថ្មី នារាជធានីភ្នំពេញ ដោយមាន​គ្រីស្តបរិស័ទ​ចូលរួម​ជាង​២០០នាក់។  

ក្នុងសម្លៀក​បំពាក់​ជា​ឧបដ្ឋាក ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​ឲ្យដឹងថា ​«សម្រាប់ខ្ញុំផ្ទាល់​មានបំណងតែមួយគឺប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា និង​នៅ​ទីនេះ ខ្ញុំបានឃើញ​​តាមរយៈ​របៀប​ដែល​យើង​រស់នៅដោយ​បង្ហាញ​សេចក្ដី​សុខ​សាន្ត​​​នៃ​​វត្តមាន​របស់​ព្រះជាម្ចាស់​​នៅក្នុងដួងចិត្ត»​។

លោក​សាន្ត​ចាក​ចេញពី​ប្រទេស​វៀតណាម​ និង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៤ ក្នុងនាម​ជា​និស្សិត​ទេវវិទ្យាល័យ។ អំឡុង​ឆ្នាំ​២០១៦ លោក​ត្រលប់​ទៅ​វៀតណាម​វិញ​​ដើម្បី​​រៀន​ទេវវិទ្យា ហើយ​៦​ឆ្នាំ​ក្រោយ​មក លោក​វិលមកកម្ពុជាវិញ ដោយ​បាន​រៀន​ភាសាខ្មែរបន្ថែម។​

លោក​​​បន្តថា ក្នុងនាម​ជាឧបដ្ខាក លោកត្រូវ​អធិដ្ឋាននិងធ្វើកិច្ចការជារបៀបគ្រីស្តទូត ហើយ​​អ្វី​ដែល​សំខាន់​គឺ បម្រើអាសនៈ​ បម្រើ​ព្រះសហគមន៍ ជាពិសេស​ប្រកាស​ដំណឹង​ល្អ​ដោយ​ប្រកាស​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​​ជាការងារទីមួយពិតប្រាកដ។

«អគ្គសញ្ញាតែងតាំងឧបដ្ឋាកនេះមានន័យថាព្រះជាម្ចាស់ទទួលស្វាគមន៍ ដោយ​ស្រឡាញ់ហើយ​​​​រួមរស់​ជាមួយនឹងព្រះយេស៊ូ ដែលនាំឱ្យ​ស្នាម​របួស​ នៅក្នុងដួងចិត្ត​បាន​ជាសះ​ស្បើយ ប្រែក្លាយជាអំណរសប្បាយ»។ នេះ​ជាប្រសាសន៍ក្នុង​ធម្មទេសនា​របស់​លោក​អភិបាលព្រះសហគមន៍​ភូមិភាគបាត់ដំបង ​អេនរីគេ ​(គីគេ)ហ្វីការេដូ នៃ​ក្រុម​គ្រួសារ​​សហ​ជីវិន​ព្រះយេស៊ូ​។

លោក​អភិបាលអេនរីគេ បន្តថា ​ការ​ស្វាគមន៍​​ដោយសេចក្ដីស្រឡាញ់រួមជាមួយ​ព្រះយេស៊ូ​ គឺ​ចូលក្នុង​អាថ៌កំបាំង​នៃ​បុណ្យ​ចម្លង ដោយ​បម្រើតាមមាគ៌ាព្រះយេស៊ូគឺ​ ត្រូវ​បម្រើ​ព្រះសហគមន៍​និង​បងប្អូនឯទៀតៗ​ដោយ​ដាក់ខ្លួន ដោយការបន្ទាបខ្លួននិងមានរបៀបសុភាពរាបសារ។ លោក​អភិបាល​គីគេ​បញ្ជាក់ទៅកាន់ ​​ឧបដ្ឋាកថ្មី ឱ្យតស៊ូនិង​ចេះទ្រាំ ឱ្យ​​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពីព្រះជាម្ចាស់ ដោយ​យក​គំរូតាមព្រះយេស៊ូ។ ​

​អគ្គសញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក ពិធីមួយ​​ដែល​ឈាន​ទៅ​រក​មុខងារ​ជា​បូជាចារ្យកាតូលិក។  លោកសាន្ត​បាន​ប្រកាស​ពាក្យ​​សន្យារបស់គាត់ ​ដោយសុខ​ចិត្ត​ទទួល​អគ្គសញ្ញានេះ ​ ដើម្បី​បម្រើ​ព្រះ​សហគមន៍​ សុខចិត្ត​បំពេញ​មុខងារ​​ប្រកបដោយ​ចិត្តមេត្តាករុណា​និងភាពសាមញ្ញ​ដើម្បីជួយនិង​ស្តាប់​បង្គាប់​​អភិបាល​ព្រះសហគមន៍​ និងសហការ​ជាមួយ​អស់លោកបូជាចារ្យ និង​បម្រើ​គ្រីស្តបរិស័ទ​។

លោក​ឧបដ្ឋាក ប៉ូលដូ ថាញ ង្វៀន ហៅ​សាន្ត ប្រសូតនៅ​១៦ ​វិច្ឆិកា​ ១៩៧៥ នាទីក្រុង​ហាណូយ ប្រទេសវៀតណាម ក្នុង​គ្រួសារគ្រូបង្រៀន និង​ទាហានផ្នែក​​​វិស្វករ។ លោក​ជា​​ស្ថាបត្យករមួយ​រូប​ផងដែរ។

ក្នុង​ឆ្នាំ​២០២២ដល់​បច្ចុប្បន្ន​ ​លោក​សាន្ត​ បង្រៀន​អប់រំជំនឿ​នៅព្រះសហគមន៍កំពង់ស្ពឺ និង​កំពុង​ទទួល​ខុស​ត្រូវ​នៅ​មណ្ឌលរួម នៅទួលពង្ររ​ ជា​កន្លែង​ទទួល​បង្រៀន​​និង​ទំនាក់ទំនង​ជាមួយ​កម្មកររោងចក្រ ​ដោយ​រស់នៅ​ជាមួយគ្នា និងបង្ហាញសេចក្ដីសុខ​ដល់គ្នា៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn