អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ២,៣៣; ១២-១៣
«អ្នកទាំងអស់គ្នាជាមនុស្សទន់ទាបនៅក្នុងស្រុកអើយ! អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គ ដូច្នេះ ចូរស្វែងរកព្រះអម្ចាស់ទៅ។ ចូរស្វែងរកសេចក្តីសុចរិត ហើយបន្ទាបខ្លួន នោះប្រហែលជាអ្នករាល់គ្នាបានរួចជីវិតនៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
យើងនឹងទុកប្រជាជនមួយចំនួនដែលទន់ទាប ហើយក្រខ្សត់ឱ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើងដែលជាព្រះអម្ចាស់។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោត ទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
ទំនុកតម្កើងលេខ ១៤៦ (១៤៥), ៧-១០ បទពាក្យ ៧
៧ | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
តែទ្រង់ធ្វើឱ្យគម្រោងការ | ជនខូចពាលាវិនាសបង់ | ។ | |
១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ ករ ១,២៦-៣១
បងប្អូនជាទីស្រឡាញ់!
សូមគិតមើលចុះ! បងប្អូនជាមនុស្សបែបណា បានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថា លេលាឱ្យមកផ្ចាញ់ពួកអ្នកប្រាជ្ញ។ ព្រះអង្គបានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ ឱ្យមកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឱ្យមាក់ងាយ ហើយគ្មានតម្លៃជាមនុស្ស ឱ្យមកផ្ចាញ់អ្នកដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ គឺព្រះអង្គហើយដែលបានប្រោសឱ្យបងប្អូនមានតម្លៃជាមនុស្សថ្លៃថ្នូរ។ ដូច្នេះ គ្មាននរណា ម្នាក់អាចអួតអាងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់បានឡើយ។ បងប្អូនចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ហើយព្រះជាម្ចាស់បានចាត់ព្រះគ្រីស្តឱ្យទៅជាប្រាជ្ញារបស់យើង ប្រោសយើងបានទៅជាសុចរិត បានវិសុទ្ធ និងលោះយើងឱ្យមានសេរីភាព។ ដូច្នេះ អ្នកណា ចង់អួតអាង ត្រូវអួតអាងតែអំពីកិច្ចការដែលព្រះអម្ចាស់បានប្រព្រឹត្ត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង! ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២
ព្រះយេស៊ូទតឃើញមហាជនដែលដើរតាមព្រះអង្គ។ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ អ្នកណាសោកសៅ អ្នកនោះមានសុភមង្គល! ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេនឹងទទួលទឹកដីទុកជាមត៌ក! អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ! ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេបានឆ្អែត! អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ! ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហប្ញទ័យមេត្តាករុណាដល់ពួកគេវិញ! អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់! អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ! ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រធីតារបស់ព្រះជាម្ចាស់! អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល! ដ្បិតគេបានទទួល ព្រះរាជ្យនៃស្ថានបរមសុខហើយ! ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ អ្នករាល់គ្នាមានសុភមង្គលហើយ!។ ចូរអរសប្បាយរីករាយឡើង! ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ»។