សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៩,៤-១០
ខ្ញុំដានីអែល ទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ហើយទទួលសារភាពចំពោះព្រះអង្គដូចតទៅ៖ “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្តមគួរស្ញែងខ្លាច! ព្រះអង្គតែងតែកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច ហើយមានព្រះហប្ញទ័យមេត្តាករុណាចំពោះអស់អ្នកដែល ស្រឡាញ់និងប្រតិបត្តិតាមព្រះបញ្ជារបស់ព្រះអង្គ!។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបប្រព្រឹត្ត ខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរប្រឆាំងព្រះអង្គ យើងខ្ញុំក៏បានងាកចេញពិវិន័យនិង ដំបូន្មានរបស់ព្រះអង្គ។ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្តាប់អស់លោកព្យាការីជាអ្នកបម្រើ របស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ ថ្វាយស្តេច ប្រាប់នាម៉ឺន ប្រាប់ បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត! រីឯយើងខ្ញុំសព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នក ក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយ គឺអ្នកដែលព្រះអង្គបានបណ្តេញឱ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។ បពិត្រព្រះអម្ចាស់! យើងខ្ញុំទាំងអស់គ្នា ទាំងស្តេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហប្ញទ័យអាណិតអាសូរ ហើយតែងតែលើកលែងទោសឱ្យយើងខ្ញុំជានិច្ច។ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ! យើងខ្ញុំក៏ពុំបានធ្វើតាមដំបូន្មានដែលព្រះអង្គប្រទានមកយើងខ្ញុំដោយសារអស់លោកព្យាការីជាអ្នបម្រើរបស់ព្រះអង្គឡើយ។
ទំនុកតម្កើងលេខ ៧៩ (៧៨), ៥.៨-៩.១១.១៣ បទពាក្យ ៧
៥ | ឱ! ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ | |
៨ | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំខុសឆ្គង | |
មេត្តាលើកលែងទោសកំហុសម្តង | អាណិតខ្ញុំផងដ្បិតលិចលង់ | ។ | |
៩ | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ | |
១១ | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮគ្រលួចគួរស្រណោះ | |
សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ | |
១៣ | ឯពួកយើងខ្ញុំដែលជារាស្ត្រ | ដូចចៀមទាំងអស់របស់ទ្រង់ | |
នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨
ប | បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណនិងជីវិត។ |
គ | ព្រះបន្ទូលព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
ប | បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណនិងជីវិត។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៣៦-៣៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហប្ញទ័យមេត្តាករុណា។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្តន្ទាទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃនោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូរណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឱ្យអ្នក តាមរង្វាល់ដែលអ្នកវាស់ឱ្យអ្នកដទៃ»។