សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៤-៩
ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ បានបង្រៀនខ្ញុំអំពីសេចក្តីដែលខ្ញុំត្រូវនិយាយ ព្រះអង្គប្រទានឱ្យខ្ញុំចេះពោលពាក្យលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយបង្រៀនខ្ញុំឱ្យចេះស្តាប់ដូចសាវ័កស្តាប់គ្រូ។ ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់។ ឯខ្ញុំវិញ ខ្ញុំមិនបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ។ ពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែល ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឱ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ។ បើនរណាចង់ប្តឹងខ្ញុំ សុំអញ្ជើញមកយើងទៅតុលាការជាមួយគ្នា! នរណាចង់ចោទប្រកាន់ សុំអញ្ជើញមកជួបខ្ញុំ។ មែនហើយ! ព្រះអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្តន្ទាទោសខ្ញុំបាន?
ទំនុកតម្កើងលេខ ៦៩ (៦៨),៨-១០.២១-២២.៣១.៣៣-៣៤ បទកាកគតិ
៨ | ខ្ញុំទ្រាំឱ្យគេ | ប្រមាថដៀលជេរ | មើលងាយពេកក្រៃ |
ព្រោះតែព្រះអង្គ | ខ្មាសគេស្ទើរក្ស័យ | អាប់ឱនសិរី | |
ព្រោះតែព្រះអង្គ ។ | |||
៩ | ញាតិទូលបង្គំ | មិនរាប់អានខ្ញុំ | ពួកគេបោះបង់ |
បងប្អូនបង្កើត | ក៏មិនស្មោះត្រង់ | ចាត់ទុកខ្ញុំហ្នឹង | |
ដូចជនបរទេស ។ | |||
១០ | នោះមកពីខ្ញុំ | ចិត្តនៅមូលផ្តុំ | ស្រឡាញ់ខ្លាំងណាស់ |
ដំណាក់ព្រះអង្គ | គេតិះដៀលត្មះ | តែពាក្យទាំងនោះ | |
ត្រូវធ្លាក់លើខ្ញុំ ។ | |||
២១ | ពាក្យត្មះតិះដៀល | ចាក់រុកឆឹ្កះឆ្កៀល | ឈឺស្មើទាត់ធាក់ |
ចិត្តខ្ញុំខ្លោចផ្សា | ឈឺចុកញ័រញាក់ | គិតថាមានម្នាក់ | |
នឹងអាណិតខ្ញុំ ។ | |||
ក្រែងមានអ្នកជួយ | តែឥតមានមួយ | ខ្ញុំកើតទុក្ខធំ | |
សង្ឃឹមថាមាន | គេមកលួងលោម | រំលែកទុក្ខខ្ញុំ | |
តែរកមិនបាន ។ | |||
២២ | ខ្ញុំឃ្លានបរិភោគ | គេមិនបានយក | អាហារល្អថ្កាន |
បែរយកថ្នាំពុល | ឱ្យខ្ញុំក្ស័យប្រាណ | ទោះស្រេកពុំបាន | |
ស្គាល់រស់ជាតិទឹក ។ | |||
៣១ | ខ្ញុំនឹងច្រៀងកោត | សរសើរបំផុត | ព្រះនាមព្រះអង្គ |
ប្រកាសពីភាព | ថ្កុំថ្កើងរឿងរុង | របស់ព្រះអង្គ | |
បម្រើគោរព ។ | |||
៣៣ | អស់អ្នកទុគ៌ត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ | |
អាយុយឺនយូរ ។ | |||
៣៤ | ដ្បិតទ្រង់សណ្តាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ | |
នៅឯកោទេ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
គ | សូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ មានតែព្រះអង្គទេដែលអាណិតអាសូរយើងខ្ញុំ ជាអ្នកវង្វេងឆ្ងាយពីព្រះអង្គ។ |
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៦,១៤-២៥
ពេលនោះ សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរនាក់ ឈ្មោះយូដាសអ៊ីស្ការីយ៉ុតទៅជួបពួកនាយកបូជាចារ្យជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឱ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឱ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប័ុងឥតមេ សាវ័កនាំគ្នាមកគាល់ព្រះយេស៊ូទូលថា៖ «តើព្រះគ្រូចង់ឱ្យយើងខ្ញុំរៀបចំជប់លៀងជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុងប្រាប់គាត់ថា លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក»។ សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីរនាក់។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ក្រុមសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំប័ុងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង!»។ យូដាសជាអ្នកក្បត់ព្រះអង្គទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។