សូមថ្លែងព្រះគម្ពីរកំណើត កណ ៣៧,៣-៤.១២-១៣ក.១៧ខ-២៨
លោកយ៉ាកុបស្រឡាញ់កុមារយ៉ូសែប ខ្លាំងជាងកូនឯទៀតៗព្រោះកូននេះកើតមកក្នុងពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយឱ្យកុមារយ៉ូសែបពាក់។ ដោយបងៗឃើញឪពុកស្រឡាញ់កុមារយ៉ូសែបខ្លាំងជាងពួកគេដូច្នេះ គេក៏នាំគ្នាស្អប់កុមារយ៉ូសែប រហូតមិនអាចនិយាយជាមួយគាត់ដោយប្រើពាក្យទន់ភ្លន់បានឡើយ។
នៅគ្រានោះ បងៗរបស់កុមារយ៉ូសែប នាំគ្នាចេញទៅឃ្វាលហ្វូងចៀមឪពុកនៅភូមិស៊ីគែម។ លោកយ៉ាកុបមានប្រសាសន៍ទៅកុមារយ៉ូសែបថា៖ «បងៗរបស់កូនទៅឃ្វាលចៀមនៅស៊ីគែម ឪពុកចង់ឱ្យកូនទៅសួរសុខទុក្ខពួកគេ»។ កុមារយ៉ូសែបក៏ចេញទៅរកបងៗ ហើយជួបពួកគេនៅត្រង់ភូមិដូតាន។ កាលគេឃើញកុមារយ៉ូសែបពីចម្ងាយ (គឺមុនគាត់ទៅដល់) ពួកគេឃុតឃិតគ្នាថា នឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា៖ «មើល៍! គ្រូយល់សប្តិមកដល់ហើយ! យើងឆ្លៀតសម្លាប់វា ហើយយកទៅបោះចោលក្នុងអណ្តូងណាមួយរួចយើងពោលថា សត្វសាហាវបានហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងក្លាយទៅជាយ៉ាងណា!។
ពេលលោករូបេនជាបងបង្អស់ឮប្អូនៗនិយាយគ្នាដូច្នោះ គាត់ក៏មានបំណងចង់ជួយកុមារយ៉ូសែបឱ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអី! កុំបង្ហូរឈាមវាឡើយ! គឺគ្រាន់តែបោះវាទៅក្នុងអណ្តូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះមកពីចង់ដោះប្អូនយ៉ូសែបឱ្យរួចពីកណ្តាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។
ពេលកុមារយ៉ូសែបទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីតដែលគាត់ពាក់នោះចេញ គេចាប់គាត់បោះទៅក្នុងអណ្តូង។ អណ្តូងនោះរីងស្ងួតគ្មានទឹកទេ។ បន្ទាប់មកគេអង្គុយបរិភោគអាហារ។ ពេលនោះគេក្រឡេកទៅឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូបផ្សេងៗ និងជ័រយកទៅលក់នៅស្រុកអេស៊ីប។ លោកយូដាពោលទៅកាន់បងប្អូនថា៖ «បើយើងសម្លាប់ប្អូនយើងចោលបានចំណេញអ្វី? នាំតែពិបាកលាក់ឃាតកម្មនេះទេ! មក៍! យើងលក់វាទៅឱ្យពួកអ៊ីស្មាអែលនេះវិញទៅ! កុំសម្លាប់វាអីព្រោះវាជាប្អូនយើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្តាប់តាមពាក្យគាត់។ ពេលក្រុមឈ្មួញជាតិម៉ាឌីយ៉ានមកដល់ គេនាំគ្នាយកកុមារយ៉ូសែបចេញពីអណ្តូង រួចលក់ទៅឱ្យជនជាតិអ៊ីស្មាអែលតម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលក៏នាំកុមារយ៉ូសែបទៅស្រុកអេស៊ីប។
ទំនុកតម្កើងលេខ ១០៥(១០៤), ៤-៥.១៧-២១ បទកាកគតិ
៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
ស្វែងរកព្រះភក្ត្រ | របស់ព្រះអង្គ | កុំនៅរេរង់ | |
ឈប់ឈរសោះឡើយ។ | |||
៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
នឹកដល់បាដិហារិយ៍ | កុំនៅកន្តើយ | និងការវិនិច្ឆ័យ | |
ដែលទ្រង់សម្រេច។ | |||
១៧ | តែទ្រង់ចាត់លោក | យ៉ូសែបឱ្យមក | ដើរមុខប្រជា |
តែទាស់បងប្អូន | មានចិត្តលេលា | លក់លោកធ្វើជា | |
ទាសករជាតិផ្សេង។ | |||
