អក្ថបទព្រះគម្ពីរប្រចាំថ្ងៃ ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ១៧,២៤-២៩

ព្រះអម្ចាស់ប្រោសប្រទានឱ្យអ្នកដែលប្រែចិត្តគំនិតអាចវិលត្រឡប់មករកព្រះអង្គវិញ ព្រះអង្គក៏លើកទឹកចិត្តអ្នកដែលអស់សង្ឃឹមដែរ។ ចូរប្រែចិត្តគំនិត! ចូរ​ត្រឡប់មករព្រះអម្ចាស់វិញ ហើយលះបង់អំពើបាបចោលទៅ! ចូរអង្វរព្រះអង្គ នោះ​អំពើអាក្រក់របស់កូននឹងបាន​ធូរស្រាល។ ចូរវិលត្រឡប់មករកព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយងាកចេញពីអំពើទុច្ចរិត។ ចូរចៀសឱ្យឆ្ងាយពីអំពើដែលគួរស្អប់ខ្ពើម។ នៅ​ស្ថានមច្ចុរាជ តើនរណានឹងសរសើរតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុតបាន? មានតែមនុស្ស​ដែលនៅរស់ទេដែលអាចលើកតម្កើងព្រះអង្គ។ ពេលមនុស្សស្លាប់ គឺពេលដែល​គេបាត់បង់ជីវិត គេមិនអាចអរព្រះគុណព្រះអង្គបានទៀតឡើយ។ មានតែពេលមនុស្សនៅរស់និងមានសុខភាពល្អទេ ដែលអាចសរសើរតម្កើងព្រះអម្ចាស់បាន។ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ព្រះអង្គលើកលែងទោសឱ្យអ្នកដែលបែរចិត្តមករកព្រះអង្គវិញ!។

ទំនុកតម្កើងលេខ ៣២ (៣១),១-២.៥-៧ បទព្រហ្មគីតិ

អ្នកដែលព្រះជាម្ចាស់លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យមានសេរីសុខមង្គល
អស់អ្នកដែលព្រះម្ចាស់មិនចាប់ទោសផុតអំពល់
គ្មានចិត្តវៀចវិលវល់មានមង្គលសុខឥតល្ហែ
រូបខ្ញុំបានសារភាពអំពើបាបមុខព្រះម្ចាស់
ខ្ញុំមិនលាក់លៀមសោះនូវកំហុសខ្ញុំនោះឡើយ
ទូលបង្គំពោលថាខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយទ្រង់លើកឱ្យរួចពីបាប
ហេតុនេះហើយបានជាអ្នករាល់គ្នាប្រណិប័តន៍ក្រាប
ព្រះម្ចាស់ជាដរាបជាប់រៀងរៀបមិនភិតភ័យ
ទោះជាមានកង្វល់ជួបព្យុះខ្យល់ទឹកជន់ក្តី
ព្រះម្ចាស់តែងប្រណី​​​មិនឱ្យក្ស័យឬលិចលង់
ព្រះអង្គជាជម្រកឱ្យខ្ញុំជ្រកមិនឱ្យហ្មង
ការពាររូបខ្ញុំផងកម្ចាត់បង់អាសន្នភ័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
​ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយ​ភាពក្រីក្ររបស់ព្រះអង្គ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៧-២៧

​នៅគ្រានោះ ព្រះយេស៊ូកំពុងចេញដំណើរទៅ។ ស្រាប់តែមានបុរសម្នាក់រត់មក​ដល់ លុតជង្គង់ចុះនៅមុខព្រះអង្គហើយទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំ​ត្រូវធ្វើអ្វី ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូ​មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់​មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់វិន័យស្រាប់ហើយថា កុំសម្លាប់​មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេ​មានទោស កុំកេងប្រវ័ញ្ចសម្បត្តិគេឱ្យសោះ ចូរគោរពមាតាបិតា»។ បុរសនោះទូល​ព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងពីក្មេងមក»។ ព្រះយេស៊ូ​ទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មកសឹម​អញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិល​ត្រឡប់ទៅផ្ទះវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។ ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ទេ»។ ក្រុមសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ! ព្រះរាជ្យព្រះ​​​​ជាម្ចាស់ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត។ ក្រុមសាវ័ករឹងរឹតតែឆ្ងល់ថែមទៀត ហើយនិយាយ​គ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូទតមើលគេ​​ ​រួចមានព្រះបន្ទូលថា៖ «ការនេះ មនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះ​អង្គអាចធ្វើគ្រប់ការទាំងអស់បាន»។

Facebook
Twitter
LinkedIn