ពាក្យលំនាំ
(អ្នកអានពាក្យលំនាំនេះ គឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
តាមគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ព្រះយេស៊ូផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័កនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ ព្រះវិញ្ញាណជាព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ តាមលោកម៉ាថាយ លោកលូកា និងលោកយ៉ូហាន ព្រះយេស៊ូចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ រីឯលោកលូកាជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតដែរ លោកចែងថា ព្រះយេស៊ូចាត់ព្រះវិញ្ញាណនៅបុណ្យថ្ងៃទី៥០ វិញ ជាថ្ងៃជនជាតិយូដានាំគ្នារម្លឹកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃពីដើម។ លោកលូកាចែងដូច្នេះដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយគ្នាឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១-១១
នៅបុណ្យថ្ងៃទីហាសិបមកដល់ ក្រុមសាវ័ករួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃមក ដូចជាខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ ក្រុមសាវ័កបានឃើញ ហាក់ដូចជាមានអណ្តាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ។ ពេលនោះ មានជនជាតិយូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រទេសនានាក្នុងពិភពលោកទាំងមូលស្នាក់នៅក្រុងយេរូសាឡឹមដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកាលីឡេទេតើ។ ចុះហេតុដូចម្តេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូដា ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរ៉េន និងអស់អ្នកមកពីក្រុងរ៉ូមទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
ទំនុកតម្កើងលេខ ១០៤ (១០៣),១.២៤.២៩-៣១.៣៤ បទពាក្យ ៧
១ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ប្រសើរខ្លាំងណាស់អស់ពីចិត្ត | |
ព្រះអង្គជាព្រះនៃខ្ញុំពិត | ឧត្តមបំផុតលើលោកា | ។ | |
២៤ | បពិត្រព្រះអើយព្រះអម្ចាស់ | គ្រប់ស្នាព្រះហស្តច្រើនមិនតិច | |
ផែនដីមានអ្វីច្រើនអនេក | សុទ្ធតែកើតមកពីព្រះអង្គ | ។ | |
២៩ | ប្រសិនបើទ្រង់មិនរវល់ | នោះគេនឹងខ្វល់ជួបភ័យគ្រោះ | |
បើទ្រង់ដកយកខ្យល់ទាំងអស់ | នោះគេលែងរស់នឹងក្សិណក្ស័យ | ។ | |
៣០ | ពេលណាព្រះអង្គទ្រង់ប្រទាន | ដង្ហើមឱ្យមានខ្យល់និស្ស័យ | |
គេកើតឡើងវិញពេញផែនដី | សព្វអស់អ្វីៗមានព្រមគ្នា | ។ | |
៣១ | សូមសិរីរុងរឿងរបស់ | ព្រះអម្ចាស់អស់កល្បយូរយារ | |
សូមទ្រង់រីករាយដោយសារស្នា | ព្រះហស្តអស្ចារ្យរបស់ទ្រង់ | ។ | |
៣៤ | ឱ!ព្រះអម្ចាស់សូមឱ្យបទ | ដែលខ្ញុំកំណត់បានគួរគាប់ | |
ឱ្យខ្ញុំសប្បាយចិត្តអរជាប់ | ដោយសារតែព្រះជាអម្ចាស់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ ករ ១២,៣-៧.