១៨ | គេធ្វើបាបគាត់ | ដាក់ខ្នោះវាយវាត់ | រំពាត់ខ្វាត់ខ្វែង |
គេយកច្រវាក់ | ទាក់ក គ្មានក្រែង | ខ្នោះដាក់ខ្វាត់ខ្វែង | |
រឹបជើងខ្លួនប្រាណ។ | |||
១៩ | រហូតហេតុការណ៍ | កើតឡើងសព្វសារ | តាមពាក្យលោកបាន |
ថ្លែងទុកជាយូរ | លុះព្រះម្ចាស់មាន | បន្ទូលថ្កើងថ្កាន | |
ថាគាត់ស្លូតត្រង់។ | |||
២០ | ស្តេចស្រុកអេស៊ីប | ឱ្យលែងយ៉ូសែប | ស្រាយទាំងចំណង |
ដោះលែងឱ្យរួច | ទាំងម្ចាស់រាស្ត្រផង | ក៏មានបំណង | |
ដោះលែងលោកដែរ។ | |||
២១ | គ្រាបន្ទាប់មក | ស្តេចក៏តាំងលោក | ឱ្យត្រួតមើលថែ |
រក្សារាជវាំង | នៅនែបនិត្យក្បែរ | រាជ្យទ្រព្យហូរហែ | |
ទាំងអស់ទៀតផង។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! |
គ | ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២១,៣៣-៣៤.៤៥-៤៦
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកនាយកបូជាចារ្យ និងពួកផារីស៊ីថា៖ «សុំស្តាប់ប្រស្នានេះ! បុរសម្នាក់ជាម្ចាស់ចម្ការ បានដំាទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញគាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះឱ្យពួកកសិករមើលថែទាំរួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់រដូវទំពាំងបាយជូរទុំ គាត់ចាត់ពួកអ្នកបម្រើឱ្យមកជួបអ្នកថែចម្ការទាំងនោះដើម្បីទទួលយកផលរបស់គាត់។ ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើម្នាក់មកវាយដំ ប្រហារជីវិតម្នាក់ និងម្នាក់ទៀតយកដុំថ្មគប់សម្លាប់។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀតដែលមានគ្នាច្រើនជាងមុនឱ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ នៅទីបំផុតម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ឱ្យមកជួបគេដោយគិតថា “គេមុខជានឹងគោរពកោតខ្លាចកូនអញមិនខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា៖ «អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វាមត៌កនេះនឹងត្រូវបានមកយើងមិនខាន»។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឱ្យអ្នកផ្សេងទៀតដែលនឹងប្រគល់ផលជូនគាត់នៅរដូវទំពាំងបាយជូរទុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា៖ “ថ្មដែលពួកជាងសង់ផ្ទះបោះចោលបានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត”។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងក៏បានឃើញហើយស្ងើចសរសើរផង។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ? ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នាប្រគល់ទៅឱ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ»។
ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ ក៏ដឹងថាព្រះអង្គមានព្រះបន្ទូលសំដៅទៅលើពួកគេ។ គេនាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែគេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះយេស៊ូជាព្យាការីម្នាក់។