អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១១,៣២-៤០
តើខ្ញុំនិយាយអ្វីទៀតអំពីឥទ្ធិពលនៃជំនឿ? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកកេដូន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាមូអែល និងព្យាការីនានាទេ។ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យានឹងប្រទានឱ្យ បានបិទមាត់សិង្ហ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឱ្យខ្មាំងសត្រូវបាក់ទ័ព។ ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះមានជីវិតរស់ឡើយវិញ។ អ្នកខ្លះសុខចិត្តឱ្យគេធ្វើទារុណកម្មមិនព្រមឱ្យនរណាដោះលែងឡើយ ដើម្បីឱ្យបានជីវិតរស់ឡើងវិញ។ ជាព្រះអំណោយទានដ៏ប្រសើរជាង។ អ្នកខ្លះទៀតសុខចិត្តឱ្យគេចំអកឡកឡឺយ ឱ្យគេវាយដំ ហើយថែមទាំងឱ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផល។ អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេយករណាងារសម្លាប់ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្តែតពីកន្លែងមួយទៅកន្លែងមួយមានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបទៀតផង។ លោកីយ៍ពុំសក្តិសមនឹងឱ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះគេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមល្អាងភ្នំ។ ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អព្រោះតែជំនឿរបស់ខ្លួនក៏ដោយ ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះឱ្យបានគ្រប់លក្ខណ៍មុនយើងឡើយ។
ទំនុកតម្កើងលេខ ៣១ (៣០),២០-២៥ បទកាកគតិ
២០ | បពិត្រព្រះម្ចាស់ | ព្រះទ័យសន្តោស | វិសេសថ្កើងថ្កាន |
ដល់អ្នកគោរព | កោតខ្លាចគ្រប់ប្រាណ | មិនដែលរំខាន | |
អ្នកជ្រកជាមួយ | ។ | ||
២១ | ព្រះអង្គទ្រង់លាក់ | គេនៅក្បែរភក្រ្ត | ឱ្យផុតពីព្រួយ |
ពីមនុស្សទុច្ចរិត | ព្រះអង្គតែតែងជួយ | ឱ្យនៅជាមួយ | |
ក្នុងព្រះពន្លា | ។ | ||
២២ | សូមលើកតម្លើង | សិរីរុងរឿង | ពេលដែលបច្ចា |
ឡោមព័ទ្ធរូបខ្ញុំ | ច្រើនឥតឧបមា | ហប្ញទ័យមេត្តា | |
អស្ចារ្យពេក្រី | ។ | ||
២៣ | ពេលខ្ញុំខ្វល់ចិត្ត | វិលវល់គំនិត | ជួបទូក្ខគ្រោះភ័យ |
ខ្ញុំនឹងស្មានថា | ទ្រង់លែងប្រណី | តែពេលខ្ញុំស្តី | |
ទ្រង់ស្តាប់ពាក្យខ្ញុំ | ។ | ||
២៤ | សូមឱ្យអស់អ្នក | គោរពស្មោះស្ម័គ្រ | ព្រះម្ចាស់ជាធំ |
នាំគ្នាស្រឡាញ់ | ព្រះខ្ពស់ឧត្តម | ការពារឧបត្ថម្ភ | |
រក្សាអ្នកជឿ | ។ | ||
តែព្រះអង្គដាក់ | ទោសតឹងដល់ថ្នាក់ | អ្នកគ្មានជំនឿ | |
មនុស្សព្រហើន | កាចកោងមិនជឿ | អ្នកគ្មានជំនឿ | |
ព្រះអង្គផ្ដន្ទា | ។ | ||
២៥ | អស់អ្នកទុកចិត្ដ | សង្ឃឹមស្មោះពិត | ព្រះម្ចាស់លោកកា |
ចូរមានកម្លាំ | ទឹកចិត្ដហានក្លា | នោះព្រះមុខជា | |
ការពារសុខសាន្ដ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ លូកា ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្តមម្នាក់បានកើតឡើងនៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,១-២០
ព្រះយេស៊ូ និងសាវ័កទៅដល់ត្រើយម្ខាងក្នុងតំបន់កេរ៉ាសា។ កាលព្រះអង្គយាងឡើងពីទូកភ្លាម មានបុរសខ្មោចចូលម្នាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់ មកចងក៏មិនជាប់ដែរ។ គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះបានជានិច្ច គ្មាននរណាអាចបង្រ្កាបគាត់បានឡើយ។ គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីដល់ទូលបង្គំ? ទូលបង្គំសូមអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី!»។ ខ្មោចនិយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎! ខ្មោចបិសាច! ចូរចេញពីអ្នកនេះទៅ!»។ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅខ្មោចថា៖ «ឯងឈ្មោះអ្វី?»។ ខ្មោចទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ វាទទូចអង្វរ សូមកុំឱ្យព្រះអង្គបណ្តេញពួកវាចេញពីស្រុកនោះ។ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅតាមចង្កេះភ្នំ។ ពួកខ្មោចអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ព្រះយេស៊ូក៏យល់ព្រម ខ្មោចចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ។ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលមានខ្មោចកងទ័ពចូលកាលពីមុន អង្គុយមានសម្លៀកបំពាក់ហើយដឹងស្មារតីនោះ គេក៏កោតស្ញប់ស្ញែង។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកនាំគ្នារៀបរាប់ប្រាប់គេអំពីហេតុការណ៍ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ គេទូលអង្វរព្រះយេស៊ូឱ្យចាកចេញពីស្រុកភូមិរបស់គេ។ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលខ្មោចចូលពីមុនអង្វរសុំនៅជាមួយព្រះអង្គ។ ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់បានអាណិតអាសូរប្រោសដល់អ្នក»។ បុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់ឱ្យប្រជាជនក្នុងស្រុកដេកាប៉ូលដឹងអំពីការទាំងអស់ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលឮពាក្យគាត់ក៏កោតស្ញប់ស្ញែងក្រៃលែង។