អត្តបទ ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣

ថ្ងៃអាទិត្យទី ២ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកពីលោកអប្រាហាំ ជាបុព្វបុរសរបស់យើងខាងជំនឿ ព្រះជាម្ចាស់ត្រាស់ហៅយើងខ្ញុំដូចទ្រង់ត្រាស់ហៅលោកពីដើម។ ដោយព្រះអង្គមានព្រះបន្ទូលសន្យាមកលោកអប្រាហាំ ទ្រង់ក៏មានព្រះបន្ទូលសន្យាមកយើងផ្ទាល់ដែរ។ យើងក៏ត្រូវផ្ញើជីវិតទាំងស្រុងលើព្រះអង្គដែលយើងស្រឡាញ់លើសអ្វីៗទាំងអស់!
ថ្ងៃអាទិត្យនេះ យើងក៏នាំគ្នារំឭកអំពីព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ មុនពេលព្រះអង្គសោយទិវង្គតយ៉ាងសែនអាម៉ាស់។ ជំនឿធ្វើឱ្យយើងយល់អត្ថន័យអាថ៌កំបាំងនៃជីវិតរបស់ខ្លួន ជាពិសេសឱ្យយល់អំពីទុក្ខវេទនារបស់មនុស្ស។ យើងទទួលស្គាល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់មនុស្សគ្រប់ជាតិសាសន៍ ទាំងអ្នកមាន ទាំងអ្នកក្រ ដែលសុទ្ធតែជារូបតំណាងរបស់ព្រះជាម្ចាស់ក្នុងពិភពលោកនេះ។ យើងក៏យកចិត្តទុកដាក់បំបាត់មូលហេតុទាំងឡាយដែលបង្អាប់កិត្តិយសរបស់មនុស្សដែរ។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១២,១-៤ខ

នៅសម័យនោះ លោកអប្រាហាំរស់នៅក្នុងស្រុកកាល់ដេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរអ្នកចាកចេញពីស្រុកកំណើត ឃ្លាតចេញពីញាតិសសន្តាន ពីក្រុមគ្រួសារ​​​ឪពុកអ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។ យើងនឹងធ្វើឱ្យអ្នកបង្កើតបាន​ប្រជាជាតិមួយយ៉ាងធំ យើងក៏នឹងឱ្យពរអ្នកដែរ។ យើងនឹងធ្វើឱ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ អ្នកនឹងផ្តល់ពរដល់អ្នកដទៃ! យើងនឹង​ឱ្យពរដល់ជនទាំងឡាយដែលជូនពរអ្នក យើងក៏នឹងដាក់បណ្តាសាដល់អ្នកដែលដាក់បណ្តាសាអ្នកដែរ។ មនុស្សគ្រប់ជាតិសាសន៍​នៅលើផែនដីនឹងទទួលពរដោយសាអ្នក»។
លោកអប្រាហាំចេញពីដំណើរទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលោក​ឡុតក៏ចេញទៅជាមួយដែរ។

ទំនុកតម្កើងលេខ ៣៣(៣២),៤-៥.១៨-២០.២២ បទព្រហ្មគីតិ

ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហប្ញទ័យបវរករុណាល្អព្រះជាម្ចាស់
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
១៩ព្រះអង្គបានសង្គ្រោះឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណានៅក្នុងគ្រាដែលអត់ឃ្លាន
២០យើងសូមផ្ញើជីវិតលើព្រះពិតឥតខកខាន
ជាខែលដ៏ចំណានសង្គ្រោះប្រាណផុតភិតភ័យ
២២សូមព្រះជាអម្ចាស់សម្តែងព្រះទ័យវិសុទ្ធ
មេត្តាខ្ពស់បំផុតកាយជីវិតផ្ញើព្រះអង្គ

អត្ថបទទី ២៖ សូមថ្លែងលិខិតទី២របស់សន្តប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ១,៨-១០

ប្អូនជាទីស្រឡាញ់!
ប្អូនត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយពឹងផ្អែកលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺព្រះអង្គហ្នឹងហើយដែលបានសង្គ្រោះយើង និងត្រាស់ហៅយើងឱ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅ​យើង​ដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហប្ញទ័យប្រណីសន្តោសដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះ​គ្រីស្តយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ ឥឡូវនេះ ព្រះអង្គបានសម្តែងឱ្យយើងស្គាល់ព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ។ ព្រះគ្រីស្តបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រម​ទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ “អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!”។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,១-៩

ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនឡើងទៅលើភ្នំដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបី​នាក់ គឺព្រះភក្រ្តរបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ត្ររបស់ព្រះអង្គ​ត្រឡប់ជាមានពណ៌សដូចពន្លឺ។ សាវ័កទាំងបីបានឃើញលោកម៉ូសេ និងព្យាការីអេលី​សន្ទនាជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅ​ទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហប្ញទ័យ ទូលបង្គំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី» ។ កាលលោក​សិលាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់​តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់​របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!។ ក្រុមសាវ័កឮដូច្នោះ​ក៏នាំគ្នាក្រាបចុះ ដាក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ព្រះយេស៊ូយាងចូលទៅជិត​ដាក់ព្រះហស្តលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។ កាល​​ក្រុមសាវ័ក​ងើបមុខឡើង គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាន​នរណាឡើយ។
ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័កទាំងបីនាក់ ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឱ្យសោះ ត្រូវចាំ​រហូតដល់បុត្រមនុស្សមានជីវិតថ្មីសិន»។

Facebook
Twitter
LinkedIn