បុណ្យគោរព
សន្តប៉ូជាគ្រីស្ដទូត ប្រែចិត្ដគំនិតជឿលើព្រះយេស៊ូ
ពណ៌ស
ប្រហែលនៅគ.ស ៣៦ ព្រះយេស៊ូដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បង្ហាញសិរីរុងរឿងរបស់ព្រះអង្គឱ្យលោកសូលឃើញ។ លោកសូលជាសមាជិកគណៈផារីស៊ីដែលបៀតបៀនធ្វើបាប ចាប់ចងគ្រីស្តបរិស័ទ។ ក្រោយមក លោកទទួលភារកិច្ចប្រកាសដំណឹងល្អអំពីព្រះគ្រីស្តឱ្យមនុស្សគ្រប់ជាតិសាសន៍ គឺព្រះអង្គជាព្រះសង្គ្រោះទាំងជនជាតិយូដា ទាំងជនជាតិដទៃដែរ។ ព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យទៅជាមហាគ្រួសារតែមួយ។ គ្រីស្តទូតក៏មានមុខងារ និងភារកិច្ចបង្រួបបង្រួមមនុស្សទាំងអស់ឱ្យទៅជាធ្លុងតែមួយដែរ ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១១-១៨
តាមសម្ពន្ធមេត្រីចាស់ បូជាចារ្យគ្រប់ៗរូបតែងតែឈរក្នុងព្រះវិហារដើម្បីបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយដើម្បីថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំដែលអាចដកបាបបានសោះ។ រីឯព្រះយេស៊ូគ្រីស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្តាំព្រះជាម្ចាស់រហូតតទៅ។ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គឱ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឱ្យអស់អ្នកដែលទ្រង់បានប្រោសឱ្យវិសុទ្ធហើយនោះបានគ្រប់លក្ខណ៍រហូតតទៅ។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ទ្រង់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា “លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយគេដូចតទៅ” យើងនឹងដាក់វិន័យរបស់យើងទាំងប៉ុន្មានក្នុងចិត្តរបស់ពួកគេ យើងនឹងចារវិន័យទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ”»។ បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ ហើយយើងក៏មិននឹកនាអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ»។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឱ្យរួចពីបាបទៀតឡើយ។
ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ
១ | ព្រះអម្ចាស់មាន | បន្ទូលមកកាន់ | ព្រះរាជាខ្ញុំ |
ថាសូមអញ្ជើញ | អង្គុយខាងស្តាំ | កុំនៅសំងំ | |
ចាំយើងចាត់ចែង | ។ | ||
ទម្រាំដល់យើង | បង្រ្កាបពួកខ្មាំង | ចិត្តធំឥតក្រែង | |
យើងដាក់វានៅ | ក្រោមជើងព្រះស្តែង | ទោះវាស្រែកក្តែង | |
អ្នកកុំខ្វល់ខ្វាយ | ។ | ||
២ | សូមព្រះប្រទាន | ព្រះករុណាបាន | លាតសន្ធឹងឆ្ងាយ |
ព្រះរាជ្យព្រះអង្គ | ពីស៊ីយ៉ូននាយ | តទៅអន្លាយ | |
បង្រ្កាបលើខ្មាំង | ។ | ||
៣ | ថ្ងៃព្រះករុណា | កេណ្ឌទ័ពនោះណា | ប្រជាទូទាំង |
រួមនិងយុវជន | ស្ម័គ្រស្មោះទៅច្បាំង | ដូចសន្សើមខ្លាំង | |
ធ្លាក់ចុះរាល់ថ្ងៃ | ។ | ||
៤ | ព្រះអម្ចាស់មាន | បន្ទូលថ្កើងថ្កាន | សន្យាថ្លាថ្លៃ |
លោកបូជាចារ្យ | ជាអចិន្រ្តៃយ៍ | យកតាមនិស្ស័យ | |
មែលគីសេដែក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១១
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានព្រោះព្រះបន្ទូលរបស់ព្រះអង្គក្នុងដួងចិត្តយើង។ អ្នកទទួលព្រះបន្ទូលនេះ និងធ្វើឱ្យព្រះបន្ទូលនេះបង្កើតផល ពិតជាមានសុភមង្គល!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,១-២០
ព្រះយេស៊ូចាប់ផ្តើមបង្រៀនបណ្តាជននៅតាមឆ្នេរសមុទ្រម្តងទៀត។ មានបណ្តាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នងទូកមួយនៅក្បែរមាត់ច្រាំង ឯបណ្តាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាមកបង្រៀនគេអំពីសេចក្តីជាច្រើន។ ព្រះអង្គប្រង្រៀនគេថា៖ «ចូរស្តាប់! អ្នកសាបព្រោះចេញទៅព្រោះស្រូវពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ លុះដល់ថ្ងៃក្តៅ ពន្លកដែលដុះឡើងនោះក៏ក្រៀមស្វិតអស់ ព្រោះប្ញសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាក៏ដុះឡើងរួមរឹតស្រូវមិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជនោះក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសាវ័កទាំងដប់ពីរនាក់ទូលសួរព្រះអង្គអំពីពាក្យប្រាស្នាទាំងនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្តីទាំងអស់ជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្តាប់ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឱ្យគេ»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្តេចនឹងឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!»។ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល។ អ្នកខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្តាប់ព្រះបន្ទូលហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេភ្លាម។ អ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មដូច្នោះដែរ កាលបានស្តាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូលចាក់ប្ញសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ អ្នកខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតនៅក្នុងលោក ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗរឹបរួតព្រះបន្ទូលមិនឱ្យបង្កើតផលបានឡើយ។ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្តាប់ព្រះបន្ទូលហើយ គេក៏ទទួលយក ហើយបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។