១២-១៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក្នុងខ្លួន អ្នកនោះពុំអាចពោលថា៖ “ព្រះយេស៊ូត្រូវបណ្តាសា” កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធក្នុងខ្លួនទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា៖ “ព្រះយេស៊ូជាព្រះអម្ចាស់” បានដែរ។ មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គដដែល។ មានមុខងារផ្សេងៗពីគ្នា តែមានព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គដដែលទេ ដែលបំពេញសកម្មភាពទាំងនោះនៅក្នុងមនុស្សទាំងអស់។ ព្រះជាម្ចាស់ប្រោសប្រទានឱ្យម្នាក់ៗសម្តែងព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម។ សូមយកឧទាហរណ៍មួយ ទោះបីមនុស្សមានសរីរាង្គច្រើនយ៉ាងណាក្តី ក៏មានរូបកាយតែមួយ។ សរីរាង្គទាំងនោះផ្សំគ្នាជារូបកាយតែមួយ។ ចំពោះព្រះគ្រីស្តក៏ដូច្នេះដែរ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្តី សាសន៍ក្រិកក្តី អ្នកងារក្តី អ្នកជាក្តី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងក្នុងព្រះកាយតែមួយ ហើយយើងទាំងអស់គ្នា ក៏សុទ្ធតែបានទទួលទានពីព្រះវិញ្ញាណតែមួយដែរ។
បទលើកតម្កើងព្រះវិញ្ញាណ បទពាក្យ ៧
ឱ! ព្រះវិញ្ញាណព្រះបវរ | សូមយាងកុះករក្នុងដួងចិត្ត | |
សូមចាត់ពន្លឺរស្មីពិត | ឱ្យមកតាំងស្ថិតលើអស់យើង | ។ |
ឱ! ព្រះបិតាអ្នកកម្សត់ | ក្រីក្រទុគ៌តបិតាថ្កើង | |
យាងមកប្រទានកុំបីឆ្មើង | អំណោយក្រាស់ស្តើងកូនទទួល | ។ |
សូមយាងមកបំភ្លឺគំនិត | បំភ្លឺដួងចិត្តកុំឱ្យជ្រួល | |
ទប់ឱ្យនឹងនមិនរំជួល | រស់នៅសុខស្រួលក្នុងអំណោយ | ។ |
ព្រះអង្គលួងលោមដួងចិត្តខ្ញុំ | ទ្រង់គង់សម្ងំមិនមែនខ្សោយ | |
ព្រះអង្គជាម្លប់ពីមុខក្រោយ | ត្រជាក់ត្រជុំពេលខ្ញុំហត់ | ។ |
ព្រះអង្គប្រទានឱ្យសម្រាក | កុំឱ្យលំបាកហួសកំណត់ | |
ក្តៅហួតក្តៅហែងហេវកម្សត់ | ព្រះអង្គជាផ្លិតបក់ត្រជាក់ | ។ |
កាលណាយើងខ្ញុំកើតទុក្ខព្រួយ | ព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់ | |
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យ័ក្ស | ឥតបីមានញាក់ស្លុតរន្ធត់ | ។ |
ឱ! ពន្លឺចែងត្រចះ | ត្រចង់ឥតខ្វះមិនរលត់ | |
យាងមកបំភ្លឺនិងបំពត់ | អ្នកជឿសង្ឃឹមលើព្រះអង្គ | ។ |
កុំតែព្រះអង្គយាងមកប្រោស | យាងមកសន្តោសគ្មានបង្អង់ | |
កុំអីមនុស្សលោកគ្មានផ្លូវត្រង់ | គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ | ។ |
កិច្ចការទាំងអស់ដែលគេធ្វើ | ជុំពាក់បាបស្ទើរពុំដែលស្បើយ | |
សូមទ្រង់យាងមកលាងឱ្យហើយ | អ្វីៗអាក្រក់ចេញឱ្យអស់ | ។ |
សូមទ្រង់ស្រោចលើចិត្តហែងហួត | កុំឱ្យក្រៀមស្ងួតសោះកក្រោះ | |
និងចិត្តដែលមានស្នាមរបួស | ឱ្យមានសម្រស់ស្រស់បំព្រង | ។ |
សូមបន្ទន់ចិត្ត កាយ វាចា | កុំឱ្យមុសាមានសៅហ្មង | |
សូមប្រទានតាមព្រះបំណង | ព្រះទ័យថ្លាយង់កុំខានណា | ។ |
សូមតម្រង់ចិត្តកោងវេរវៀច | ចិត្តខូចកាចកៀចដោយហឹង្សា | |
ខន្តីអំណត់តាមមាគ៌ា | តាមក្តីប្រាថ្នាព្រះទ័យទ្រង់ | ។ |
សូមទ្រង់ប្រទានអំណោយសព្វ | ឱ្យមានភពភ័ព្វបែបទំនង | |
ដល់អ្នកជឿផងតាមបំណង | ចិត្តជឿលើទ្រង់ជាអម្ចាស់ | ។ |
សូមទ្រង់ប្រទានបុណ្យកុសល | ឱ្យបានមគ្គផលក្រែលក្រៃក្រាស់ | |
អំណរសប្បាយមានដេរដាស | រហូតដល់អស់កល្បទៅហោង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះវិញ្ញាណដ៏វិសុទ្ធ! សូមយាងមក! សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ! សូមប្រោសប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំផង! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១៩-២៣
ក្រោយពីព្រះយេស៊ូសោយទិវង្គតនៅល្ងាចថ្ងៃអាទិត្យ ក្រុមសាវ័កនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និងនៅត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។